ព័ត៌មាន
សម្តេចធិបតី នាយករដ្ឋមន្រ្ដី៖ កម្ពុជាកំពុងលុបបំបាត់មជ្ឈមណ្ឌលឆបោកតាមអនឡាញ ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិន
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីយុទ្ធនាការលុបបំបាត់មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីផ្តល់នូវទំនុកចិត្ត និងសុវត្ថិភាពដល់វិនិយោគិននានា។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់អំពីការសម្រេច ផ្លាស់ប្តូរយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយទប់ស្កាត់លុបបំបាត់មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងវឌ្ឍនភាពលើវិស័យវិនិយោគ ដែលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ឃើញមានកំណើនជាច្រើន ក្នុងឆ្នាំ២០២៥កន្លងមកនេះ។

សម្ដេចធិបតីបានថ្លែងថា «រាជរដ្ឋាភិបាលបានផ្លាស់ប្ដូរយ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយជាតិ ក្នុងការទប់ស្កាត់ទៅជាការលុបបំបាត់ទាំងស្រុងនូវមជ្ឈមណ្ឌលឆបោកតាមអនឡាញ ឱ្យអស់ត្រឹមខែមេសា ឆ្នាំ២០២៦ខាងមុខនេះ ដើម្បីពង្រឹងវិធានការច្បាប់ និងអនុលោមភាពស្ថាប័ន និងការពារបន្ថែមទៀតនូវសុចរិតភាពក្នុងបរិយាកាសវិនិយោគ»។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារអន្តរក្រសួង ដែលមានសមាជិកជាង ១០០នាក់ មកពីក្រសួង ស្ថាប័ន ពាក់ព័ន្ធចំនួន ៣០ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា។ សម្ដេចធិបតីបានឱ្យដឹងថា ក្រុមការងារនេះ បានរៀបចំកម្មវិធីជំរុញការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ឆ្នាំ២០២៥-២០២៨ ដែលរាជរដ្ឋាភិបាលបានអនុម័តជាផ្លូវការកាលពីខែវិច្ឆិកាឆ្នាំ២០២៥កន្លងទៅ។
តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួនជាង៥០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។ សមត្ថកិច្ចបានបន្តសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យលើវត្ថុតាង និងស៊ើបអង្កេតប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន ដើម្បីឈានទៅវែកមុខក្រុមអង្គការចាត់ដែលបានយកកម្ពុជាធ្វើជាទីតាំងឆបោកទៅក្រៅប្រទេស។
ដោយឡែកនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យអគារ Diamond star ស្ថិតនៅលើផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយឃាត់ខ្លួនជនសង្ស័យ ដែលជាបុរសជនជាតិចិន៣នាក់ និងស្ត្រីខ្មែរ ៤នាក់ រួមទាំងវត្ថុតាង រួមមានៈ កុំព្យូទ័រ ALL IN ONE ចំនួន ២២គ្រឿង ទូរស័ព្ទដៃ ចំនួន ៣៨គ្រឿង Laptop ចំនួន ១គ្រឿងម៉ូនីទ័រ ចំនួន ១២គ្រឿង ក្បាល DVR ចំនួន ០១គ្រឿង លិខិតឆ្លងដែន ជនជាតិចិន ចំនួន ០៣ច្បាប់ ។
សមត្ថកិច្ចបានសន្និដ្ឋានថា ជាករណីលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams ក្រោមរូបភាពឆបោកបែបស្នេហា(Romance Scam) ឱ្យបង្កើតគណនី ដើម្បីជួញដូររូបិយប័ណ្ណអេឡិចត្រូនិច(Wallet) ដែលមានគោលដៅទៅកាន់ប្រទេសផ្សេងៗ និងលួងលោមអូសទាញលក់សេវាកម្មផ្លូវភេទ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ក្រុមការងារចម្រុះបានសម្រេចប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តស្រាវជ្រាវអនុវត្តតាមនីតិវិធី។
សូមបញ្ជាក់ថា សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕ អត្ថបទ៖ មុត សុទ្ធ

-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន21 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១