ព័ត៌មាន
ឯកអគ្គរដ្ឋអូទ្រីសថ្មី ប្ដេជ្ញាចំពោះមុខសម្ដេចតេជោថានឹងខិតខំពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងអូទ្រីសឱ្យកាន់តែរីកចម្រើន
ភ្នំពេញ៖ លោកជំទាវ Katharina Wieser ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋអូទ្រីសប្រចាំនៅកម្ពុជា បានប្ដេជ្ញាចំពោះមុខ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដោយសន្យាខិតខំប្រឹងប្រែងក្នុងការពូនជ្រុំ នូវទំនាក់ទំនងរវាងកម្ពុជា និងអូទ្រីស ឱ្យកាន់តែរីកចម្រើន។ខណៈរយៈពេល ៧០ឆ្នាំកន្លងមកនេះប្រទេសទាំងពីរបានបង្កើតនូវទំនាក់ទំនងជាមួយគ្នាមានភាពល្អប្រសើរ ជឿជាក់គ្នាទៅវិញទៅមក។
លោកជំទាវ Katharina Wieser ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋអូទ្រីសប្រចាំនៅកម្ពុជា បានបង្ហាញនូវការប្ដេជ្ញាបែបនេះ ក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអនុញ្ញាតឱ្យចូលជួប និងប្រគល់សារតាំងនៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះសម្ដេចតេជោ បានសម្ដែងការស្វាគមន៍ចំពោះលោកជំទាវ ក្នុងដំណើរបំពេញបេសកកម្ម ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអូទ្រីសប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់លោកជំទាវ មកកាន់តំណែងជាឯកអគ្គរដ្ឋទូតនេះ គឺបញ្ជាក់យ៉ាងច្បាស់ថា អូទ្រីស បានផ្ដល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងអូទ្រីស។ សម្ដេចតេជោសង្ឃឹមថា ក្នុងបេសកកម្មរបស់លោកជំទាវ នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអូទ្រីសកាន់តែរីកចម្រើនបន្តទៀត។

នៅក្នុងជំនួបនេះ លោកជំទាវ Katharina WIESER បានសម្ដែងការអរគុណចំពោះ សម្ដេចតេជោ ដែលអនុញ្ញាតឱ្យលោកជំទាវ បានជួបសម្ដែងការគួរសម និងប្រគល់សារតាំងជូននាឱកាសនេះ ក្នុងបេសកកម្មរបស់លោកជំទាវ ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា។ លោកជំទាវ បានប្ដេជ្ញាចំពោះមុខសម្ដេចតេជោ ដោយខិតខំប្រឹងប្រែងក្នុងការពូនជ្រុំ នូវទំនាក់ទំនងរវាងកម្ពុជា និងអូទ្រីស ឱ្យកាន់តែរីកចម្រើន។លោកជំទាវបានលើកឡើងថា ក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ ពោលគឺចាប់តាំងពីឆ្នាំ១៩៥៦ មក ប្រទេសទាំងពីរបានបង្កើតនូវទំនាក់ទំនងជាមួយគ្នា ហើយទំនាក់ទំនងកន្លងមកនេះ គឺមានភាពល្អប្រសើរ ដោយភាគីទាំងពីរជឿជាក់គ្នាទៅវិញទៅមក ។
ក្នុងឱកាសនោះលោកជំទាវ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការបន្ថែម ទាំងនៅក្នុងក្របខណ្ឌនយោបាយ ជាពិសេស គឺក្របខណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ លោកជំទាវ នឹងខិតខំប្រឹងប្រែងក្នុងការជំរុញពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងអូទ្រីស ឱ្យកាន់តែមានការកើនឡើង។ លោកជំទាវបានបង្ហើបថា នៅពេលខាងមុខនឹងមានធុរជនរបស់អូទ្រីសប្រមាណ ១០ក្រុមហ៊ុន នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជាដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ ។
ជាការឆ្លើយតប សម្ដេចតេជោ បានពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវឯកអគ្គរដ្ឋទូតទាក់ទងនឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងអូទ្រីសដែលមានរយៈកាល ៧០ឆ្នាំ ដែលសម្ដេចតេជោ ចាត់ទុកថាជាទំនាក់ទំនងមួយដែលមានដំណើរដ៏វែងឆ្ងាយ ។
សម្ដេចតេជោបានឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់លោកជំទាវ ក្នុងការពង្រីកនូវពាណិជ្ជកម្មរវាងកម្ពុជា និងអូទ្រីសឱ្យកាន់តែមានការកើនឡើង ជាពិសេស គឺទាក់ទងទៅនឹងការវិនិយោគ ដែលសម្ដេចតេជោសាទរចំពោះគម្រោងធុរជនរបស់អូទ្រីសប្រមាណ១០ក្រុមហ៊ុន គ្រោងមកកាន់ប្រទេសកម្ពុជា នាពេលខាងមុខនោះ។
សម្ដេចតេជោសង្ឃឹមខ្ពស់ថា តាមរយៈធុរជន រួមទាំងតាមរយៈការប្ដេជ្ញាចិត្តរបស់លោកជំទាវ ក្នុងនាមជាឯកអគ្គរដ្ឋទូតថ្មីរបស់អូទ្រីសប្រចាំនៅកម្ពុជា នឹងញ៉ាំងឱ្យទំនាក់ទំនងផ្នែកនយោបាយ ជាពិសេស ទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ កាន់តែរីកចម្រើនបន្តទៀត។ នៅក្នុងឱកាសនោះ សម្ដេចតេជោ បានចែករំលែកទៅលើបញ្ហាប្រឈមដ៏ស្មុគស្មាញរបស់ពិភពលោក នាពេលបច្ចុប្បន្នជាមួយលោកជំទាវឯកអគ្គរដ្ឋទូតផងដែរ ហើយក៏ឆ្លៀតឱកាសពន្យល់អំពីស្ថានភាពនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដែលកើតឡើងកន្លងមក ហើយពេលនេះ ប្រទេសទាំងពីរកំពុងតែខិតខំប្រឹងប្រែងក្នុងការធ្វើយ៉ាងណា អនុវត្តនូវបទឈប់បាញ់ឱ្យបានល្អប្រសើរ ក្នុងការធានានូវស្ថិរភាពតាមព្រំដែន និងការដោះស្រាយបញ្ហាដោយផ្អែកទៅលើទិដ្ឋភាពច្បាប់ និងការចរចាគ្នា ។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យលោកជំទាវ បំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ៕
-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន21 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១