ព័ត៌មាន
ក្រសួងឧស្សាហកម្មបិទសន្និបាត និងដាក់ទិសដៅពង្រឹងស្ថាប័ន និងសមត្ថភាពផលិតក្នុងស្រុកដើម្បីគាំទ្រភាពធន់នៃសេដ្ឋកិច្ច
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបិទសន្និបាតប្រចាំឆ្នាំ ដោយផ្តោតអាទិភាពលើការពង្រឹងស្ថាប័នជាតិ ពង្រឹងសមត្ថភាពផលិតក្នុងស្រុក និងពន្លឿនកំណែទម្រង់ ដើម្បីគាំទ្រភាពធន់ និងសមត្ថភាពប្រកួតប្រជែងរយៈពេលវែងរបស់កម្ពុជា។
ថ្លែងក្នុងពិធីបិទសន្និបាត ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ក្នុងឆ្នាំ២០២៥ ក្រសួងសម្រេចបានសមិទ្ធផល និងវឌ្ឍនភាពជាច្រើន។ មូលដ្ឋានឧស្សាហកម្មកម្ពុជាបន្តរីកចម្រើន ដោយមានរោងចក្រធុនធំចំនួន ៣.០៨៣ កំពុងប្រតិបត្តិការនៅទូទាំងប្រទេស ផ្តល់ការងារជាង ១,២៦ លានកន្លែង ក្នុងនោះស្ត្រីជាង ៧១ ភាគរយ។ ការផ្គត់ផ្គង់ទឹកស្អាតសម្រេចបានកំណើនដល់ ១.៥៧១.៩៧៦ តំណ (កើនជាង ១៣១.០០០ តំណ ធៀបនឹងឆ្នាំ២០២៤) ជាមួយបណ្តាញចែកចាយសរុប ៤០.៥៦៥ គីឡូម៉ែត្រ និងបរិមាណផលិតនិងចែកចាយទឹកស្អាតសរុប ៥៥៦ លានម៉ែត្រគូប។
ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏មានវឌ្ឍនភាពជាបន្តបន្ទាប់។ គិតត្រឹមដំណាច់ឆ្នាំ២០២៥ មានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ២៧ម៉ឺន នាក់ បានចុះឈ្មោះលើថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ហើយអត្ថប្រយោជន៍ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីកសាងសេដ្ឋកិច្ចមួយដោយមិនទុកនរណាម្នាក់ចោល។
ឯកឧត្តម ហែម វណ្ណឌី ក៏បានរំលេចអំពីវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដោយ ក្នុងឆ្នាំ២០២៥ កម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការ ISO បន្ទាប់ពីរយៈពេល ៣៥ឆ្នាំ, ក្លាយជាសមាជិកសហការ (Associate Member) នៃគណៈកម្មការអេឡិចត្រូតិចនិកអន្តរជាតិ (IEC), និងជាស្ថាប័នបង្គោលរបស់កម្ពុជាសម្រាប់អង្គការស្តង់ដារអាហារ (Codex Alimentarius)។ ក្នុងឆ្នាំ២០២៥ កម្ពុជាក៏បានអនុម័តស្តង់ដាសុខុដុមនីយកម្មអាស៊ានចំនួន ១២៩ និងស្តង់ដាកម្ពុជាចំនួន ៨១ ដើម្បីលើកកម្ពស់ការត្រៀមលក្ខណៈសម្រាប់នាំចេញ និងអនុលោមតាមលក្ខខណ្ឌតម្រូវអន្តរជាតិ។
ឯកឧត្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការពង្រឹងសមត្ថភាពផលិតក្នុងស្រុក និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ដោយលើកឡើងថា៖ «ប្រទេសដែលមិនផលិត មិនអាចការពារភាពធន់របស់ខ្លួនបានទាំងស្រុងទេ។ ចលនាជាតិគាំទ្រផលិតផលខ្មែរជាកាលានុវត្តភាពយុទ្ធសាស្ត្រ សម្រាប់ពន្លឿនសមត្ថភាពផលិតក្នុងស្រុក ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងធានាឱ្យបានថាម្ចាស់អាជីវកម្មកម្ពុជា អាចឈរជើងប្រកួតប្រជែងបាន និងមានលទ្ធភាពពង្រីកខ្លួនសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស»។
សម្រាប់ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ទិសដៅអាទិភាពលើការត្រៀមខ្លួនសម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច ដែលប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនឹងថមថយ អនុលោមភាពនឹងកាន់តែតឹងរឹង លក្ខខណ្ឌតម្រូវឱ្យប្រើវត្ថុធាតុដើមក្នុងស្រុកសម្រាប់ការផលិតនឹងកាន់តែខ្ពស់ ហើយការអនុវត្តគោលការណ៍បរិស្ថាន-សង្គម-អភិបាលកិច្ច (ESG) នឹងក្លាយជាការរំពឹងទុករបស់ទីផ្សារ។
អាទិភាពរបស់ក្រសួងរួមមាន ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ពន្លឿនការចាប់យកឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យម ពង្រីកការផ្គត់ផ្គង់ទឹកស្អាត ពង្រឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទំនើបកម្មប្រព័ន្ធផ្តល់សេវាសាធារណៈ និងលើកកម្ពស់ប្រសិទ្ធភាពស្ថាប័ន។
ឯកឧត្តមបានបន្ថែមថា៖ “ពិភពលោកកាន់តែពោរពេញដោយភាពមិនប្រាកដប្រជា។ យើងត្រូវប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព និងបន្តកសាងស្ថាប័នរឹងមាំដែលអាចផ្តល់លទ្ធផលជាក់ស្តែងជូនជាតិ និងប្រជាជន។”
អង្គសន្និបាតត្រូវបានបិទបញ្ចប់ ជាមួយនឹងការប្តេជ្ញាចិត្តមុតមាំ ក្នុងការបន្តកំណែទម្រង់ ពង្រីកកិច្ចសហប្រតិបត្តិការ និងពង្រឹងស្ថាប័នជាតិ ដើម្បីការពារភាពធន់សេដ្ឋកិច្ច និងគាំទ្រកំណើនរយៈពេលវែងរបស់កម្ពុជា ក្នុងបរិបទសកលដែលកាន់តែពិបាកប៉ាន់ស្មាន៕









-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត