ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវឱ្យយុវជនបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម គាំទ្រផលិតផលក្នុងស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងអត្តសញ្ញាណជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលហៅកាត់ថា ស.ស.យ.ក.បានអំពាវនាវឱ្យយុវជនបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ស្ម័គ្រចិត្ត និងការគាំទ្រផលិតផលក្នុងស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងអត្តសញ្ញាណជាតិ ខណៈការអំពាវនាវនេះគឺបានធ្វើឡើងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជានៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

ក្នុងពិធីបិទសន្និបាតនោះ ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ក្នុងនាមជាកម្លាំងស្នូលសម្រាប់អនាគតជាតិ យុវជនត្រូវខិតខំអភិវឌ្ឍខ្លួន ឱ្យក្លាយជាអ្នកបង្កើតគុណតម្លៃថ្មីៗសម្រាប់សង្គម និងសេដ្ឋកិច្ច ដោយផ្សារភ្ជាប់ស្មារតីស្នេហាជាតិ ជំនាញវិជ្ជាជីវៈ និងនវានុវត្តន៍ជាដើម។

សូមបញ្ជាក់ថា សន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានវាយតម្លៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ សម្រេចបាន៨៥,៩៧% នៃផែនការសកម្មភាព ប្រចាំឆ្នាំ ល្អជាងឆ្នាំ២០២៤ ដែលសម្រេចបានត្រឹម៨១,៧៣%នោះ។ លទ្ធផលនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងជាក់ស្ដែងតាមរយៈសកម្មភាពសំខាន់ៗ ដូចជាការប្រមូលផ្ដុំ និងអភិវឌ្ឍសមត្ថភាពយុវជន ការលើកកម្ពស់សន្តិភាព និងស្មារតីស្នេហាជាតិ ការអភិវឌ្ឍជំនាញឆ្លើយតបទីផ្សារការងារ ការជំរុញសហគ្រិនភាព និងនវានុវត្តន៍ និងការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពឌីជីថល ដើម្បីការពារយុវជនពីហានិភ័យបទល្មើសបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយ។

សន្និបាត បានពិភាក្សា និងស្ដាប់បទបង្ហាញអំពីប្រធានបទយុទ្ធសាស្ត្រចំនួន៥ រួមមាន ១‑ការលើកកម្ពស់ការយល់ដឹងរបស់យុវជន ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២‑យុវជនក្នុងកាតព្វកិច្ចការពារជាតិ រក្សាសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញវឌ្ឍនភាពជាតិ ៣‑ការចូលរួមរបស់យុវជន ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកបង្ហាញអំពីមនសិការស្នេហាជាតិ ៤‑ការលើកកម្ពស់សមត្ថភាពសហគ្រិនភាពរបស់យុវជន និង៥‑ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងបណ្ដុះគំនិតនវានុវត្តន៍របស់យុវជន។ ប្រធានបទទាំងនេះបានផ្ដល់និយមន័យយ៉ាងច្បាស់ថា យុវជនជាកម្លាំងស្នូលសម្រាប់ការរក្សាស្ថិរភាពជាតិ និងជំរុញការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។

សម្រាប់ឆ្នាំ២០២៦ សន្និបាតប្ដេជ្ញាបន្តអនុវត្តទិសដៅជាយុទ្ធសាស្ត្រដោយផ្តោតលើ ១‑អនុវត្តភារកិច្ចទទួលខុសត្រូវឱ្យស្របតាមផែនការសកម្មភាពឆ្នាំ២០២៦ ព្រមទាំងស្របតាម បេសកកម្ម គោលបំណង និងផែនការយុទ្ធសាស្ត្រ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» របស់ ស.ស.យ.ក. ២‑ពង្រឹងសាមគ្គីភាពជាតិ និងស្មារតីស្នេហាជាតិ ដើម្បីធានាការពារសន្តិភាព និងអធិបតេយ្យភាពជាតិ ៣‑អភិវឌ្ឍធនធានមនុស្សយុវជន ឱ្យមានសមត្ថភាពប្រកួតប្រជែង ក្នុងសេដ្ឋកិច្ចឌីជីថលនិងសកលភាវូបនីយកម្ម ៤‑ជំរុញសហគ្រិនភាព និងនវានុវត្តន៍ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ច និងជំរុញកំណើនជាតិ ៥‑ពង្រឹងវិន័យ សីលធម៌ និងការគោរពច្បាប់ ដើម្បីកសាងសង្គមមានសុវត្ថិភាព និងសុចរិតភាព ៦‑លើកកម្ពស់សុវត្ថិភាពឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយទំនួលខុសត្រូវ និង៧‑ពង្រីកសកម្មភាពស្ម័គ្រចិត្ត និងគាំទ្រផលិតផលខ្មែរ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងមនសិការស្នេហាជាតិ៕ អត្ថបទ៖ បាន ចក់




-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត