ព័ត៌មាន
ទឹកចិត្តព្រឹទ្ធសភាចំពោះសុខទុក្ខរបស់វីរកងទ័ពជួរមុខ និងជនភៀសសឹកនៅវត្តជ្រោយនាងនួន, ប្រធានស្តីទីព្រឹទ្ធសភា និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងវីរកងទ័ពជួរមុខ
កាលពីដើមខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ក្នុងនាម សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងលោកជំទាវ អមដំណើរដោយឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា ទីប្រឹក្សា និងសមាជិកខុទ្ទកាល័យ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងវីរកងទ័ពជួរមុខ តាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖
-នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមប្រធានស្តីទី ព្រឹទ្ធសភា បានដឹកនាំសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីក្រុមហ៊ុន NAOS France/LABORATOIRE BIODERMA ប្រទេសបារាំង អញ្ជើញចុះពិនិត្យព្យាបាលជំងឺដោយមិនយកកម្រៃ និងចែកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗជាបន្តបន្ទាប់ ជូនប្រជាពលរដ្ឋភៀសសឹក ចំនួន៦៥០ គ្រួសារ និងវីរកងទ័ពជួរមុខ មកពីប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ ដែលបានប្រព្រឹត្តទៅនៅវត្តជ្រោយនាងនួន ស្ថិតក្នុងឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប។
-នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមប្រធានស្តីទី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា ជាសម្ភារៈប្រើប្រាស់ និងថ្នាំពេទ្យជូនដល់វីរកងទ័ពជួរមុខនៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ខេត្តសៀមរាប និងជូនដល់វីរកងទ័ពជួរមុខ នៅកងពលអន្តរាគមន៍ធំលេខ៣ និងកងពលអន្តរាគមន៍តូចលេខ៩ ខេត្តព្រះវិហារ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់វីរយុទ្ធជនដែលកំពុងឈរជើងយ៉ាងរឹងមាំនៅគ្រប់ទីកន្លែង និងជូនដល់បងប្អូន អ៊ំ ពូ មីង ក្មួយៗ និងចៅៗជាជនភៀសសឹកទាំងអស់ដែលកំពុងស្នាក់នៅក្នុងបរិវេណវត្តជ្រោយនាងនួន។
ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានសម្តែងនូវការគោរព និងការដឹងគុណដ៏ជ្រាលជ្រៅបំផុត ជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនជួរមុខ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ព្រមទាំងប្រសិទ្ធពរជ័យជូនវីរយុទ្ធជនដ៏អង់អាចក្លាហាននៅតាមព្រំដែន ឱ្យបានជួបតែសុខសុវត្ថិភាព និងទទួលបានជ័យជម្នះលើសមរភូមិ ជាពិសេសវាយបំបាក់ឱ្យបរាជ័យរាល់ការប៉ុនប៉ងរំលោភបំពាន និងមហិច្ឆតាប្លន់ទឹកដីរបស់កងទ័ពថៃឈ្លានពាន។ ឯកឧត្តមប្រធានស្តីទី ក៏បានសម្តែងនូវមោទនភាពជាតិខ្ពស់ចំពោះទឹកចិត្តស្នេហាជាតិ សាមគ្គីឯកភាពជាតិជាធ្លុងមួយរបស់ប្រជាពលរដ្ឋនៅគ្រប់ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេស ដែលបាន និងបន្តជួយគាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈដល់សមរភូមិមុខ ក៏ដូចជាដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ដោយបានសង្កត់ធ្ងន់ថា ទឹកចិត្តចូលរួមខ្លាំងក្លារបស់បងប្អូនទាំងអស់នេះ បានប្រែក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លានៃការរួបរួមសាមគ្គី ឯកភាពជាតិ ក្នុងការការពារជាតិរួមរបស់យើង។
ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានជំនឿជឿជាក់លើការដឹកនាំប្រកបដោយគិតិបណ្ឌិត និងវៃឆ្លាតរបស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការចាត់វិធានការនានាដើម្បីការពារបូរណភាពដែនដី និងដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញ អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន សំដៅធានាបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនជាតិមាតុភូមិ។
ឆ្លើយតបទៅនឹងទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ តំណាងវីរយុទ្ធជននៅសមរភូមិ និងតំណាងប្រជាពលរដ្ឋភៀសសឹក បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសមានចិត្តដ៏បរិសុទ្ធថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី និងលោកជំទាវ ដែលជានិច្ចកាលតែងតែផ្សារភ្ជាប់ជាមួយវីរយុទ្ធជននៅតាមសមរភូមិមុខ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស៕













-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត