ព័ត៌មាន
ប្រធានក្រុមចលនាស្ត្រីខេត្តព្រះវិហារ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយលើកទឹកចិត្តដល់កងទ័ពការពារព្រំដែន ក្នុងខេត្តព្រះវិហារ
ព្រះវិហារ៖ ក្នុងស្មារតីសាមគ្គីជាតិ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដី នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ខូយ ប៊ុនថាន ប្រធានក្រុមចលនាស្ត្រីខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ជូនដល់កងទ័ពសមរភូមិមុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។
ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវប្រធានក្រុមចលនាស្ត្រី បានសម្តែងនូវការកោតសរសើរ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ពនៃយើង មិនថាវីរយុទ្ធជនឬវីរនារី ដែលបានលះបង់ទាំងស្មារតី និងអាយុជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី។
លោកជំទាវថ្លែងថា អំណោយដែលបាននាំយកមកប្រគល់ជូននាពេលនេះ រួមមាន គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន គឺជាសទ្ធាជ្រះថ្លាផ្ទាល់របស់លោកជំទាវប្រធាន រួមជាមួយក្រុមចលនាស្ត្រីសាលាខេត្តព្រះវិហារ មន្ទីរព័ត៌មាន និងមន្ទីរផែនការខេត្ត។ ក្នុងនោះក៏មានទឹកពិសាបរិសុទ្ធចំនួន ៥០កេស ដែលជាអំណោយរបស់ លោកជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងព័ត៌មាន ព្រមទាំងសប្បុរសជននៅរាជធានីភ្នំពេញផងដែរ។
បន្ថែមពីនេះលោកជំទាវ និងសហការី ក៏បានរៀបចំជាកាដូពិសេសនូវ សំពតហូល និងសម្ភារៈប្រើប្រាស់ ជូនដល់កងទ័ពជាស្ត្រី ដើម្បីចូលរួមអបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា ដែលខិតជិតមកដល់ ក្នុងន័យលើកទឹកចិត្តដល់វីរនារីជួរមុខដែលបានលះបង់ក្តីសុខផ្ទាល់ខ្លួនដើម្បីជាតិមាតុភូមិ។
ទន្ទឹមនេះមេបញ្ជាការសមរភូមិមុខ បានសម្តែងនូវក្តីរីករាយ និងចាត់ទុកសកម្មភាពនៃការចុះសួរសុខទុក្ខ និងប្រគល់អំណោយនាពេលនេះថាជា សក្ខីភាពនៃភាពកក់ក្តៅ ដែលសមរភូមិក្រោយ តែងតែផ្តល់ឱ្យសមរភូមិមុខមិនដែលខាន។ លោកមេបញ្ជាការក៏បានកោតសរសើរចំពោះសកម្មភាពរបស់ក្រុមចលនាស្ត្រី និងជូនពរឱ្យចលនានេះបន្តរីកធំធាត់ ដើម្បីជាសសរទ្រូងក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់តួនាទីស្ត្រីក្នុងជួរកងទ័ព ក៏ដូចជាក្នុងសង្គមជាតិទាំងមូល។
















-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន22 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត