ព័ត៌មាន
CMAC កំពុងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះទុកពីសង្គ្រាម
ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បាន និងកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុង ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សង្គ្រោះ និងការពារអាយុជីវិតប្រជាពលរដ្ឋ។ នេះបើតាមសំណេរនៅក្នុងទំព័រហ្វេសប៊ុករបស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកCMAC ដែលបានបង្ហោះសារ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ នេះ ដែលជាថ្ងៃខួបលើកទី២៧ នៃ ទិវាជាតិយល់ដឹងពីមីន។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកCMAC បានលើកឡើងថា ទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ គឺជាព្រឹត្តិការណ៍សំខាន់របស់ប្រទេសកម្ពុជា ដើម្បីរំលឹកពីគ្រោះថ្នាក់ បង្កឡើងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជំរុញការអប់រំដល់ប្រជាពលរដ្ឋរស់នៅតំបន់ ងាយរងគ្រោះ និងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ គោលបំណងសំខាន់ គឺលើកកម្ពស់ សុវត្ថិភាពសហគមន៍ តាមរយៈការផ្សព្វផ្សាយអប់រំយល់ដឹងពីមីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះ កាត់បន្ថយគ្រោះ ថ្នាក់ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ឯកឧត្តម បានបញ្ជាក់ថា រយៈពេល៣៤ឆ្នាំកន្លងមកនេះ កម្ពុជាបានឆ្លងកាត់ដំណើរដ៏វែងឆ្ងាយ ក្នុងការប្រយុទ្ធប្រឆាំង និងបោសសម្អាតគ្រាប់មីន ព្រមទាំងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានបន្សល់ ទុកផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្ស និងការអភិវឌ្ឍសង្គមជាតិ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិ បាល និងការខិតខំរួមគ្នារបស់ដៃគូអភិវឌ្ឍន៍ កម្ពុជាបានសម្រេចលទ្ធផលគួរឲ្យកត់សម្គាល់ក្នុងការកាត់ បន្ថយគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។
ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា អង្គភាពCMAC បាននិងកំពុងបន្តដើរតួនាទីស្នូលយ៉ាងសំខាន់ ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សង្គ្រោះនិងការពារអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងផ្តល់ដីមានសុវត្ថិភាពជូនសហគមន៍សម្រាប់ធ្វើកសិកម្ម សាងសង់លំនៅឋាន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ ជាពិសេសក្នុងបេសកកម្មបោសសម្អាតគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាមសៀមឈ្លានពានដែលជាបន្ទុកថ្មីបន្ថែមទៀត សម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាត្រូវប្រឈមមុខដោះស្រាយទាំងក្នុងដំណាក់កាលចំពោះមុខនិងអនាគតវែងឆ្ងាយបន្តទៀត។
គួរបញ្ជាក់ដែរថា ទិវាជាតិយល់ដឹងពីមីន ២៤ កុម្ភៈ ឆ្នាំ២០២៦ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព»។
អត្ថបទ៖ ទូច សោភ័ណ



-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត