ព័ត៌មាន
ប្រទេសជប៉ុន និងប្រធានអាស៊ាន ប្រកាសបន្តជួយសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី
ប្រទេសហ្វីលីពីនក្នុងតួនាទីជាប្រធានអាស៊ាន បានប្រកាសថា ខ្លួននឹងបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងការទូតក្នុងតំបន់ ដើម្បីរក្សាបទឈប់បាញ់ គាំទ្រដល់ជនស៊ីវិល និងជំរុញការស្វែងរកដំណោះស្រាយដោយសន្តិវិធីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ខណៈប្រទេសជប៉ុនបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា និងគាំទ្រក្រុមអ្នកសង្កេតការអាស៊ាន (AOT)។
កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្របសម្រួលដឹកនាំ អង្គទូតមកពីប្រទេសចំនួន ២១ និងភ្នាក់ងារអង្គការសហប្រជាជាតិ ចុះពិនិត្យមើលដោយផ្ទាល់នូវស្ថានការណ៍រស់នៅរបស់ជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពក្នុងខេត្តបន្ទាយមានជ័យ និងទីតាំងយោធាថៃដាក់ទូរកុងតឺន័រ និងបន្លាលួសមកលើទឹកដីកម្ពុជា។
ក្នុងឱកាសនោះ លោកស្រី Flerida Ann Camille Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់អំពីសារសំខាន់របស់ប្រទេសហ្វីលីពីនក្នុងនាមជាប្រធានអាស៊ានថា ហ្វីលីពីននឹងបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងការទូតក្នុងតំបន់ដើម្បីរក្សាបទឈប់បាញ់រវាងកម្ពុជា និងថៃ និងគាំទ្រដល់ជនស៊ីវិល ជំរុញការស្វែងរកដំណោះស្រាយដោយសន្តិវិធីក្នុងជម្លោះព្រំដែនប្រទេសទាំងពីរ។
លោកស្រីឯកអគ្គរដ្ឋទូត បាន បន្ថែមថា ជាក់ស្ដែងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន ទៅកាន់តំបន់ព្រំដែននាពេលកន្លងទៅក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូលធាតុចូលពីភាគីទាំងពីរ និងពង្រឹងលក្ខខណ្ឌនៃឯកសារយោងសម្រាប់ក្រុមអ្នកសង្កេតការអាស៊ាន (AOT) លើការសម្របសម្រួលដើម្បីដោះស្រាយបញ្ហាជម្លោះកម្ពុជា និងថៃផងដែរ។
ក្នុងដំណើរទស្សនកិច្ចផ្ទាល់ទៅកាន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលស្ថានភាពផ្ទាល់ករណីថៃឈ្លានពានចូលទឹកដីកម្ពុជា និងសួរសុខទុក្ខពលរដ្ឋភៀសសឹកនេះដែរ, លោក ម៉ាត្យឹដា ហ្ច៊ឹនសាគី (Matsuda Junsaku) ទីប្រឹក្សាស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានកោតសរសើរ និងគាំទ្ររដ្ឋាភិបាលកម្ពុជា ដែលបានខិតខំជួយប្រជាពលរដ្ឋភៀសសឹកបានយ៉ាងល្អ ហើយលោកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ជប៉ុនចំពោះជំនួយមនុស្សធម៌ដល់កម្ពុជា និងគាំទ្រក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
ដោយឡែក ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសំបែងវិញបានដោយសារថៃឈ្លានពាន បានបង្ហាញក្តីសង្ឃឹមថា ប្រធានអាស៊ាន និងបណ្តាអង្គទូតទាំងអស់នោះនឹងអាចជួយជំរុញឱ្យប្រទេសទាំង កម្ពុជា-ថៃ ជាពិសេសភាគីថៃឱ្យងាកមករកដំណោះតាមយន្តការវាស់វែងខណ្ឌសីមាដោយសន្ដិវិធី ដើម្បី ពួកគាត់អាចត្រឡប់ទៅភូមិឋានវិញបាន។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ជនភៀសសឹងមានចំនួន ៣ ៣០៤គ្រួសារ ដែលភាគច្រើនជាមនុស្សចាស និងកុមារ កំពុងរស់នៅក្នុងមណ្ឌលសុវត្ថិភាពក្នុងខេត្តបន្ទាយមានជ័យ។ ជនភៀសសឹកទាំងនោះ គឺជាប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលតំបន់ត្រូវបានយោធាថៃដាក់ទូរកុងតឺន័រ និងបន្លាលួយឃាំងមិនអាចឱ្យអ្នកភូមិចូលទៅលំនៅឋានបាន ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ខណៈក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៨ម៉ឺននាក់ ឬជិត៩០% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន ៦៦.៦២៨ នាក់ទៀត (ស្រី្ត៣៥.០៩៩នាក់ និងកុមារ២១.៩៧១នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយ។អត្ថបទ៖ ធូ វិរៈ








-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត