ព័ត៌មាន
សម្ដេចធិបតី៖ កម្ពុជា នឹងប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដោះស្រាយដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារលើបណ្ដាញសង្គម នាល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នេះថា បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពី អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44), ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនោះទេ។
សារទាំងស្រុង របស់សម្ដេចធិបតី៖
ជូនបងប្អូនជនរួមជាតិជាទីស្រលាញ់។
ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពី អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44) ។
ជាង ២៥ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ MOU2001 បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខណ្ឌទ្វេភាគីតែមួយគត់ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់ឱ្យឃើញអំពីស្មារតី នៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈទៅវិញទៅមក។
ជាការសោកស្តាយ ដែលភាគីថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជា យើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ ដែលបង្កើតឱ្យមានក្របខណ្ឌទ្វេភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង ២ទស្សវត្សន៍កន្លងមកនេះ។
ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនោះទេ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏ចង់បញ្ជាក់បន្តិចដែរថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងឱ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើង ដែលប្រទេសយើងទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតអោយប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថេរភាព និងសេចក្តីសុខ។

-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត