ព័ត៌មាន
«អង្គការហេឡែន ខេលល័រ អន្តរជាតិ បេ្តជ្ញាបន្តសហការជាមួយកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់អាហារូបត្ថម្ភ និងសន្តិសុខស្បៀង»
នារសៀលថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការហេឡែន ខេលល័រ អន្តរជាតិ (Helen Keller International) ដឹកនាំដោយលោកវេជ្ជបណ្ឌិត Shawn Baker អនុប្រធានអង្គការហេឡែន ខេលល័រ អន្តរជាតិ ប្រចាំទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ក្នុងឱកាសជំនួបនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងសុខាភិបាល និងអង្គការហេឡែន ខេលល័រ អន្តរជាតិ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់អាហារូបត្ថម្ភ និងសន្តិសុខស្បៀង ចាប់តាំងពីឆ្នាំ១៩៩២ រហូតមកដល់បច្ចុប្បន្ននេះ។
លោកវេជ្ជបណ្ឌិត Shawn Baker បានជម្រាបជូនអំពីបេសកកម្មរបស់អង្គការការហេឡែន ខេលល័រ អន្តរជាតិ គឺជួយសង្គ្រោះ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនងាយរងគ្រោះទូទាំងពិភពលោក តាមរយៈការការពារ និងប្រយុទ្ធប្រឆាំងផលវិបាកដែលបណ្តាលមកពីភាពពិការភ្នែក សុខភាពមិនល្អ និងកង្វះអាហារូបត្ថម្ភ ដោយអនុវត្តគម្រោងអន្តរាគមន៍ផ្អែកលើភស្តុតាង និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ ដើម្បីសម្រេចបាននូវ បេសកកម្មនេះ អង្គការការហេឡែន ខេលល័រ អន្តរជាតិ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយ រដ្ឋាភិបាលនានា ក្នុងការកសាង និងពង្រឹងសមត្ថភាពប្រព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន សង្គមស៊ីវិល និងវិស័យឯកជន ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍកម្មវិធីអន្តរាគមន៍ទ្រង់ទ្រាយធំ ដែលមាននិរន្តរភាព និងភាពធន់ខ្ពស់ ដើម្បីផ្តល់សេវាការពារ និងព្យាបាលសុខភាពភ្នែក និងបញ្ហាកង្វះអាហារូបត្ថម្ភប្រកបដោយប្រសិទ្ធភាព។
ជាទិសដៅបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងស្នើឱ្យអង្គការការហេឡែន ខេលល័រ អន្តរជាតិ បន្តពង្រឹងកិច្ចសហការឱ្យកាន់តែស៊ីជម្រៅជាមួយអង្គភាពជំនាញសំខាន់ៗ នៃក្រសួងសុខាភិបាល រួមមាន មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព នាយកដ្ឋានការពារសុខភាព និងនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC)។
ជំនួបនេះបានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា ដោយភាគីទាំងពីរបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីធានាឱ្យបាននូវសេវាសុខភាពដែលមានគុណភាព សមធម៌ និងប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ រដ្ឋា
















-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត