ព័ត៌មាន
កម្ពុជាក្លាយជាសមាជិកផ្លូវការ នៃអង្គការអន្តរជាតិ IOPS នៅទីក្រុងប៉ារីស
ភ្នំពេញ៖ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអន្តរជាតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនាមជាអាណាព្យាបាលបច្ចេកទេសរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ត្រូវបានគណៈកម្មាធិការប្រតិបត្តិរបស់អង្គការ IOPS ពិនិត្យ និងសម្រេចឱ្យចូលជាសមាជិកភាពជាផ្លូវការ (Governing Membership Status) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារំាង។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងនៅលើផេកផ្លូវការថា ពិធីនេះត្រូវបានរៀបចំឡើងក្នុងអំឡុងសប្តាហ៍ទីផ្សារហិរញ្ញវត្ថុរបស់អង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) នៅទីស្នាក់ការកណ្តាលនាទីក្រុងប៉ារីស ដោយមានការចូលរួមពីតំណាងស្ថាប័នជាសមាជិកមកពី ៧០ប្រទេស ជុំវិញពិភពលោក និងប្រតិភូសរុបប្រមាណ ៣០០នាក់។ សម្រាប់ប្រទេសកម្ពុជា ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ គួច សុមាន បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរួមគ្នារបស់ក្រុមការងារសម្រាប់កិច្ចការធានារ៉ាប់រង និងសោធននិវត្តន៍ (WPIP) និងអង្គការអន្តរជាតិសម្រាប់ស្ថាប័នត្រួតពិនិត្យសោធននិវត្តន៍ (IOPS)។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា សមិទ្ធផល នៃសមាជិកភាពនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធសន្តិសុខសង្គមឱ្យកាន់តែរឹងមាំ តាមរយៈការសិក្សាឈ្វេងយល់ពីបទពិសោធរបស់បណ្តាប្រទេសនានា រួមមានអភិបាលកិច្ចលើការគ្រប់គ្រង និងការបែងចែកការវិនិយោគមូលនិធិសន្តិសុខសង្គម ការផ្តល់អត្ថប្រយោជន៍ដល់សមាជិក និងជាពិសេសគឺការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនឱ្យមានប្រសិទ្ធភាព ស្របតាមបរិបទ នៃការវិវត្តសេដ្ឋកិច្ច និងសង្គមក្នុងតំបន់ ក៏ដូចជាពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានបន្ថែមថា នៅក្នុងដំណើរការ នៃកិច្ចប្រជុំនេះ ក្រុមការងារ WPIP និងអង្គការ IOPS បានពិភាក្សាយ៉ាងស៊ីជម្រៅលើការរៀបចំគោលនយោបាយ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងប្រាក់សោធនផ្អែកលើទ្រព្យសកម្ម ការធ្វើបច្ចុប្បន្នភាពលើការសិក្សាស្រាវជ្រាវ ការចែករំលែកបទពិសោធលើការអនុវត្តរបបភាគទានសន្តិសុខសង្គម រួមទាំងការដោះស្រាយបញ្ហាចាំបាច់នានាមុនពេលឈានដល់សន្និបាតបូកសរុបប្រចាំឆ្នាំ។
កិច្ចប្រជុំក៏បានពិនិត្យលើផែនការសម្រាប់ព្រឹត្តិការណ៍នាពេលអនាគតរវាងសមាជិករបស់អង្គការ IOPS និង OECD ដើម្បីបន្តជំរុញវិស័យសន្តិសុខសង្គមឱ្យកាន់តែមានការរីកចម្រើនជាលំដាប់ផងដែរ៕



-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត