ព័ត៌មាន
សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី យាងក្នុងពិធីប្រឡងជ្រើសរើសសមណនិស្សិត-និស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ រៀបចំកម្មវិធីប្រឡងគល់បញ្ជី ដើម្បីជ្រើសរើសបេក្ខសមណនិស្សិត-និស្សិត ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំនាន់ទី២១ សិក្សា២០២៦-២០២៧ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ។

ពិធីនេះក៏មានការនិមន្ត-អញ្ជើញចូលរួមពី ឯកឧត្តម មាស សំណាង រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា, ឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា, ឯកឧត្តម ងួន ស្តេចភក្តី រដ្ឋលេខាធិការទទួលបន្ទុក, សម្តេចព្រះត្រ័យរតនាវង្សាចារ្យ ទូច សាទរ ព្រឹទ្ធបុរស, ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយឧត្តមសិក្សា, គណៈគ្រប់គ្រង ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ បុគ្គលិក សាស្ត្រាចារ្យជាច្រើនរូបទៀត ។

លោក តិប ពិចិត្រ សាកលវិទ្យាធិការរង ទទួលបន្ទុកថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃសាកលវិទ្យាល័យព្រះសីហមុនីរាជា បានឲ្យដឹងថា ចំពោះការប្រឡងគល់បញ្ជីជ្រើសរើសបេក្ខ សមណនិស្សិត-និស្សិត ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំនាន់ទី២១ ក្នុងឆ្នាំសិក្សា២០២៦-២០២៧ នាឱកាសនេះ មានសមណនិស្សិត-និស្សិតចូលរួមប្រឡងតេស្តប្រមាណ ២ ២៧៣អង្គ/នាក់ (បព្វជិកចំនួន ៨៩អង្គ និងប្រុសចំនួន៨៥៦នាក់ ស្រីចំនួន ១៣២៨នាក់) ទៅលើលើឯកទេសចំនួន ៧រួមមាន នីតិសាស្ត្រ, គ្រប់គ្រងទូទៅ, បង្រៀនភាសាអង់គ្លេស, អក្សរសាស្ត្រខ្មែរ, វិទ្យាសាស្ត្រកុំព្យូទ័រ, វិទ្យាសាស្ត្រអប់រំ និងទស្សនវិជ្ជាព្រះពុទ្ធសាសនា ។
លោកបន្តថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ការជ្រើសរើស បេក្ខសមណនិស្សិត-និស្សិតចូលរៀន ធ្វើការប្រលងចូលសិក្សាត្រូវចែកចេញជា៣កម្រិត គឺទី១. និស្សិតទាំងអស់ ត្រូវប្រឡងប្រកួតប្រជែងអាហារូបករណ៍, ទី២. និស្សិតទាំងអស់ ត្រូវប្រឡងធ្វើតេស្តភាសាអង់គ្លេស និងទី៣. និស្សិតទាំងអស់ ត្រូវប្រឡងគល់បញ្ជីចូលរៀន ។

ឯកឧត្តម ងួន ស្ដេចភក្ដី មានប្រសាសន៍ថា ការបន្តផ្ដល់នូវអាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិត បានចូលរៀនថ្នាក់ឧត្តមសិក្សានេះ ឆ្លើយតបទៅនឹងតម្រូវការចាំបាប់របស់រាជរដ្ឋាភិបាល ក្នុងការកសាងនូវមូលដ្ឋានមនុស្ស ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ហើយក៏ស្របទៅនឹងកិច្ចការស្នូលនាពេលបច្ចុប្បន្ន របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ទី១. ចូលរួមក្នុងវិស័យអប់រំ, ទី២. ការងារសុខាភិបាល និងទី៣. ការងារសង្គ្រោះដល់យុវជនមានជីវភាពខ្វះខាត ឲ្យបានចូលរៀនថ្នាក់ឧត្តមសិក្សា និងមានកន្លែងអន្តេវាសិកដ្ឋានឲ្យស្នាក់នៅ ។
គួរបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ត្រូវបានបង្កើតឡើងក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ សម្ដេចព្រះអភិសេរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបាន ព្រះករុណា ព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ប្រសិទ្ធនាមថា ” ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា” នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៤ ។ រយៈពេល២០មកនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងនាមជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ របស់រដ្ឋ បានកំពុងដំណើរការបណ្តុះបណ្តាលលើ ៣កម្រិត គឺ ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ៕ អត្ថបទ បាន សុខរិទ្ធិ





-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត