ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើដល់ឯកអគ្គរដ្ឋទូតតួកគីយ៉េចប់អាណត្តិឱ្យបន្តធ្វើជាទូតរបស់កម្ពុជាផ្សព្វផ្សាយពីកម្ពុជា ដើម្បីទាក់ទាញវិនិយោគ និងទេសចរណ៍មកម្ពុជា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ផ្ដាំផ្ញើដល់លោកជំទាវ អ៊ុលឃូ ខូខាអ៊ីវ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចប់អាណត្តិឱ្យបន្តធ្វើជាទូតរបស់កម្ពុជាផ្សព្វផ្សាយពីកម្ពុជាបន្តទៀតនៅឯប្រទេសតួកគីយ៉េ ខណៈលោកជំទាវបានបង្ហាញពីក្ដីស្រឡាញ់ចំពោះប្រជាជន និងប្រទេសកម្ពុជា និងចាត់ទុកកម្ពុជាគឺជាមិត្តអស់មួយជីវិត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ផ្ដាំផ្ញើបែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យលោកជំទាវ អ៊ុលឃូ ខូខាអ៊ីវ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំកម្ពុជាចប់អាណត្តិ ចូលជួបសម្ដែងការគួរ និងជម្រាបលា នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយក្នុងពេលដែលសម្ដេចបានជួបលោកជំទាវ អ៊ុលឃូ ខូខាអ៊ីវ សារជាថ្មី បើទោះបីជាពេលនេះលោកជំទាវត្រូវផុតអាណត្តិបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតនៅព្រះរាជាណាចក្រកម្ពុជាក្ដី។ សម្ដេចតេជោ បានកោតសរសើរចំពោះលោកជំទាវក្នុងរយៈពេលនៃបេសកកម្មរបស់លោកជំទាវជាឯកអគ្គរដ្ឋទូត លោកជំទាវសម្រេចបាន និងបង្កើតសមិទ្ធផលជាច្រើនសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងតួកគីយ៉េ ដែលមកដល់ពេលនេះ ប្រទេសទាំងពីរកំពុងតែមានទំនាក់ទំនងដ៏ល្អ និងរីកចម្រើនជាបន្តបន្ទាប់។
នៅក្នុងឱកាសនោះ លោកជំទាវ អ៊ុលឃូ ខូខាអ៊ីវ បានសម្ដែងនូវការអរគុណជាអនេកប្បការដែលសម្ដេចតេជោ បានអនុញ្ញាតឱ្យលោកជំទាវ និងសហការី បានចូលជួបសម្ដែងការគួរ និងជម្រាបលានៅក្នុងឱកាសនេះ។ លោកជំទាវក៏បានរាយការណ៍អំពីបេសកកម្មរបស់លោកជំទាវក្នុងបេសកកម្មជាឯកអគ្គរដ្ឋទូតនៅកម្ពុជាកន្លងមកនេះ ជូនចំពោះសម្ដេចតេជោ ដោយលោកជំទាវបានលើកឡើងនូវសមិទ្ធផលដែលសម្រេចបានសំខាន់សម្រាប់ការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងតួកគីយ៉េ, ដូចជាការបង្កើតនូវការិយាល័យពាណិជ្ជកម្មរបស់តួកគីយ៉េនៅកម្ពុជា, បង្កើតមជ្ឈមណ្ឌលវប្បធម៌របស់តួកគីយ៉េនៅកម្ពុជា និងសមិទ្ធផលដ៏សំខាន់ដែលទើបសម្ដេចបាននៅចុងឆ្នាំ២០២៥ គឺការបង្កើតនូវជើងហោះហើររបស់តួកគីយ៉េ មកកាន់កម្ពុជា ដែលជាផ្នែកដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងតួកគីយ៉េ និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងឱកាសនោះលោកជំទាវក៏បានសម្ដែងនូវការជាប់ចិត្តចំពោះប្រជាជនកម្ពុជា ជាពិសេស គឺស្មាមញញឹមរបស់ប្រជាជនកម្ពុជាដែលមិនអាចធ្វើឱ្យលោកជំទាវបំភ្លេចបានឡើយ។ លោកជំទាវក៏បានលើកឡើងថា បើទោះបីជាពេលនេះ លោកជំទាវផុតអាណត្តិជាឯកអគ្គរដ្ឋទូតនៅកម្ពុជា ក៏ប៉ុន្ដែក៏លោកជំទាវនឹងនៅតែជាមិត្តរបស់កម្ពុជាអស់មួយជីវិត។
នៅក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងនូវក្ដីពេញចិត្តយ៉ាងក្រៃលែងចំពោះពាក្យពេចន៍ដ៏មានអត្ថន័យរបស់លោកជំទាវចំពោះការពេញចិត្តប្រជាជនកម្ពុជា ក៏ដូចជាប្រទេសកម្ពុជា។ សម្ដេចតេជោ បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវ ក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាកន្លងមក លោកជំទាវបានខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការពង្រីកនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ ក៏បានកោតសរសើរចំពោះការខិតខំរបស់លោកជំទាវ ក្នុងការបង្កើតនូវការិយាល័យពាណិជ្ជកម្មរបស់តួកគីយ៉េនៅកម្ពុជា, បង្កើតមជ្ឈមណ្ឌលវប្បធម៌របស់តួកគីយ៉េនៅកម្ពុជា និងការបង្កើតនូវជើងហោះហើររបស់តួកគីយ៉េមកកាន់កម្ពុជា ដែលជាចរន្តនៃការគាំទ្រទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកគីយ៉េឱ្យកាន់តែល្អប្រសើរ។ ជាមួយគ្នានេះសម្ដេចតេជោ ក៏បានអរគុណចំពោះប្រទេសតួកគីយ៉េដែលនាពេលកន្លងមកបានចូលរួមចំណែកផ្ដល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកកម្ពុជានៅក្នុងបញ្ហាសង្គ្រាមព្រំដែនកម្ពុជា-ថៃ។ សម្ដេចតេជោ ក៏លើកឡើងអំពីបញ្ហាព្រំដែនរបស់កម្ពុជា និងថៃ និងជំហររបស់កម្ពុជា គឺក្នុងការរក្សានូវបទឈប់បាញ់ឱ្យបានយូរអង្វែង និងការដោះស្រាយបញ្ហាដោយសន្ដិវិធីតាមរយៈការចរចា។
សម្ដេចតេជោក៏បានរម្លឹកនូវពាក្យដ៏មានអត្ថន័យរបស់លោកជំទាវឯកអគ្គរដ្ឋទូតថា «នឹងនៅជាមិត្តរបស់កម្ពុជាអស់មួយជីវិត» ដោយសម្ដេចតេជោ បានផ្ដាំផ្ញើបន្ថែមចំពោះលោកជំទាវទោះបីជាចប់អាណត្តិជាឯកអគ្គរដ្ឋទូត និងត្រឡប់ទៅតួកគីយ៉េវិញ ក៏សូមឱ្យលោកជំទាវនៅបន្តធ្វើជាឯកអគ្គរដ្ឋទូតរបស់កម្ពុជានៅក្នុងប្រទេសតួកគីយ៉េបន្តទៀត» មានន័យថា បន្តជួយផ្សព្វផ្សាយពីកម្ពុជាដល់អ្នកវិនិយោគ ដល់ប្រជាជនតួកគីយ៉េ ដើម្បីមកវិនិយោគ និងទស្សនាកម្ពុជា៕



-
ព័ត៌មាន1 week agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
PR NEWS4 days agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន1 week agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន1 week agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន1 week agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន7 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន2 days agoកងទ័ពមានសុទិដ្ឋិនិយមស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុងជានិមិត្តសញ្ញាសន្តិភាព