ព័ត៌មាន
អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្ដបាត់ដំបង សហការជាមួយរដ្ឋបាលខេត្ដសៀមរាប បានរៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ ដើម្បីផ្លាស់ប្ដូរវប្បធម៌សិល្បៈ អប់រំ និងទេសចរណ៍។ ពិធីនេះធ្វើឡើង កាលពីថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៦ នៅសាកលវិទ្យាល័យអង្គរខេត្ដសៀមរាប ដោយមានការចូលរួមពីមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។
លោក ត្រាន់ ទួន អាញ់ TRAN Tuan Anh អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្ដបាត់ដំបង បានលើកឡើងថា មិត្តភាពប្រពៃណីរវាងវៀតណាម និងកម្ពុជា ត្រូវបានដាំដុះ ថែរក្សាតាមរយៈថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរជាច្រើនជំនាន់។ ក្នុងទំនាក់ទំនងនេះ វប្បធម៌ តែងតែដើរតួនាទីពិសេសជាស្ពានតភ្ជាប់ប្រជាជន តម្លៃប្រពៃណីជាមួយភាពទំនើប និងប្រទេសជិតខាងពីរដែលជិតស្និទ្ធគ្នា។ តាមរយៈការផ្លាស់ប្តូរវប្បធម៌ សិល្បៈ អប់រំ និងទេសចរណ៍ ប្រជាជននៃប្រទេសទាំងពីរកាន់តែយល់ចិត្តគ្នាទៅវិញទៅមក កាន់តែជិតស្និទ្ធ និងចែករំលែកតម្លៃវិជ្ជមាននៃសន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព។
លោកបន្ដថា សប្តាហ៍វប្បធម៌វៀតណាម នៅកម្ពុជាឆ្នាំនេះ នៅតែជាសក្ខីភាពដ៏រស់រវើកមួយ ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ ក្នុងវិស័យ វប្បធម៌ និងការផ្លាស់ប្តូរប្រជាជន។ ការសម្តែងសិល្បៈ ការតាំងពិព័រណ៍វប្បធម៌ និងការផ្លាស់ប្តូរដែលបានធ្វើឡើងនៅថ្ងៃនេះ មិនត្រឹមតែរួមចំណែកដល់ការណែនាំរូបភាពនៃប្រទេសវៀតណាម និងប្រជាជនរបស់ខ្លួនដល់មិត្តភក្តិកម្ពុជាប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅផងដែរ។លោកបន្ថែមថា សកម្មភាពផ្លាស់ប្តូរនៅសាកល វិទ្យាល័យអង្គរ បានចូលរួមចំណែកដល់ការជួយនិស្សិត និងសហគមន៍មក នៃប្រទេសទាំងពីរ ឱ្យយល់កាន់តែច្បាស់អំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងប្រជាជន របស់គ្នាទៅវិញទៅមក ដែលជំរុញស្មារតីនៃការគោរព ការចែករំលែក និងកិច្ចសហប្រតិបត្តិការនាពេលអនាគត។
លោកបញ្ជាក់ថា ក្នុងបរិបទនៃការប្រែប្រួលក្នុងតំបន់ និងសកលលោកដ៏ស្មុគស្មាញ ការពង្រឹងការផ្លាស់ប្តូរវប្បធម៌ និងការអប់រំ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន បានរួមចំណែកដល់ការកសាងមិត្តភាព ការ ជឿទុកចិត្ត និងការតភ្ជាប់ រវាងប្រជាជាតិទាំងពីរ។លោកជឿជាក់ថា តាមរយៈការផ្លាស់ប្តូរផ្នែកសិក្សា និងសិល្បៈ យុវជនមកពី ប្រទេសវៀតណាមនិងកម្ពុជា នឹងមានឱកាសកាន់តែច្រើនក្នុងការរៀនសូត្រពីគ្នា ទៅវិញទៅមក ពង្រីកការយល់ដឹងរបស់ពួកគេ និងរួមគ្នាកសាង សហគមន៍ អាស៊ានមួយ ដែលមានសាមគ្គីភាព ប្លែក និងអភិវឌ្ឍប្រកបដោយចីរភាព។
លោក លី សារី អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា សប្ដាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២៦ ត្រូវ បានចាត់ទុកជាទំព័រប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀត សម្រាប់ខេត្តសៀមរាប ខណៈដែលខេត្ដមួយនេះ ពេញទៅដោយសក្តានុពលផ្នែកប្រវត្តិសាស្ត្រ វប្បធម៌ បេតិកភណ្ឌ និងទេសចរណ៍របស់ប្រទេសកម្ពុជា ដែលជាសម្បត្តិវប្បធម៌ដ៏អស្ចារ្យ និងជាកេរ្តិ៍មរតកវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។លោកបន្ដថា ការសម្តែងសិល្បៈនាឱកាសនេះ គឺជាការអនុវត្តផ្នែកមួយដ៏សំខាន់នៃផែនការសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ រវាងក្រសួងវប្បធម៌នៃប្រទេសទាំងពីរ ក្នុងការចូលរួមពង្រឹងនិងពង្រីកការផ្លាស់ប្ដូរផ្នែកវប្បធម៌ និងសិល្បៈ ដែលស្របទៅតាមមាគ៌ានយោបាយការបរទេសដែលមានលក្ខណៈប្រាកដនិយមរបស់រាជរដ្ឋាភិបាល នៃប្រទេសកម្ពុជា និងរដ្ឋាភិបាល នៃប្រទេសវៀតណាម៕




-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត