ព័ត៌មាន
កម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជាប្រកាសធ្វើការតវ៉ាជំទាស់ជាផ្លូវការប្រឆាំងនឹងប្រទេសថៃ ចំពោះសកម្មភាពខុសច្បាប់ និងកើតឡើងដដែលៗរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅតំបន់ដែលកាន់កាប់ដោយខុសច្បាប់ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដីក្បែរតំបន់ ប្រាសាទព្រះវិហារ ភាគខាងជើងនៃវត្តកែវសិក្ខាគីរីស្វារៈ។ កងទ័ពថៃក៏រាយលួសបន្លាប្រវែងប្រមាណ ១០០ ម៉ែត្រ និងដាក់ពង្រាយរថពាសដែកនៅតំបន់បុស្សស្បូវ-ជាំតែ ផងដែរ។
ក្រសួងការបរទេសកម្ពុជា ចាត់ទុក សកម្មភាពទាំងនេះមិនមែនជាការការពារខ្លួនទេ ហើយក៏មិនស្របតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ របស់គណៈកម្មការព្រំដែនទូទៅ (GBC) នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នោះដែរ។
តាមសេចក្ដីប្រកាសព័ត៌មាន៖«រាជរដ្ឋាភិបាលកម្ពុជា ប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះការប៉ុនប៉ងណាមួយ ក្នុងការធ្វើឱ្យខូច ស្ថានការណ៍ ដោយបង្កើតការកាន់កាប់លើដីជាក់ស្តែង (fait accompli on the ground) និងតវ៉ាយ៉ាងខ្លាំង ចំពោះសកម្មភាពទាំងឡាយ ដែលរំលោភអធិបតេយ្យ និងបូរណៈភាពទឹកដីរបស់កម្ពុជា ក្រោមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ សកម្មភាពទាំងនោះក៏ផ្ទុយនឹងវិធានការបន្ថយភាពតានតឹង ដែលមានចែងក្នុងសេចក្តីប្រកាសរួមរបស់គណៈកម្មការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងប្រទេសទាំងពីរផងដែរ»។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់នូវបន្ទាត់ព្រំដែន ឬការទាមទារដែនដីដោយឯកតោភាគីពីប្រទេសថៃទេ ហើយបានសង្កត់ធ្ងន់ថា សកម្មភាពថ្មីៗនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិឡើយ។
រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់ ការប្រព្រឹត្តរាល់សកម្មភាពឯកតោភាគីផ្សេងៗ និងត្រូវធ្វើសកម្មភាពបន្ថយភាពតានតឹង ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងថែរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែន។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ជាថ្មីថា កម្ពុជាគោរពយ៉ាងមុតមាំនូវជំហរជាគោលការណ៍ថា បន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងនោះទេ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេ ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយប្រទេសថៃតាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីនានា៕

-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត