ព័ត៌មាន
នាវាចម្បាំងរុស្ស៊ី២គ្រឿង ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ច៣ថ្ងៃ
នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ នាវាចម្បាំងរបស់រុស្ស៊ីចំនួន២គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា។ នាវាចម្បាំងទាំងពីរគ្រឿងនេះ មកពីកងនាវាប្រចាំតំបន់ប៉ាស៊ីហ្វិកនៃកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី។

នាវាចម្បាំងរបស់រុស្ស៊ីដែលចតនៅកម្ពុជាពីថ្ងៃទី៦ ដល់ទី៨ ខែមេសា ឆ្នាំ២០២៦នេះ រួមមាននាវា Sovershenny លេខ៣៣៣ និងនាវា Rezky លេខ៣៤៣។ នាវាចម្បាំងទាំងពីរគ្រឿងនេះ ដឹកនាំដោយមេបញ្ជាការ លោកវរនាវីឯក SHMAGIN Artem និងមេបញ្ជាការ លោកវរនាវីឯក KOVALEV Evgenii ហើយមាននាវិកសរុបប្រមាណ ២៦២នាក់។
នាវាទាំងពីរគ្រឿងនេះ មានប្រវែងប្រមាណ ១០៤ម៉ែត្រ និងទម្ងន់ជាង ២ពាន់តោន។
នៅវេលាម៉ោងជិត៩ព្រឹក នាវាចម្បាំងដ៏មានអនុភាពលើលំហសមុទ្ររបស់រុស្ស៊ី បានចូលចតនៅកំពុងផែស្វយ័តក្រុងព្រះសីហនុ។ ការមកដល់របស់នាវាចម្បាំងទាំងពីរគ្រឿង ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឧត្តមនាវីត្រី អុិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ជាមួយកងទ័ពជើងទឹករបស់កម្ពុជាចំនួន៦០នាក់ ដោយមានការចូលរួមពីលោក Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាចម្បាំងទាំងពីរគ្រឿងនេះ គឺជាកម្មវិធីមួយ ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកម្ពុជា និងរុស្ស៊ី ដែលប្រទេសទាំងពីរតែងប្រកាន់យកក្នុងប្រវត្តិនៃទំនាក់ទំនង។
ក្រោយពេលចូលចតនៅកម្ពុជាហើយនោះ តាមកម្មវិធីដែលបានគ្រោងទុក។ មេបញ្ជាការ និងនាវិកនៅលើនាវានឹងបំពេញទស្សនកិច្ចនៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម។
ក្រៅពីនោះ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងថ្នាក់ដឹកនាំនៃក្រសួងការពារជាច្រើនរូបទៀត ក៏នឹងអញ្ជើញទស្សនកិច្ចលើនាវាផងដែរ។ កម្មវិធីទស្សនកិច្ចនេះ ក៏រួមមានកម្មវិធីទស្សនានាវា ដោយសិស្ស និស្សិត និងលោកគ្រូអ្នកគ្រូ នៃសាលាស្ថានទូតរុស្ស៊ី។
ក្រៅពីនេះ ក្នុងឱកាសសំចតនៅកម្ពុជា កងទ័ពជើងទឹកកម្ពុជា និងរុស្ស៊ី ក៏មានលេងបាល់ទាត់មិត្តភាពផងដែរ។
សូមបញ្ជាក់ថា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ី នាវាចម្បាំងរបស់រុស្ស៊ី បានមកចត និងទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់។ កាលពីឆ្នាំ២០២៥ កំលុងខែមេសា និងឧសភា ក្រុមនាវាចម្បាំងរុស្ស៊ីជាច្រើនគ្រឿង បានចូលមកចតនៅកម្ពុជា រួមមាននាវាចម្បាំង Hero of the Russian Federation Aldar Tsydenzhapov និង Rezky រួមជាមួយនាវាផ្ទុកប្រេងធុនមធ្យម Pechenga នៅឯកំពង់ផែស្វយ័តព្រះសីហនុ។
តាមរបាយការណ៍បានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០១១មក នាវាចម្បាំងរុស្ស៊ី បានចូលចតនៅកម្ពុជា ចំនួន៨លើក ស្មើ១៨គ្រឿង៕












-
ព័ត៌មាន1 week agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន1 week agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន1 week agoអភិបាលរាជធានីណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រឹងប្រែងបន្ថែមទៀតលើការរក្សាសន្តិសុខ និងការងារនានា
-
ព័ត៌មាន1 week agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
-
ព័ត៌មាន4 days agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoសមណនិស្សិត និងនិស្សិតជាង៦០០អង្គ/នាក់ ប្រឡងចូលរៀនថ្នាក់អនុបណ្ឌិត ឆ្លើយតបតម្រូវការធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoបង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់