Connect with us

ព័ត៌មាន

ទោះបីសកលលោកប្រែប្រួល និងមានបញ្ហាព្រំដែន៖ កម្ពុជាប្តេជ្ញាឈរក្រោមឆត្រ UN និងបន្តបញ្ជូន កងទ័ពមួកខៀវជាច្រើនទៅរក្សាសន្តិភាពពិភពលោក

វិមានរដ្ឋសភា៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអះអាងពីជំហរម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ (UN) ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីរួមចំណែកថែរក្សាសន្តិភាពពិភពលោក បើទោះបីជាស្ថានភាពសន្តិសុខសកលកំពុងប្រែប្រួល និងទទួលរងផលប៉ះពាល់ពីបញ្ហាប្រឈមផ្នែកព្រំដែនក្តី។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ លោកជំទាវ វ្លាដានកា អានឌ្រីវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលប្រចាំការរបស់អង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ។

ក្នុងជំនួបនោះ សម្តេចរដ្ឋសភាធិបតីបានសង្កត់ធ្ងន់ថា សណ្តាប់ធ្នាប់ពិភពលោក និងការគោរពគ្នាទៅវិញទៅមក គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បណ្តាប្រទេសទាំងអស់នៅលើសកលលោក។ ស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជានៃសណ្តាប់ធ្នាប់សកលនាពេលបច្ចុប្បន្ន បណ្តាប្រទេសទាំងអស់ ជាពិសេសប្រទេសតូចៗអាចរស់នៅក្រោមឆត្រ

របស់អង្គការសហប្រជាជាតិប្រកបដោយសុខសន្តិភាពទៅបាន លុះត្រាតែមានការគោរព និងផ្អែកលើច្បាប់អន្តរជាតិជាចម្បង។

សម្តេចមហារដ្ឋសភាធិបតី បានគូសបញ្ជាក់បន្ថែមថា កម្ពុជានៅតែជ្រើសរើសឈរស្របនឹងសសរស្តម្ភរបស់អង្គការសហប្រជាជាតិ ដោយបន្តបេសកកម្មរបស់ខ្លួនរួមចំណែកដល់ការរក្សាសន្តិភាព និងសន្តិសុខសម្រាប់មនុស្សជាតិទាំងមូល។ ជាមួយគ្នានេះ កម្ពុជានឹងប្រើប្រាស់សំឡេងរបស់ខ្លួន ក្នុងនាមជាសមាជិកមួយរបស់អង្គការសហប្រជាជាតិ ដើម្បីធ្វើជាចំណែកដ៏មានប្រយោជន៍ និងមានសារៈសំខាន់ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាដែលពិភពលោកកំពុងជួបប្រទះ។

បន្ថែមលើនេះ កម្ពុជាក៏កំពុងខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារនានារបស់ UN ដើម្បីគាំទ្រដល់បេសកកម្មស្នូលនិងរក្សានូវសុខដុមរមនារវាងបណ្តាប្រទេសទាំងអស់ជុំវិញពិភពលោកផងដែរ។

សម្តេចប្រធានរដ្ឋសភា បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជានៅតែបន្តបញ្ជូនកងទ័ពមួកខៀវប្រមាណ ៨០០ នាក់ (ក្នុងនោះមានកងកម្លាំងជានារីចំនួន ៨០ នាក់) ទៅបំពេញបេសកកម្មមនុស្សធម៌ និងរក្សាសន្តិភាពនៅតាមបណ្តាប្រទេសជាច្រើននៅលើពិភពលោក។

គួររំលឹកផងដែរថា គិតត្រឹមឆ្នាំ២០២៦ នេះ កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវសរុបប្រមាណជាង ១ ម៉ឺននាក់ រួចមកហើយ ទៅកាន់ប្រទេសចំនួន ១០ រួមមានជាអាទិ៍៖ ប្រទេសលីបង់ ស៊ូដង់ខាងត្បូង ម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងយេម៉ែន ជាដើម ដើម្បីចូលរួមក្នុងបេសកកម្មថែរក្សាសន្តិភាព និង    ផ្តល់ជំនួយមនុស្សធម៌

ក្រោមឆត្ររបស់អង្គការសហប្រជាជាតិប្រកបដោយជោគជ័យ ដែលបានរួមចំណែកនាំមកនូវមោទនភាពសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់រូប។

ជាការឆ្លើយតប លោកជំទាវ វ្លាដានកា អានឌ្រីវ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានផ្តល់ឱកាសទទួលជួបពិភាក្សាការងារ ព្រមទាំងបានសម្របសម្រួល និងគាំទ្រដល់ក្រុមការងារ UN ក្នុងការបំពេញភារកិច្ចនានាប្រកបដោយជោគជ័យនាពេលកន្លងមក។ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់កម្ពុជាក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ជាពិសេសលើបេសកកម្មរក្សាសន្តិភាពពិភពលោក ដោយកម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសដែលធ្លាប់ទទួលកងទ័ពមួកខៀវ ទៅជាប្រទេសដែលបានបញ្ជូនកងកម្លាំងមួកខៀវជាបន្តបន្ទាប់ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។

លោកជំទាវ វ្លាដានកា អានឌ្រីវ៉ា ក៏បានថ្លែងនូវការកោតសរសើរ និងពេញចិត្តជាខ្លាំងចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងក្រសួង-ស្ថាប័នរបស់កម្ពុជា ពិសេសរវាងរដ្ឋសភា ជាមួយនឹងទីភ្នាក់ងារនានារបស់ UN នៅកម្ពុជា លើការអនុវត្តវិស័យសំខាន់ៗ រួមមាន វិស័យសុខាភិបាល ការអប់រំ បច្ចេកវិទ្យា និងការលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនិងក្មេងស្រី។ ក្នុងនោះ តាមរយៈកម្មវិធី «សភាត្រាប់» ដែលបានរៀបចំនៅវិមានរដ្ឋសភានាពេលថ្មីៗនេះ គឺសម្រេចបានលទ្ធផលយ៉ាងត្រចេះត្រចង់។

ជាទីបញ្ចប់ លោកជំទាវបានបញ្ជាក់ថា ទីភ្នាក់ងារ UN នៅកម្ពុជានឹងបន្តពង្រឹងភាពជាដៃគូយ៉ាងសកម្មជាមួយបណ្តាក្រសួង-ស្ថាប័ន និងរដ្ឋសភាកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងគោលដៅជួយគាំទ្រកម្ពុជាក្នុងការចាកចេញពីស្ថានភាពជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នាពេលខាងមុខ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia