ព័ត៌មាន
កម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមអាហារពេលព្រឹកការងារជាមួយ ឯកឧត្តម ឡេ មិញ ហ៊ុង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។
ក្នុងឱកាសនៃជំនួប ថ្នាក់ដឹកនាំនៃប្រទេសទាំងបីបានសម្តែងនូវការរីករាយចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃជំនួបអាអាហារពេលព្រឹកជាប្រពៃណី រវាងនាយករដ្ឋមន្ត្រីទាំងបី ដែលជាវេទិកាសម្រាប់ការផ្លាស់ប្តូរព័ត៌មាន និងការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ។ ថ្នាក់ដឹកនាំក៏បានសង្កត់ធ្ងន់ថា ក្នុងបរិការណ៍ដែលស្ថានភាពតំបន់ និងពិភពលោកបន្តប្រែប្រួលប្រកបដោយភាពស្មុគស្មាញ ការបន្តពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបីកាន់តែមានសារៈសំខាន់។ ថ្នាក់ដឹកនាំទាំងបី ក៏បានពិភាក្សាអំពីអាទិភាព និងគំនិតផ្តួចផ្តើមសំដៅជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនយោបាយ, សន្តិសុខ និងការពារជាតិ, សេដ្ឋកិច្ច និងពាណិជ្ជកម្ម, ការវិនិយោគ, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការតភ្ជាប់ថាមពល និងការតភ្ជាប់ទេសចរណ៍ រួមទាំងការបង្កើនជើងហោះហើរត្រង់ទៅវិញទៅមករវាងប្រទេសទាំងបី។
ក្នុងឱកាសនោះ សម្តេចធិបតីបានសង្កត់ធ្ងន់លើការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដោយផ្អែកលើឧត្តមភាពរៀងៗខ្លួននៃប្រទេសទាំងបី។ សម្តេចធិបតីក៏បានគូសបញ្ជាក់អំពីការបន្តជំរុញការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន និងការផ្លាស់ប្តូរទំនិញ។ ជាមួយប្រទេសឡាវ សម្តេចធិបតីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការជ្រើសរើសទីតាំងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ (កម្ពុជា) – ទន្លេសេឡាំផាវ (ឡាវ) ។ ជាមួយប្រទេសវៀតណាម សម្តេចធិបតីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការកំណត់ទីតាំងតភ្ជាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ។ ជាមួយគ្នានេះ សម្តេចធិបតីក៏បានផ្តួចផ្តើមឱ្យមានការពិនិត្យលទ្ធភាពក្នុងការអភិវឌ្ឍគម្រោងតភ្ជាប់បណ្តាញអគ្គិសនីរវាងប្រទេសទាំងបី តាមរយ:ការប្រើប្រាស់បណ្តាញបញ្ជូនអគ្គីសនីដែលមានស្រាប់ ព្រមទាំងបានលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធ នៃប្រទេសទាំងបី ពិនិត្យលទ្ធភាពរៀបចំកញ្ចប់ផលិតផលទេសចរណ៍រួម។
មុននឹងបញ្ចប់ សម្តេចធិបតីបានអញ្ជើញថ្នាក់ដឹកនាំឡាវ និងវៀតណាម ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងខែវិច្ឆិកា ឆ្នាំនេះ៕










-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត