ព័ត៌មាន
អាជ្ញាធរភ្នំពេញផ្សព្វផ្សាយច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ ០៣ ដល់ម្ចាស់ទីតាំងស្នាក់នៅប្រមូលផ្តុំ ដើម្បីរួមគ្នាលុបបំបាត់បទល្មើសទាំងស្រុង
ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវចូលរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីឈានទៅលុបបំបាត់បទល្មើស Online Scam នៅទូទាំងរាជធានីភ្នំពេញ។ បើបទល្មើសទាំងនេះត្រូវបានលុបបំបាត់ អ្នកដែលទទួលបានផលប្រយោជន៍ច្រើនជាងគេ គឺម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំនេះហើយ។
ការណែនាំរបស់ ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ទៅដល់ម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនា
នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានបន្តថា ក្នុងនាមអាជ្ញាធរដែលជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋតែងការពារ និងគិតគូរពីផលប្រយោជន៍ពលរដ្ឋ ភ្ញៀវបរទេស ដែលមកស្នាក់នៅកម្ពុជាស្របច្បាប់ មិនបង្ករបទល្មើសផ្សេងៗ យើងស្វាគមន៍ពួកគាត់។តែបើពួកគាត់មកកម្ពុជា ដើម្បីបង្ករបទល្មើស ប្រទេសកម្ពុជាក៏មានច្បាប់ ដើម្បីអនុវត្តទោសទណ្ឌពួកគាត់ដែរ។ ដូច្នេះត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា គ្មានបទល្មើស Online Scam ដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ បង្កើតគ្រូបតេឡេក្រាមមួយ ជាមួយម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំក្នុងភូមិសាស្រ្តរបស់ខ្លួន ដើម្បីងាយស្រួលទំនាក់ទំនងគ្នា ជាពិសេសគឺអាចផ្តល់ព័ត៌មាន ឬរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានអំពីភាពមិនប្រក្រតី ឬបទល្មើស Online Scam បានគ្រប់ពេលវេលា។ លើសពីនេះទៀត ឯកឧត្តមអភិបាលក៏បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់មិនត្រូវពាក់ព័ន្ធ ឬទារប្រាក់ពីម្ចាស់ទីតាំងដាច់ខាត គឺត្រូវបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់។
កម្មវិធីផ្សព្វផ្សាយនេះមានការចូលរួមពីតំណាងម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញចំនួនជាង៤០០នាក់ ជាមួយនឹងការធ្វើបទបង្ហាញពីលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានី និងលោកប្រធានការិយាល័យជនបរទេសនៃស្នងការដ្ឋាននគរបាលរាជធានីផងដែរ។
លោក ហ៊ុន សុរិទ្ធី បានលើកឡើងថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន៩ទំព័រ ៥ជំពូក និង២៤មាត្រា ហើយក្នុងច្បាប់នេះ លោកលើកឡើងតែចំនួន៦មាត្រាតែប៉ុណ្ណោះ ដើម្បីពន្យល់បន្ថែមដល់ម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំឱ្យបានយល់ដឹងបន្ថែម។ ទោះបីជាយ៉ាងណាក្តី លោកអភិបាលរងបានជំរុញឱ្យម្ចាស់ទីតាំង បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំទាំងអស់ពិនិត្យច្បាប់នេះឱ្យបានលម្អិតល្អន់ ជៀសវាងមានបញ្ហា ឈានទៅមានទោសទណ្ឌ ដោយគិតមកដល់ពេលនេះ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបង្ក្រាបបទល្មើស Online Scam បានចំនួន១៤២ទីតាំងហើយ។
មុននឹងបញ្ចប់ពិធីផ្សព្វផ្សាយ អាជ្ញាធររាជធានីភ្នំពេញបានផ្តល់ឱកាសជូនតំណាងម្ចាស់ទីតាំងដែលចូលរួមលើកឡើងពីចំណាប់អារម្មណ៍ ឬសំណួរ និងចម្ងល់ផ្សេងៗ ហើយចម្ងល់ទាំងនោះត្រូវបានធ្វើការបកស្រាយ និងពន្យល់លម្អិតដោយវាគ្មិន ព្រមទាំងការពន្យល់បន្ថែមដោយឯកឧត្តមអភិបាលរាជធានីភ្នំពេញផងដែរ។ ក្រោយបានស្តាប់ការបកស្រាយរួច តំណាងម្ចាស់ទីតាំងដែលបានចូលរួមទាំងអស់មានក្តីសប្បាយរីករាយ ដោយបង្ហាញនូវការប្តេជ្ញាចិត្តចូលរួមគាំទ្រ និងសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់រាល់បទល្មើសនានា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះឱ្យបានល្អប្រសើរ៕








អត្ថបទ ៖ ប្រាក់ វ៉ាន់ដា
-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត