ព័ត៌មាន
កម្ពុជា-កូរ៉េ នឹងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ឈានដល់កម្រិតថ្មីមួយទៀត
កម្ពុជា-កូរ៉េ ឯកភាពទាំងផ្នែករដ្ឋ និងឯកជន ចាំបាច់ត្រូវមានភាពបត់បែនខ្ពស់ និងកិច្ចសហការស្អិតល្មួតបំផុត ដើម្បីប្រែក្លាយ បញ្ហាប្រឈមទាំងឡាយឱ្យទៅជាកាលានុវត្តភាព ក្នុងគោលដៅជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ឈានដល់កម្រិតថ្មីមួយទៀត។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម KIM Changyong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែមេសា នេះ បានអញ្ជើញជាសហធិបតីដឹកនាំកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-កូរ៉េ។ កិច្ចសន្ទនាបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់គ្នាខ្ពស់ ដោយបានផ្តោតលើការដោះស្រាយបញ្ហា ដែលជាកង្វល់របស់វិនិយោគិនកូរ៉េ សំដៅរួមចំណែកក្នុងការលើកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា ក៏ដូចជាពង្រឹង និងពង្រីកវត្តមានរបស់សហគ្រាសកូរ៉េ ឱ្យមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជាបន្ថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូកូរ៉េ និងបានគូសបញ្ជាក់ជាថ្មី នូវ ឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន ចាត់ទុកវិស័យឯកជនគឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចសន្ទនានេះមិន មែនត្រឹមតែជាវេទិកា ពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែគឺជាយន្តការការងារជាក់ស្តែង ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា ចំពោះករណីអាទិភាពនានា សំដៅបង្ក លក្ខណៈងាយស្រួល និងបង្កើនភាពបត់បែនដល់ធុរកិច្ចកូរ៉េនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
ជាការឆ្លើយតប ឯកឧត្តម KIM Changyong បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានសហការដឹកនាំ កិច្ចសន្ទនាលើកទី៣នេះ ជាមួយនឹងសុឆន្ទៈក្នុងការរួមគ្នាពិនិត្យ និងពិភាក្សាស្វែងរកដំណោះស្រាយសមស្រប សម្រាប់បញ្ហាប្រឈម នានា ដែលវិនិយោគិនកូរ៉េបានលើកឡើង។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះរាជរដ្ឋាភិបាលកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងប្រកបដោយប្រសិទ្ធភាពក្នុងការបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលជាកត្តាដ៏សំខាន់ក្នុងការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ច និងឌីជីថល។
កិច្ចសន្ទនាលើកទី៣នេះ បានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ដែលជាសក្ខីភាពសបញ្ជាក់ ឱ្យឃើញពីភាពរឹងមាំនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ជារួម, លទ្ធផលនៃកិច្ចសន្ទនានេះ បានបង្ហាញយ៉ាង ច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានានូវភាពជោគជ័យរបស់វិនិយោគិនបរទេស ជាពិសេសវិនិយោ គិនកូរ៉េ។ តាមរយៈយន្តការសន្ទនាត្រង់ទៅត្រង់មក និងកិច្ចសហការស្អិតល្មួតរវាងរដ្ឋ និងវិស័យឯកជន កម្ពុជារំពឹងថា នឹងទទួលបាន នូវលំហូរទុនវិនិយោគកាន់តែច្រើនពីសាធារណរដ្ឋកូរ៉េ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្រប តាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕អត្ថបទ៖ សុន រ៉ាឌី









-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត