ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨
នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេស នៅសាលសន្និសីទចតុម្មុខ។

ក្នុងមតិស្វាគមន៍ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងនាមជាតំណាង់គណៈកម្មាធិការអន្តរក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រឹទ្ធាចារ្យ វីរសិល្បករ សិល្បការិនី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនីទាំងអស់ បានលើកឡើងថា ទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៦នេះ ប្រារព្ធឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ឆ្នាំនេះជាលើកទី២៨ ហើយ នៃការប្រារព្ធទិវាវប្បធម៌ជាតិ ហើយក៏ជាលើកទី៧ នៃការរៀបចំពិធីជួបជុំរវាងសិល្បករសិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធ មន្ត្រី បុគ្គលិករួម និងអ្នកបម្រើក្នុងវិស័យវប្បធម៌និងសិល្បៈ តាមរយៈគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន មគ្គុទ្ទេសក៍ឯកនៃវប្បធម៌ និងសន្តិភាពដែលជាគ្រឹះដ៏រឹងមាំរបស់កម្ពុជា។

លោកជំទាវបានបញ្ជាក់ថា ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលយើងបានបន្តអនុវត្តអស់រយៈពេលជាងមួយទសវត្សរ៍ (១១ឆ្នាំ) នេះពិតជាមានសារៈសំខាន់ខ្លាំងឡើងៗ នៅក្នុងបរិបទពិភពលោកបច្ចុប្បន្ន។ ជាការពិតណាស់ សព្វថ្ងៃយុវជន យើងកំពុងប្រឈមមុខនឹងឥទ្ធិពលដ៏ខ្លាំងក្លានៃចរន្តវប្បធម៌សកល ដែលហូរចូលមកយ៉ាងគំហុកតាមរយៈបច្ចេកវិទ្យាឌីជីថល។ យើងត្រូវតែទទួលស្គាល់ថា ការអភិវឌ្ឍនេះមានទាំងផលវិជ្ជមាននិងផលអវិជ្ជមាន។ ខណៈដែលយុវជនអាចរៀនសូត្រពីពិភពលោកបានយ៉ាងទូលំទូលាយ វប្បធម៌បរទេសក៏បាននិងកំពុង ជះឥទ្ធិពលលើអត្តសញ្ញាណជាតិរបស់យើងផងដែរ។ លោកជំទាវបណ្ឌិតសភាចារ្យ បានបន្ថែមថា ក្នុងនាមជាអ្នកបន្តវេន យុវជនមានតួនាទីយ៉ាងសំខាន់ ក្នុងការជ្រើសរើស ត្រងត្រាប់ និងកែច្នៃវប្បធម៌បរទេសឱ្យស្របតាមគន្លងវប្បធម៌ជាតិដ៏ថ្លៃថ្លារបស់យើង។ យើង ត្រូវលើកទឹកចិត្តយុវជនឱ្យចេះបែងចែករវាងការទទួលយកអ្វីដែលថ្មី និងការបាត់បង់អត្តសញ្ញាណដើមរបស់ខ្លួន។ យើងត្រូវរួមគ្នាបង្កើតបរិយាកាសមួយដែលយុវជនមានមោទនភាពចំពោះវប្បធម៌ខ្មែរ ហើយប្រើប្រាស់ជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការច្នៃប្រឌិតថ្មីៗ។

សូមជម្រាបថា ពិធីជួបជុំនៅពេលនេះ គឺជាការចូលរួមពីគ្រប់សមាសភាពនៃសង្គមជាតិយើង រួមមានតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) តំណាងអង្គការ សមាគមសិល្បៈវប្បធម៌ ព្រឹទ្ធាចារ្យមរតកមនុស្សរស់ វីរសិល្បករសិល្បការិនី ផ្នែកសូនរូប របាំ ល្ខោន ភ្លេង និពន្ធ និងអ្នកដឹកនាំរឿង ក្រុមសិល្បៈផ្នែកទស្សនីយភាព ក្រុមសិល្បៈសហគមន៍ ដោយរាប់បញ្ចូលទាំងក្រុមសិល្បៈ និងក្រុមយីកេជនជាតិដើមភាគតិចផងដែរ។ ដោយឡែកសិល្បករវិស័យឯកជនផ្នែកសូនរូប អ្នកនិពន្ធ បណ្ណារក្ស អ្នកអក្សរសាស្ត្រអក្សរសិល្ប៍ អង្គការ-សមាគម ដែលជាជ័យលាភីប្រឡងម្ហូបអាហារ ខ្លែងខ្មែរ សិប្បករជំនាញ សិល្បករក្រៅប្រព័ន្ធគ្រប់ទម្រង់ដែលមានផលិតករភាពយន្ត អ្នកនិពន្ធរឿង អ្នកថត សិល្បករសម្តែង អ្នកបញ្ចូលសម្លេង ពិធីករ ពិធីការិនី តំណាងអ្នកក្លឹបកាសែតកម្ពុជា បុគ្គលដែលមានឥទ្ធិពល ក្នុងបណ្តាញសង្គម ព្រមទាំងនិស្សិតជ័យលាភីប្រឡងគំនូរផ្សាយទិវាវប្បធម៌ ដែលមានសមាសភាពអ្នកចូលរួមប្រមាណ ៧០០នាក់៕







-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត