ព័ត៌មាន
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអំពាវនាវឱ្យមានកិច្ចសហការសុខភាពសកលឱ្យកាន់តែរឹងមាំនៅកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយនៅប្រទេសបារាំង
កិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ ដែលប្រារព្ធឡើងនៅទីក្រុងលីយ៉ុង ប្រទេសបារាំង បានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ម្សិលមិញនេះ។ បន្ទាប់ពីកិច្ចប្រជុំត្រូវបានបើកជាផ្លូវការ មេដឹកនាំនៃបណ្តាប្រទេស និងអង្គការអន្តរជាតិនានា ត្រូវបានផ្តល់ឱកាសឱ្យឡើងចែករំលែកទស្សនទានគន្លឹះ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាសុខភាពជាសកល។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចូលរួមកិច្ចពិភាក្សាក្រោមប្រធានបទ ចំនួន៣ រួមមាន៖ (១) អភិបាលកិច្ច និងវិទ្យាសាស្ត្រ (២) ជំងឺឆ្លង និង(៣) ជំងឺមិនឆ្លង ក្រោមការសម្របសម្រួលដោយលោកជំទាវ Eléonore Caroit រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទទី២ ស្តីពី “ជំងឺឆ្លង” ជូនដល់អង្គពិធីនៃកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ។
ជាកិច្ចចាប់ផ្តើមនៃសុន្ទរកថា សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវកិត្តិយសដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយឆ្នាំ២០២៦ នៅទិវាសុខភាពពិភពលោក។ សម្តេចមហាបវរធិបតី ក៏បានកោតសរសើររដ្ឋាភិបាលបារាំង ដែលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះនៅពេលវេលាដ៏សំខាន់មួយសម្រាប់មនុស្សជាតិ និងភពផែនដី។

សម្តេចធិបតីបានគូសរំលេចពីបញ្ហាជំងឺកូវីដ១៩ ដែលបានចូលអង្រួនសុខភាពរបស់មនុស្សជាតិកាលពីឆ្នាំ២០១៩ ជាពិសេសគូសរំលេចពីការប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺរាតត្បាតជាសកលមួយនេះ។ សម្តេចធិបតីបានលើកឡើងថា ទោះបីជាប្រទេសមានធនធានតិចតួចក៏ដោយការទប់ស្កាត់ជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា ត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជាជោគជ័យគួរឱ្យកត់សម្គាល់ពីដំណាក់កាលទប់ស្កាត់យ៉ាងតឹងរ៉ឹង រហូតដល់ដំណាក់កាលស្តារឡើងវិញនៃការចាក់វ៉ាក់សាំងខ្ពស់។
សម្តេចធិបតី ក៏បានគូសរំលេចពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាសុខភាពសកល។ ប្រទេសកម្ពុជាបានដោះស្រាយហានិភ័យសុខភាពតែមួយតាមរយៈការឃ្លាំមើល និងការចូលរួមរបស់សហគមន៍នៅទូទាំងពហុភាគីពាក់ព័ន្ធ តាមដានការធ្វើចំណាកស្រុករបស់សត្វស្លាបព្រៃ និងប្រព័ន្ធអេកូឡូស៊ី និងសន្តិសុខជីវសាស្រ្តកម្រិតខ្ពស់ និងវិធីសាស្រ្តផ្អែកលើហានិភ័យចំពោះសុខភាពសត្វ ស្របពេលដែលមានការកែលម្អការឃ្លាំមើលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីផ្សារ និងភស្តុភារ។
នៅលើឆាកអន្តរជាតិវិញកម្ពុជានៅតែប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក និងប្រព័ន្ធឃ្លាំមើល AMR របស់ខ្លួន ដែលជាគំនិតផ្តួចផ្តើមបរិស្ថាន រួមមានភាពជាដៃគូសកម្មភាពប្លាស្ទិកសកល ក៏ដូចជាគំនិតផ្តួចផ្តើមសំខាន់ៗផ្សេងទៀតក្រោមក្របខ័ណ្ឌអាស៊ាន។

ក្នុងសុន្ទរកថានោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានចែករំលែកនូវទស្សនទានចំនួន៥ ចូលរួមដោះស្រាយបញ្ហាសុខភាពជាសកល។ ទស្សនទានទាំង៥នោះរួមមាន៖
១៖ ភាពជាដៃគូ និងសាមគ្គីភាព៖ សម្តេចមហាបវរធិបតី បានស្នើឱ្យជំរុញបន្ថែមទៀតនូវកិច្ចសហការក្នុងតំបន់ និងសកល ចែករំលែកចំណេះដឹង ធនធាន និងបច្ចេកវិទ្យារវាងរដ្ឋាភិបាល អ្នកវិទ្យាសាស្ត្រ សង្គមស៊ីវិល និងសហគមន៍។
២៖ ការឃ្លាំមើលរួមបញ្ចូលគ្នា និងប្រព័ន្ធព្រមានដំបូង៖ សម្តេចមហាបវរធិបតី ស្នើឱ្យបន្តសម្របសម្រួលស្តង់ដារ ពង្រីកលំដាប់ហ្សែន និងធានាការឆ្លើយតបយ៉ាងឆាប់រហ័ស។
៣៖ ការផ្តល់ហិរញ្ញប្បទាន និងនវានុវត្តន៍ប្រកបដោយចីរភាព៖ សម្តេចមហាបវរធិបតី ស្នើឱ្យជំរុញយន្តការអន្តរជាតិរយៈពេលវែងបន្ថែមទៀត បង្កើនការវិនិយោគក្នុងស្រុក និងលើកកម្ពស់ភាពជាដៃគូរវាងរដ្ឋ និងឯកជន។
៤៖ ការប្រយុទ្ធប្រឆាំងនឹងភាពធន់នឹងភ្នាក់ងារប្រឆាំងមេរោគ (Antimicrobial Resistance -AMR) និងសម្ពាធអាកាសធាតុ៖ សម្តេចប្រមុខរាជរដ្ឋាភិបាលស្នើ លើកកម្ពស់បន្ថែមទៀតនូវការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិកដែលមានទំនួលខុសត្រូវ បង្កើនការត្រួតពិនិត្យកំណែទម្រង់បទប្បញ្ញត្តិ និងការរួមបញ្ចូលការការពារអាកាសធាតុទៅក្នុងគោលនយោបាយសុខភាព និងកសិកម្ម។
៥៖ ការលើកកម្ពស់ចំណេះដឹង សមធម៌ និងការត្រៀមខ្លួន៖ សម្តេចមហាបវរធិបតី បានថ្លែងកាន់វេទិកានៃកិច្ចប្រជុំនោះថា គួរតែធានាគោលនយោបាយផ្អែកលើភស្តុតាង វិនិយោគលើមន្ទីរពិសោធន៍ និងការអភិវឌ្ឍកម្លាំងពលកម្ម ធានាការទទួលបានឧបករណ៍សង្គ្រោះជីវិតដោយសមធម៌ និងលើកតម្កើងសហគមន៍តាមរយៈការយល់ដឹង៕
-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត