ព័ត៌មាន
ក្រសួងសុខាភិបាល បើកសន្និសីទនៃការថែទាំស្តីអំពីតួនាទីគិលានុបដ្ឋាក និងឆ្មប ក្នុងប្រព័ន្ធសុខាភិបាល
លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទនៃការថែទាំស្តីអំពីតួនាទីគិលានុបដ្ឋាក និងឆ្មបក្នុងប្រព័ន្ធសុខាភិបាល, រៀបចំដោយមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ។
ក្នុងសន្និសីទខាងលើនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកស្រីបណ្ឌិត Tracy Carol Ayre ប្រធានគិលានុបដ្ឋាយិកានៃក្រុម SingHealth លោកសាស្ត្រាចារ្យជំនួយ កុយ វីរីយ៉ា អនុប្រធាននាយកដ្ឋានសេវាសុខភាព និងលោក លោកស្រី វាគ្មិនកិត្តិយសពីប្រទេសសិង្ហបុរី និងកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា ជាការពិតណាស់ គិលានុបដ្ឋាក និងឆ្មប គឺជាបុគ្គលិកសុខាភិបាលដែលមានតួនាទីសំខាន់ យ៉ាងខ្លាំង ក្នុងការថែទាំ និងតាមដានស្ថានភាពអ្នកជំងឺ ចាប់ពីពេលចូលមកទទួលសេវាពិនិត្យ និងព្យាបាល រហូតដល់ពេលសម្រាកព្យាបាល និងថែទាំនៅក្នុងមន្ទីរពេទ្យ។ ការងាររបស់គិលានុបដ្ឋាក និងឆ្មប មិនត្រឹមតែជាការថែទាំផ្នែករាងកាយអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងគាំទ្រផ្នែក ផ្លូវចិត្ត ជាអ្នកសម្របសម្រួលក្នុងដំណើរការព្យាបាល និងជាអ្នកធានាសុវត្ថិភាពក្នុងការផ្តល់សេវាសុខាភិបាលផងដែរ។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងរបស់គិលានុបដ្ឋាក និងឆ្មប ពាក់ព័ន្ធនឹងការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈ ការលើកកម្ពស់ ប្រសិទ្ធភាពនៃការថែទាំអ្នកជំងឺ ក្នុងអំឡុងពេលសម្រាកព្យាបាល និងថែទាំ ក៏ដូចជាការធានា សុវត្ថិភាព និងប្រសិទ្ធភាពក្នុងការផ្តល់ឱសថដល់អ្នកជំងឺ។ ចំណេះដឹង និងបទពិសោធន៍ដែល ទទួលបានពីសិក្ខាសាលានេះ នឹងជួយលើកកម្ពស់គុណភាពសេវាសុខាភិបាល និងបង្កើនទំនុកចិត្ត របស់ប្រជាពលរដ្ឋចំពោះប្រព័ន្ធសុខាភិបាលរបស់យើង។
នាឱកាសនោះដែរ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ បានថ្លែងថា សន្និសីទនេះមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ ក៏ដូចជា ការកំណត់ទិសដៅអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិបាល។ ក្នុងនាមជាថ្នាក់ ដឹកនាំក្រសួង សូមលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់លើចំណុច សំខាន់ៗចំនួន ៤ នៃគោលបំណងមហាសន្និសីទយើង៖ 1. ការស្វែងយល់ពីតួនាទីជំនាញឯកទេស៖ ជាពិសេសក្នុងផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកសង្គ្រោះកម្រិតធ្ងន់ (Critical Care) ដែលជាផ្នែកដ៏មានសារៈសំខាន់បំផុតក្នុងមន្ទីរពេទ្យ។ 2. ការកំណត់ផ្លូវនៃវឌ្ឍនភាពវិជ្ជាជីវៈ៖ គិលានុបដ្ឋាយិកាមិនត្រឹមតែបំពេញការងារតាមវេជ្ជបញ្ជាប៉ុណ្ណោះទេ ប៉ុន្តែត្រូវអភិវឌ្ឍខ្លួនទៅជាអ្នកឯកទេសខាងគ្លីនិក អ្នកអប់រំ ស្រាវជ្រាវ និងអ្នកដឹកនាំ។ 3. ការបង្កើនកិច្ចសហការអន្តរវិស័យ៖ ការពិភាក្សារួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនៃកម្លាំងពលកម្ម និងពង្រឹងតួនាទីរបស់គិលានុបដ្ឋាក និងឆ្មបក្នុងក្របខ័ណ្ឌសុខាភិបាលជាតិ។ 4. ការបញ្ចូលគ្នារវាងបទពិសោធន៍សកល និងមូលដ្ឋាន៖ តាមរយៈការរៀនសូត្រពី ស្តង់ដាអន្តរជាតិរបស់ SingHealth ដើម្បីយកមកអនុវត្តឱ្យស្របតាមអាទិភាព យុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាលកម្ពុជា។
ជាចុងក្រោយលោកជំទាវ រដ្ឋលេខាធិការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ SingHealth ដែលបាននាំយកអ្នកជំនាញមកចែករំលែកបទពិសោធន៍លើវិស័យអប់រំតាមរយៈការធ្វើត្រាប់ (Simulation Based Education) និងការអភិវឌ្ឍវិជ្ជាជីវៈ ព្រមទាំងចុះជួយវាយតម្លៃសមត្ថភាព គិលានុបដ្ឋាកនៅផ្នែកសង្គ្រោះបន្ទាន់ ផ្នែកសង្គ្រោះជំងឺធ្ងន់ និង NICU ដើម្បីជួយរៀបចំកម្មវិធីបណ្តុះបណ្តាលគិលានុបដ្ឋាកឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារថែទាំ ប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ក៏សូមថ្លែងអំណរគុណចំពោះឯកឧត្តមសាស្រ្តាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង ដែលបានជួយជ្រុំជ្រែងសន្និសីទនេះដំណើរការបានល្អ៕ អត្ថបទ រដ្ឋា







-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត