ព័ត៌មាន
ចក្រភពអង់គ្លេសប្រកាសបានផ្តល់ជំនួយ ១.៦ លានផោនរយៈពេល១ឆ្នាំ គាំទ្រដល់ការងារបោសសម្អាតមីន និងអប់រំការយល់ដឹងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះនៅកម្ពុជា
ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរាជទូតអង់គ្លេសក្នុងរាជធានីភ្នំពេញ រដ្ឋាភិបាលចក្រភពអង់គ្លេស តាមរយៈ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានប្រកាសផ្តល់ជំនួយ ១.៦ លានផោន សម្រាប់រយៈពេលមួយឆ្នាំទៀត ២០២៦-២០២៧ នៃការបោសសម្អាតមីន និងការអប់រំយល់ដឺងអំពីយុទ្ធភណ្ឌគ្រឿងផ្ទុះ ក្នុងគោលបំណងរួមចំណែកដល់ការបង្កើនសុវត្ថិភាពសហគមន៍ និងលើកកម្ពស់ជីវភាពរស់នៅ ជាពិសេសគាំទ្រដល់វឌ្ឍនភាពរបស់កម្ពុជាឆ្ពោះទៅរកកាតព្វកិច្ចបោសសម្អាតមីននៅឆ្នាំ២០៣០។
ជំនួយនេះ នឹងផ្តល់ជូនដល់អង្គការដោះមីនចំនួន ០៣រួមមាន ៖ អង្គការ HALO Trust, Mines Advisory Group (MAG) និង APOPO។ តាមរយៈជំនួយនេះ រំពឹងថា អង្គការ HALO Trust និងអង្គការ MAG នឹងរំដោះផ្ទៃដីចំនួន ៨៩០,៣00 ម៉ែត្រការ៉េ ក្នុងខេត្តបាត់ដំបង សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ និងខេត្តកោះកុង ដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន ៥,៤១៤ នាក់ ព្រមទាំងអាចផ្តល់នូវវគ្គអប់រំការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះជាង ៤០០០វគ្គ ដល់ប្រជាជនជាង ៤៤.២៨០ នាក់ ក្នុងនោះមានស្ត្រី ៨,៨៥៤ នាក់ និងក្មេងស្រី ១២,៦៩៦ នាក់។
ជាមួយគ្នានោះ ចក្រភពអង់គ្លេស នឹងគាំទ្រដល់គម្រោង Minefields to Ricefields (M2R) របស់អង្គការ APOPO ដោយរួមបញ្ចូលសកម្មភាពមីនជាមួយនឹងការអភិវឌ្ឍកសិកម្មឡើងវិញ លើផ្ទៃដី ៣.៤ លានម៉ែត្រការ៉េ និងមានគ្រួសារកសិករយ៉ាងតិច ៥០០ នឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ រួមជាមួយនឹងគ្រួសារបន្ថែមប្រមាណជាង ៥០០ ទៀត។
តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ភាពជាដៃគូរវាងកម្ពុជា និងចក្រភពអង់គ្លេស នៅតែរឹងមាំ និងមិនមានការផ្លាស់ប្តូរឡើយ អស់រយៈពេល ៤ ទសវត្សរ៍មកនេះ ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌។ អង់គ្លេស នៅតែបន្តឈរជាមួយកម្ពុជា លើសពីភាពជាដៃគូ ព្រមទាំងបានប្តេជ្ញាចិត្តរួមគ្នាក្នុងកិច្ចការមនុស្សជាតិ និងលើកកម្ពស់សេចក្តីថ្លៃថ្នូរ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា បានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ក្នុងដំណើរសកម្មភាពមីនរបស់ខ្លួន ដោយបានប្តេជ្ញាចិត្តថា នៅឆ្នាំ២០៣០ នឹងគ្មានសហគមន៍ណាមួយបន្តរងការគំរាមកំហែងដោយសារមីន។
ក្នុងឱកាសនោះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានរួមចំណែកដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ដែលរហូតដល់ពេលនេះ អង់គ្លេសបានផ្តល់ជំនួយប្រមាណជា ៦៥ លានផោន៕






-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត