ព័ត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការបន្តបរិច្ចាគដល់កាកបាទក្រហមកម្ពុជា បង្ហាញពីការមិនបោះបង់ជនរងគ្រោះ
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាបានថ្លែងថា ការបន្តបរិច្ចាគថវិកា ធនធាន និងសម្ភារផ្សេងៗដល់កាកបាទក្រហមកម្ពុជា សម្រាប់ការងារមនុស្សធម៌ បានបង្ហាញពីទឹកចិត្តសប្បុរសមិនបោះបង់ជនរងគ្រោះ គ្រួសារកងទ័ពពលី គ្រួសាយុទ្ធជនរបួស ពិការ និងបងប្អូនភៀសសឹកឲ្យនៅឯកោ។

ក្នុងពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨មីនា ២០២៦ ក្រោមមូលបទ៖ បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា ការបន្តបរិច្ចាគធនធានដល់កាកបាទក្រហមកម្ពុជា ក្នុងដំណាក់កាល នៃវិបត្តិពិភពលោកកើតឡើងជាបន្តបន្ទាប់ រួមទាំងកម្ពុជាផងនោះ គឺបានបង្ហាញពីការមិនភ្លេចក្នុងការជួយសង្គម ជួយដល់អ្នកត្រូវការ និងអ្នកខ្សត់ខ្សោយជាង។

លោកជំទាវបណ្ឌិតបានបន្តថា ការជួបជុំនៅពេលនេះ មិនត្រឹមតែជាកម្មវិធីប្រគល់ និងទទួលថវិកាប៉ុណ្ណោះទេ ប៉ុន្តែបានបញ្ជាក់បន្តអំពីទឹកចិត្តមនុស្សធម៌ ទំនុកចិត្ត និងសាមគ្គីភាពរបស់ខ្មែរយើង ដែលតែងតែឈរជាមួយគ្នា នៅពេលដែលប្រជាពលរដ្ឋណាម្នាក់ជួបទុក្ខលំបាក។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្ថែមថា សម្រាប់កាកបាទក្រហមកម្ពុជា ការបរិច្ចាគរបស់សប្បុរសជន មិនមែនគ្រាន់តែជាចំនួនថវិកា ឬសម្ភារប៉ុណ្ណោះទេ ប៉ុន្តែគឺជាទំនុកចិត្តប្រគល់ជូនកាកបាទក្រហមកម្ពុជា ហើយនេះគឺជាក្តីមេត្តា ដែលចេញពីបេះដូង ហើយជាស្ពានមួយ ពីអ្នកដែលមានលទ្ធភាព ជួយទៅកាន់ប្រជាពលរដ្ឋដែលកំពុងរងទុក្ខ និងត្រូវការដៃមួយ ដើម្បីជួយគាំទ្រដល់ពួកគាត់។

លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្រាប់ថវិកាដែលបរិច្ចាគនេះ នឹងប្រែក្លាយជាអង្ករ ម្ហូបអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្ភារចាំបាច់ ឬជំនួយបន្ទាន់មួយកញ្ចប់ សម្រាប់គ្រួសារមួយដែលកំពុងជួបការលំបាក ប៉ុន្តែលើសពីនេះទៅទៀត គឺជាកម្លាំងចិត្តសម្រាប់ម្ដាយម្នាក់ ដែលកំពុងបារម្ភពីកូនៗ ជាក្តីសង្ឃឹមមួយសម្រាប់គ្រួសារជនភៀសសឹក ជាការលួងលោម និងលើកទឹកចិត្តសម្រាប់គ្រួសារជនពលី និងយុទ្ធជនរងរបួស ហើយជាសារដ៏កក់ក្ដៅ សម្រាប់ប្រាប់ពួកគាត់ថា ពួកគាត់មិនត្រូវបានបំភ្លេចចោលនោះទេ នេះហើយជាអត្ថន័យដ៏ធំធេង នៃការបរិច្ចាគ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តទៀតថា កាកបាទក្រហមកម្ពុជា នឹងបន្តបេសកកម្មសប្បុរសរបស់ខ្លួន មិនទុកឲ្យជនរងគ្រោះណាម្នាក់ឲ្យនៅឯកោ ដោយមិនទទួលបានការជួយសង្គ្រោះនោះឡើយ ជាមួយនឹងការឈានមុខគេ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការងារមនុស្សធម៌ជួយដល់ជនរងគ្រោះ។

ជាមួយនេះ លោកជំទាវបណ្ឌិត តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាំនូវការថ្លែងព្រះអំណរគុណ ចំពោះព្រះមហាក្សត្រ និងសម្ដេចម៉ែ ព្រះរាជទាននូវព្រះរាជកិច្ចគាំទ្រដល់កាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ និងគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសក្នុងទិវា ៨ឧសភា ២០២៦ ព្រះអង្គទាំងទ្វេ បានសព្វព្រះរាជហទ័យ ប្រោសព្រះរាជឧបត្ថម្ភនូវព្រះរាជទ្រព្យសរុបចំនួន ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា ក្នុងបេសកកម្មមនុស្សធម៌នេះ។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងថា កាលពីឆ្នាំពី២០២៥កន្លងទៅ កាកបាទក្រហមកម្ពុជា បាននាំយកអំណោយ ដែលទទួលបានពីធនធាន នៃការបរិច្ចាគពីសប្បុរសជននានា ជួយដល់គ្រួសារកងទ័ពពលី យុទ្ធជនរងរបួស គ្រួសារភៀសសឹក ជនរងគ្រោះនានា ក៏ដូចជាជនមានពិការភាពជាដើមសរុបរាប់ម៉ឺនគ្រួសារ ៕ អត្ថបទ បាន សុខរិទ្ធិ








-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត