ព័ត៌មាន
ត្រឹមឆ្នាំ២០២៥ អ្នកមានការងារធ្វើនៅកម្ពុជាសរុបជាង ១០លាននាក់ កើនឡើងប្រមាណ ៨០ម៉ឺននាក់បើធៀបនឹងឆ្នាំ២០២៤
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ ចំនួនអ្នកមានការងារធ្វើក្នុងប្រទេសកើនដល់ប្រមាណ ១០,៧លាននាក់ ឬកើនឡើងជាងប្រមាណ ៨០ម៉ឺននាក់ ប្រៀបធៀបទៅនឹងឆ្នាំ២០២៤កន្លងទៅ។
លើកឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈនេះ, ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ក្នុងចំណោមអ្នកមានការងារធ្វើទាំង ១០,៧លាននាក់នេះ ក្នុងនោះមានវិស័យសំខាន់ៗចំនួន៣ ដូចជាវិស័យកសិកម្ម ចំនួន ២,៨ លាននាក់ វិស័យឧស្សាហកម្ម ៣ លាននាក់ និងវិស័យសេវាកម្មចំនួន ៤,៩ លាននាក់។
ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងបន្តថា ពាក់ព័ន្ធវិស័យការងារនេះដែរ ដូចដឹងហើយថា បើទោះបីជាកម្ពុជារងសម្ពាធនូវភាពមិនប្រាកដប្រជាជាសាកល ហើយជាអកុសលដែលកម្ពុជារងការឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យភាពប្រទេសកម្ពុជា ហើយធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់ព្រំដែន ក៏ដូចជាបងប្អូនដែលធ្លាប់តែធ្វើការងារនៅប្រទេសថៃរងនូវផលប៉ះពាល់ក៏ដោយ ក៏ប៉ុន្តែបើក្រឡេកមើលជារួមនៃកំណើនទុនវិនិយោគកំណើនក្រុមហ៊ុន កំណើនរោងចក្រ កំណើនការងារ គឺឃើញថាសេដ្ឋកិច្ច មុខរបរ និងការងាររបស់កម្ពុជា គឺនៅមានភាពរឹងមាំ ហើយដែលភាពរឹងមាំទាំងអស់នេះ គឺកើតចេញពីគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានធ្វើកំណែទម្រង់គ្រប់ការដ្ឋានទាំងអស់ ដែលធ្វើឱ្យបរិយាកាសវិនិយោគគឺមានភាពងាយស្រួលជាងមុន។
សូមម្រាបជូនថា សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងការងារ និងបណ្តុះបណ្តាល មានរយៈពេល២ថ្ងៃ ថ្ងៃទី២៦ និង២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យវាយតម្លៃអំពីវឌ្ឍនភាពការងារ និងសមិទ្ធផលការងារសម្រេចបានឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ដើម្បីស្វែងយល់ស៊ីជម្រៅអំពីបញ្ហាប្រឈម និងដំណោះស្រាយជាយុទ្ធសាស្រ្ត សំដៅពង្រឹង និងពង្រីកការអនុវត្តវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់ថែមទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត