ព័ត៌មាន
កសិដ្ឋានផ្សិតប៊ូតុង ប្រើបច្ចេកវិទ្យាខ្ពស់ ដើម្បីផ្គត់ផ្គង់ផ្សិតមានគុណភាពល្អដល់ទីផ្សារកម្ពុជា
ភ្នំពេញ៖ វិស័យកសិកម្មនៅកម្ពុជា កំពុងបន្តអភិវឌ្ឍឆ្ពោះទៅរកភាពទំនើប តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងការផលិត ដើម្បីធានាគុណភាព និងបង្កើនទិន្នផល។ ក្នុងនោះ កសិដ្ឋានផ្សិតប៊ូតុង របស់ក្រុមហ៊ុនមួយ បានក្លាយជាសហគ្រាសកសិកម្មឈានមុខមួយ ដែលមានជំនាញក្នុងការដាំដុះ និងចែកចាយផ្សិតប៊ូតុងពណ៌ស និងពណ៌ត្នោត ដោយអនុវត្តស្តង់ដារដាំដុះបែបអឺរ៉ុប រួមជាមួយជំនាញក្នុងស្រុក ដើម្បីផ្គត់ផ្គង់ផ្សិតស្រស់ និងមានគុណភាពខ្ពស់ដល់ទីផ្សារកម្ពុជា។
ក្រុមហ៊ុន Happy Sprouts Co., Ltd. មានមូលដ្ឋាននៅរាជធានីភ្នំពេញ និងត្រូវបានបង្កើតឡើងដោយមានចក្ខុវិស័យធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា។ ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាគ្រប់គ្រងអាកាសធាតុក្នុងបន្ទប់បណ្តុះផ្សិត ដើម្បីធានាថាផ្សិតមានគុណភាពស្តង់ដារ និងអាចផ្គត់ផ្គង់បានជាប្រចាំទៅកាន់ទីផ្សារ និងវិស័យម្ហូបអាហារ។
លោក ប៉ាវ ដានូ អ្នកគ្រប់គ្រងកសិដ្ឋាន ផ្សិតប៊ូតុង បានប្រាប់ BTV ថា ការដាំដុះផ្សិតប៊ូតុងមានលក្ខណៈខុសពីផ្សិតប្រភេទផ្សេងៗ ព្រោះវាត្រូវការសីតុណ្ហភាពត្រជាក់ និងដីដែលសម្បូរជីវជាតិខ្ពស់ ដើម្បីរក្សាគុណភាព និងបង្កើនទិន្នផល។ ជាពិសេស ផ្សិតប៊ូតុងមានសារធាតុចិញ្ចឹមខ្ពស់ ដូចជា ប្រូតេអ៊ីន និងសារធាតុរ៉ែ ដែលជួយដល់សុខភាពអ្នកប្រើប្រាស់។ ក្នុងអំឡុងពេលប្រមូលផល កសិដ្ឋានត្រូវរក្សាសីតុណ្ហភាពចន្លោះពី ១៦ ទៅ ១៧ អង្សាសេ ដើម្បីរក្សាសំណើម និងគុណភាពផ្សិតឱ្យបានល្អ។ ចំណែក សីតុណ្ហភាពនៅក្នុងបន្ទប់បណ្តុះផ្សិត ក៏ត្រូវបានកែសម្រួលទៅតាមដំណាក់កាលលូតលាស់របស់ផ្សិត ផងដែរ។
លោកបន្ថែមទៀតថា ចាប់ពីការរៀបចំដីបណ្តុះ រហូតដល់ថ្ងៃប្រមូលផល ត្រូវការពេលប្រមាណ ២០ ទៅ ២១ ថ្ងៃ ហើយអាចប្រមូលផលបាន ៣ ដង មុនពេលរៀបចំដីសម្រាប់ការដាំដុះថ្មី។ ផ្សិតដែលប្រមូលបានមានទំហំចន្លោះពី ៥ ទៅ ៦ សង់ទីម៉ែត្រ។ បច្ចុប្បន្ន កសិដ្ឋានមានបន្ទប់បណ្តុះផ្សិតចំនួន ៤ បន្ទប់ ហើយក្នុងមួយបន្ទប់មាន ៨ រងផ្សិត ដែលអាចផ្តល់ទិន្នផលប្រមាណ ៣ ទៅ ៤ តោនក្នុងមួយខែ។ ក្រៅពីផ្គត់ផ្គង់ផ្សិតគុណភាពដល់ទីផ្សារ កសិដ្ឋានក៏បានផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរប្រមាណ ៤០ នាក់ផងដែរ។
លើសពីនេះ ក្រុមហ៊ុនមានផែនការពង្រីកកសិដ្ឋានឱ្យធំជាងមុន និងគ្រប់គ្រងខ្សែចង្វាក់ផលិតកម្មទាំងមូលដោយខ្លួនឯង ប្រសិនបើតម្រូវការទីផ្សារកើនឡើងនាពេលអនាគត។ ក្រុមហ៊ុនក៏ប្តេជ្ញាជំរុញការអនុវត្តកសិកម្មប្រកបដោយចីរភាព និងលើកកម្ពស់សុខភាពគ្រួសារកម្ពុជា តាមរយៈការផ្គត់ផ្គង់ផ្សិតស្រស់ និងមានគុណភាពខ្ពស់ដែលដាំដុះក្នុងស្រុក៕ អត្ថបទ៖ ធូ វិរៈ







-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត