ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អំណោយមនុស្សធម៌បន្ទាន់ដល់ប្រជាជនភៀសសឹក ៣០០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់ កាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ និងឈឺឆ្អាលជាទីបំផុតចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះអាសន្នភៀសសឹក នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៦ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ចែងក្រុមការងារថ្នាក់កណ្តាល ចុះជួយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋចំនួន ៣,០០០ គ្រួសារ នៅខេត្តបន្ទាយមានជ័យ។
បេសកកម្មមនុស្សធម៌នេះ ដឹកនាំដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ។
តាមរបាយការណ៍បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋទាំង ៣,០០០ គ្រួសារនេះ មកពីភូមិព្រៃចាន់ ភូមិជោគជ័យ និងភូមិចំនួន៦ ផ្សេងទៀត ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក។ ពួកគាត់ត្រូវបានបង្ខំចិត្តចាកចេញពីផ្ទះសម្បែង ដោយសារស្ថានភាព សន្តិសុខតាមព្រំដែន ក្រោយបទឈប់បាញ់ ដែលកងកម្លាំងប្រដាប់អាវុធថៃ នៅបន្តគ្រប់គ្រងតំបន់មួយចំនួន។ អ្វីដែលកាន់តែខ្លោចចិត្តនោះ គឺកាលពីប៉ុន្មានថ្ងៃមុន ភ្លៀងកក់ខែបានធ្លាក់យ៉ាងខ្លាំង បណ្តាលឱ្យជំរំស្នាក់នៅបណ្តោះអាសន្នត្រូវលិចលង់ បង្កជាការលំបាកទ្វេដងដល់ការរស់នៅ។ ជាក់ស្តែងថ្ងៃនេះ ក្រុមការងារបានបែងចែកជា៣ទីតាំងធំៗ ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលា៖ ទីតាំងទី១ មណ្ឌលសុវត្ថិភាពវត្តច័ន្ទស៊ី សាមគ្គីរតនារាម (៩៣១គ្រួសារ) ទីតាំងទី២វត្តពោធិ៍សូរិយារាម(៣៣៧ គ្រួសារ) ទីតាំងទី៣ សាលាបឋមសិក្សា តាយឹងព្រៃវែង (១,៧៣២គ្រួសារ)។
ក្នុងឱកាសនោះ ឯកឧត្តម យូ ឡាណា បានពាំនាំនូវព្រះរាជបណ្ដាំសួរសុខទុក្ខពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងប្រសាសន៍សួរសុខទុក្ខប្រកបដោយមេត្តាធម៌ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ហើយសម្តេចតែងតែតាមដានសុខទុក្ខបងប្អូន គ្រប់វិនាទី មិនឱ្យបងប្អូនណាម្នាក់នៅឯកោឡើយ។
ទន្ទឹមនឹងនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត លើសុខុមាលភាព ជាពិសេសស្ត្រីមានផ្ទៃពោះ និងកុមារតូចៗ។
សូមជម្រាបថាអំណោយដែលបានផ្តល់ជូននាពេលនេះ មួយគ្រួសារៗទទួលបាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ ១យួរ, ឆៃពៅ១កំប៉ុង។ គ្រឿងឧបភោគបរិភោគចាំបាច់ (ទឹកស៊ីអ៊ីវ, ទឹកត្រី, ប្រេងឆា)។ ឃីតមនុស្សធម៌ (សារុង, ក្រម៉ា, មុង, ភួយ) និងថវិកាមួយចំនួន។
ក្រៅពីប្រជាពលរដ្ឋ កាកបាទក្រហមកម្ពុជាក៏បានប្រគេនទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃចំនួន២វត្ត ដែលបានផ្តល់ទីវត្តអារាមជាជម្រកសុវត្ថិភាពផងដែរ។ តាមរយៈកែវភ្នែក និងសម្តីពោរពេញដោយក្តីរំភើប ប្រជាពលរដ្ឋភៀសសឹកបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ “អ្នកម្តាយមនុស្សធម៌” ដែលបានលូកដៃជួយសង្គ្រោះ ចំពេលដែលពួកគាត់កំពុងទាល់ច្រកបំផុត។
សកម្មភាពនាថ្ងៃនេះ មិនត្រឹមតែជាការផ្តល់ស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញនូវស្មារតីសាមគ្គីភាព “ខ្មែរជួយខ្មែរ” និងទឹកចិត្តមេត្តាករុណាដ៏មហាសាលរបស់ថ្នាក់ដឹកនាំ។ កាកបាទក្រហមកម្ពុជា នៅតែបន្តបេសកកម្មរបស់ខ្លួន ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបនឹងទទួលបានភាពកក់ក្តៅ និងក្តីសង្ឃឹមឡើងវិញ៕ អត្ថបទ៖ សំ ងីម












-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន22 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត