ព័ត៌មាន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី ជាអាទិភាព
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ត្រីគឺជាស្នូល។

តាមរយៈសារលិខិតសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នៅថ្ងៃអាទិត្យ ទី៨ ខែមីនា ឆ្នាំ២០២៦នេះ, សម្ដេចធិបតី និងភរិយា មានសេចក្តីរីករាយក្រៃលែងដែលបានចូលរួមជាមួយ បងប្អូនជនរួមជាតិ បងប្អូន កូនក្មួយនារីៗទូទាំងប្រទេស និងសហគមន៍អន្តរជាតិ ក្នុងឱកាសនៃការប្រារព្ធទិវាអន្តរជាតិឆ្នាំនេះ។ សម្ដេធិបតី មានប្រសាសន៍ថា ប្រធានបទឆ្នាំនេះរំលឹកយើងថា «សន្តិភាព និងសន្តិសុខ មិនត្រឹមតែជាវត្ថុបំណងនៃប្រជាជាតិមួយ ឬពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាជាតថភាពជាក់ស្តែង ដែលផ្តើមចេញពីផ្ទះរបស់យើង សហគមន៍ និងជីវិតប្រចាំថ្ងៃ របស់ស្ត្រី និងក្រុមគ្រួសារ»។
សម្ដេចធិបតីបានថ្លែងថា ទោះបីជាត្រូវប្រឈមនឹងការលំបាក និងឧបសគ្គទាំងកត្តាខាងក្នុង និងកត្តាខាងក្រៅយ៉ាងណាក្តី កម្ពុជារក្សាបាននូវសន្តិភាពក្នុងផ្ទៃប្រទេស ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលបានផ្តល់ភាពអនុគ្រោះដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងរក្សាលំនឹងនៃជីវភាពរបស់ប្រជាជន ជាក់ស្តែង ក្នុងឆ្នាំ២០២៥កន្លងទៅកម្ពុជាបានបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ជាមួយចក្ខុវិស័យច្បាស់លាស់ ការប្តេជ្ញាចិត្តមោះមុត ស្ថិរភាពនយោបាយ និងសន្តិសុខ ត្រូវបាន ការពារយ៉ាងរឹងមាំ លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋត្រូវបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរសេដ្ឋកិច្ចជាតិបន្តលូតលាស់ប្រកបដោយចីរភាព ជីវភាពប្រជាជនមានស្ថិរភាព កំណែទម្រង់នានាត្រូវបានអនុវត្តដោយឆន្ទៈមុតស្រួច និងប្រសិទ្ធភាព ប្រព័ន្ធគាំពារសង្គមកាន់តែត្រូវបានអភិវឌ្ឍប្រកបដោយគុណភាព។
សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា៖«រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ត្រីគឺជាស្នូល»។
សម្ដេចបានបន្តថា រាជរដ្ឋាភិបាលបានបន្តបង្កើនការវិនិយោគលើសមភាពយេនឌ័រ និងបង្កើនភាព អង់អាចដល់ស្ត្រីនិងក្មេងស្រីនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយក អត្ថប្រយោជន៍ពីភាគលាភយេនឌ័រ ការបង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិក្នុងការសម្រេចចិត្ត លើផែនការគ្រួសារ ការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការលើកកម្ពស់ ទំនាក់ទំនងអន្តរជំនាន់។
សម្ដេចនាយករដ្ឋមន្រ្ដីបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់យ៉ាងមុតមាំថាស្ត្រីមិនត្រឹមតែជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភ្នាក់ងារដ៏ចាំបាច់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួម ចំណែកកសាង និងថែរក្សាសុខសន្តិភាព រាប់ចាប់តាំងពីគ្រួសារ សហគមន៍ និងសង្គមជាតិ ព្រមទាំងនៅលើឆាក អន្តរជាតិផងដែរ។ សម្ដេចបានគូសបញ្ជាក់ថា កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេស ចំនួន១០ បើគិតចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនកងកម្លាំងសរុប ១០ ៤៤៧នាក់ ក្នុងនោះស្ត្រី មានចំនួន ៩៩០នាក់។
ការណ៍នេះក៏ឆ្លើយតបទៅនឹងក្របខ័ណ្ឌសកលស្តីពីរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ របស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ លេខ១៣២៥ ដែលរំលេចពីតួនាទីដ៏សំខាន់របស់ស្ត្រី និងក្មេងស្រី ក្នុងការចូលរួម កសាង ការពារសន្តិភាព និងសន្តិសុខ តាមរយៈការចូលរួមបង្ការ ទប់ស្កាត់ជម្លោះ ការកសាងសន្តិភាព ព្រមទាំង ការស្តារឡើងវិញក្រោយជម្លោះ។ ជាសក្ខីភាព កម្ពុជាបានក្លាយជាអ្នកនាំមុខនៅក្នុងតំបន់ក្នុងការលើកកម្ពស់ការអនុវត្ត របៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ ដោយកាលពីឆ្នាំ២០២២កន្លងទៅ ប្រទេសកម្ពុជា តាមរយៈក្រសួងកិច្ចការនារី បានដឹកនាំរៀបចំផែនការសកម្មភាពតំបន់អាស៊ានស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំ កំពូលអាស៊ាន ហើយកម្ពុជាកំពុងដើរតួនាទីជាប្រធានក្រុមប្រឹក្សាអាស៊ាន ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ក្នុង ការតាមដាន និងជំរុញការអនុវត្តផែនការនេះផងដែរ៕





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់