ព័ត៌មាន
មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្តកណ្ដាលទទួលការលើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្ត
រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលបម្រើការងារលើសពី១០ឆ្នាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមក ចំនួន៣១៣ នាក់ នៅសាលាខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦នេះ។

មានប្រសាសន៍ក្នុងពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរូមពីឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តផងដែរនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលបានបញ្ជាក់ថា ការបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានាថ្ងៃនេះ គឺស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែគិតគូជានិច្ចចំពោះសុខទុក្ខជីវភាពរបស់មន្ត្រីរាជការទាំងអស់ មិនថាមន្ត្រីក្របខ័ណ្ឌ ឬកិច្ចសន្យានោះឡើយ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរចំពោះមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលទទួលបានការបំពាក់មេដាយនាថ្ងៃនេះ ព្រមទាំងបានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ សូមបន្តការខិតខំក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនបន្តទៀត ដើម្បីរួមគ្នាក្នុងការកសាង និងអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើន និងការបម្រើសេវាសុខាភិបាល និងសេវារដ្ឋបាលជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរថែមទៀតផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូពេទ្យ ត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវ ក្រមសីលធម៌វិជ្ជាជីវៈ និងសូមបន្តខិតខំយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការពិនិត្យ ព្យាបាល និងត្រូវប្រាស្រ័យទាក់ទង ដោយពាក្យសម្ដីទន់ភ្លន់ ស្នាមញញឹម ដើម្បីកសាងទំនុកចិត្ត និងភាពកក់ក្តៅជូនអ្នកជំងឺ។ ជាពិសេសសូមបន្តអភិវឌ្ឍចំណេះដឹង និងជំនាញបច្ចេកទេសព្យាបាលតាមបែបទំនើបឱ្យបាន ជាប្រចាំ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការព្យាបាល និងសង្គ្រោះអាយុជីវិត។ ត្រូវមានបុរេសកម្ម ក្នុងការចុះអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីវិធីសាស្ត្រ ថែទាំសុខភាព ការចាក់វ៉ាក់សាំង និងការបង្ការជំងឺផ្សេងៗ ដើម្បីកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់នៅមូលដ្ឋាន ទន្ទឹមនេះ ត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលមន្ត្រីសុខាភិបាលជំនាន់ក្រោយ ដែលជាអ្នកបន្តវេន ឱ្យមានសមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ផងដែរ។

សូមបញ្ចាក់ថា នេះជាលើកទី ២ហើយ ដែលរដ្ឋបាលខេត្តបានរៀបចំពិធីបំពាក់មេដាយសំរឹទ្ធការងារ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលបម្រើការងារលើសពី១០ឆ្នាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយសកន្លងមក សរុបចំនួន ៣១៣នាក់ ដោយឡែកកាលពីលើកទី១ បានបំពាក់ជូនចំនួន ៣៨៩ នាក់៕ អត្ថបទ៖ សៅ យ៉ាម៉ង់





-
PR NEWS2 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន23 hours agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត