ព័ត៌មាន
សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅតុលាការអន្តរជាតិម្តងទៀតឬ?»
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានបន្តចែករំលែកអត្ថបទវិភាគថ្មីមួយទៀតរបស់ លោក Surachart Bamungsuk ជាជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ។ អត្ថបទនោះ មានចំណងជើងថា «អន្ទាក់របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅតុលាការអន្តរជាតិម្តងទៀតឬ?»។
តាមរយៈសារលើបណ្ដាញសង្គមខាងលើ សម្តេចតេជោ ហ៊ុន សែន មិនបានធ្វើអត្ថាធិប្បាយអ្វីបន្ថែមនោះឡើយ ដោយគ្រាន់តែចែករំលែកនូវអត្ថបទបកប្រែក្រៅផ្លូវការ ដែលមានខ្លឹមសារដើមទាំងស្រុងតែម្តង៖
ថ្ងៃនះខ្ញុំមានការចាប់អារម្មណ៍ទៅលើអត្ថបទរបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ ដែលមានចំណងជើងថា «អន្ទាក់របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅតុលាការអន្តរជាតិម្តងទៀតឬ?»។
ខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបបន្ថែម។ ខ្ញុំមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោក សូមទុកឱ្យប្រជាជនទាំងពិរពិចារណាលើអ្វីដែលោក Surachart បានសរសេរៀបរាប់។ ខាងក្រោមខ្លឹមសារអត្ថបទទាំងស្រុង៖
១៖ នៅពេលដែលលោក Anutin បានចេញមកប្រកាសទៅកាន់កម្ពុជា កាលពីថ្ងៃទី២៧ ខែឧសភាថា «ប្រទេសថៃនឹងប្រកាន់ខ្ជាប់តែលើផែនទីខ្នាត 1:50,000 ប៉ុណ្ណោះ ហើយប្រសិនបើនៅតែចង់ប្រើផែនទីខ្នាត 1:200,000 គឺមិនបាច់មកជជែកជាមួយប្រទេសថៃឡើយ» អ្នកវិទ្យាសាស្ត្រ និងអ្នកវិភាគកម្រិតជាតិ បែរជាចេញមកព្រមានភ្លាមៗថា «ប្រយ័ត្នវានឹងនាំប្រទេសដើរចូលអន្ទាក់ច្បាប់ ដែលធ្លាប់ធ្វើឱ្យថៃចាញ់ក្តីនៅតុលាការពិភពលោក រួចមកហើយរហូតដល់ទៅ 2 ដង»។
២៖ អ្នកវិទ្យាសាស្ត្ររូបនោះ គឺសាស្ត្រាចារ្យ Surachart Bamrungsuk ដែលជាសាស្ត្រាចារ្យជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកជំនាញខាងកិច្ចការយោធា និងសន្តិសុខ។ ខ្សែបន្ទាត់ព្រំដែនរវាងថៃនិងកម្ពុជា មានឫសគល់តាំងពីសម័យដែលសៀម និងបារាំង បានធ្វើសន្ធិសញ្ញានៅកាលពីរាប់រយឆ្នាំមុន។
៣៖ សៀម និងបារាំង បានចុះហត្ថលេខាលើសន្ធិសញ្ញាចំនួន ៣ច្បាប់ ហើយនៅពេលសរសេរសន្ធិសញ្ញារួចរាល់ ក៏ត្រូវមកគូសវាស់ខ្សែបន្ទាត់ជាក់ស្តែងនៅលើផ្ទៃដី។ ហេតុនេះ ទើបគេបង្កើតគណៈកម្មការបោះបង្គោលព្រំដែនរួមគ្នា ដើម្បីដើរអង្កេតភ្នំ ទន្លេ និងខ្សែផ្លូវទឹក (watershed) រួចរៀបចំបង្កើតឡើងជាផែនទី នោះគឺ «ផែនទីបោះបង្គោលព្រំដែន» ដែលបានធ្វើរួចរាល់នៅទី
ក្រុងប៉ារីស រួចផ្ញើមកឱ្យរដ្ឋាភិបាលសៀម តាមរយៈស្ថានទូតសៀមប្រចាំទីក្រុងប៉ារីសនៅខែសីហា ឆ្នាំ១៩០៨។
៤៖ ផែនទីបោះបង្គោលព្រំដែនឈុតនេះ គឺមានខ្នាត 1:200,000 ដោយលោកសាស្ត្រាចារ្យ Surachart បានពន្យល់យ៉ាងច្បាស់ថា «ផែនទីខ្នាត 1:50,000 ដែលថៃយកមកអះអាងនោះ តាមពិតទៅ គឺជាផែនទីដែលកងទ័ពអាមេរិក បានធ្វើឡើងនៅក្នុងយុគសម័យសង្គ្រាមវៀតណាម»។
វាជាផែនទីទាហាន ឬផែនទីយុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធមិនមែនជាផែនទីដែលធ្វើឡើងក្នុងគោលបំណងបោះបង្គោលព្រំដែនឡើយ ហើយក៏មិនដែលទទួលបានការផ្តល់សច្ចាប័នពីភាគីណាមួយនោះដែរ។
៥៖ ពាក្យថា «ផ្តល់សច្ចាប័ន» គឺមានន័យថា «ប្រទេសទាំងពីរ បានចុះហត្ថលេខាទទួលស្គាល់រួមគ្នាជាផ្លូវការ និងមានចងកាតព្វកិច្ចខាងផ្លូវច្បាប់»។
ផែនទីបោះបង្គោលព្រំដែនខ្នាត 1:200,000 នោះ បានឆ្លងកាត់ដំណើរការនេះរួចរាល់ហើយ ប៉ុន្តែផែនទីទាហានខ្នាត 1:50,000 គឺថៃធ្វើឡើង តែម្នាក់ឯង ដោយភាគីកម្ពុជា មិនបានចុះហត្ថលេខាទទួលស្គាល់ជាមួយឡើយ។
៦៖ លោកសាស្ត្រាចារ្យ ក៏បានបញ្ជាក់ទៀតថា នៅក្នុងវេទិកាច្បាប់អន្តរជាតិ គេពិនិត្យទៅលើ «ភាពត្រឹមត្រូវខាងផ្លូវច្បាប់» មិនមែនពិនិត្យទៅលើភាពលម្អិតរបស់ផែនទីនោះទេ បើទោះបីជាផែនទីខ្នាត 1:50,000 មានភាពលម្អិតជាង ច្បាស់ជាង ឬស្អាតជាងក៏ដោយ ប៉ុន្តែបើគ្មានការទទួលស្គាល់រួមគ្នាទេ គឺមិនអាចយកទៅប្រើប្រាស់ដើម្បីអះអាងសិទ្ធិនៅក្នុងតុលាការបានឡើយ។
៧៖ ប្រភពផែនទីខ្នាត 1:50,000 ដែលលោកនាយករដ្ឋមន្ត្រីជ្រើសរើសមកប្រើប្រាស់ មានការសរសេរប្រយោគសម្គាល់ទុកថា «Boundary representation is not necessarily authoritative» ដែលមានន័យថា «ខ្សែបន្ទាត់ព្រំដែនដែលបានបង្ហាញនេះ មិនត្រូវបានចាត់ទុកជាខ្សែបន្ទាត់ផ្លូវការឡើយ»។
៨៖ ប្រសិនបើយើងទៅតុលាការ ហើយយើងលើកផែនទីនេះទៅបង្ហាញ រួចនិយាយថា «ខ្សែបន្ទាត់ព្រំដែនស្ថិតនៅត្រង់នេះ បើយោងតាមផែនទីរបស់ខ្ញុំ» ហើយនៅពេលចៅក្រមក្រឡេកទៅអាននៅលើគែមផែនទី បែរជាជួបប្រយោគដែលសរសេរថា «ខ្សែបន្ទាត់ព្រំដែនដែលបង្ហាញនេះ មិនត្រូវបានចាត់ទុកជាខ្សែបន្ទាត់ផ្លូវការឡើយ» វាប្រៀបដូចជាយើងយកភស្តុតាង ដែលគ្មានភាពគួរឱ្យទុកចិត្ត ទៅដាក់ជូនតុលាការពិនិត្យ។
៩៖ និយាយឱ្យសាមញ្ញ គឺវាជាភស្តុតាង ដែលបានចុះហត្ថលេខាបដិសេធខ្លួនឯងតាំងពីដំបូងមកម្ល៉េះ ដែលធ្វើឱ្យទម្ងន់នៃភស្តុតាងរបស់យើងត្រូវបាត់បង់ស្ទើរតែទាំងស្រុង។
ចំណុចនេះ គឺត្រូវគ្នានឹងគោលការណ៍ ដែលតុលាការពិភពលោកតែងតែប្រើប្រាស់ជាដរាបមក គឺតុលាការចាត់ទុកថា «ផែនទីជាទូទៅគ្រាន់តែជាភស្តុតាងបន្ទាប់បន្សំ ឬភស្តុតាងតាមកាលៈទេសៈ មិនមែនជាភស្តុតាងសន្និដ្ឋាននោះទេ»។
១០៖ ធ្លាប់មានក្តីវិវាទព្រំដែនរវាងប្រទេស Burkina Faso និងប្រទេស Niger ដែលតុលាការពិភពលោកបានសង្កត់ធ្ងន់លើគោលការណ៍នេះយ៉ាងច្បាស់លាស់ថា «ផែនទីនឹងមានទម្ងន់ លុះត្រាតែវាត្រូវបានចងភ្ជាប់ជាមួយនឹងសន្ធិសញ្ញា ឬមានការទទួលស្គាល់ពីភាគីទាំងសងខាង»។
១១៖ លោក Surachart ទើបប្រើពាក្យថា «ផែនទីទាហានដែលនាយករដ្ឋមន្ត្រីថៃ មានទំនុកចិត្តខ្លាំងណាស់នោះគឺជា «ភាពមានប្រៀបដែលមិនពិតប្រាកដ» ដោយវាគ្រាន់តែមើលទៅដូចជាយើងមានប្រៀប មើលទៅដូចជាខ្សែបន្ទាត់អំណោយផលដល់យើង តែពេលយកចូលទៅតុលាការជាក់ស្តែងគឺប្រើមិនកើតនោះទេ ពីព្រោះខ្លួនវាផ្ទាល់បានប្រកាសនៅលើគែមក្រដាសថា មិនមែនជាឯកសារកំណត់ខ្សែបន្ទាត់ព្រំដែនឡើយ»។
១២៖ មួយវិញទៀត មានទស្សនៈមួយទៀត បានស្នើឡើងថា «ក្នុងន័យដែលផែនទីខ្នាត 1:50,000 ប្រើប្រាស់ក្នុងតុលាការមិនបាន ប៉ុន្តែផែនទីបោះបង្គោលព្រំដែនដែលប្រើប្រាស់បាន បែរជាផែនទីខ្នាត 1:200,000 ដែលនាយករដ្ឋមន្ត្រីមិនទទួលស្គាល់ទៅវិញ នោះយើងគួរតែ «លុបចោលទាំងអស់ទៅ» ដោយមិនចាំបាច់ទទួលស្គាល់ទាំងផែនទីបោះបង្គោលព្រំដែន និងមិនបាច់ទទួលស្គាល់ទាំងសន្ធិសញ្ញាទាំង 3 ច្បាប់នោះឡើយ គឺហែកចោលឱ្យអស់ រួចចាប់ផ្តើមរាប់ពីលេខមួយឡើងវិញ។
១៣៖ លោក Surachart បានសង្កត់ធ្ងន់យ៉ាងច្បាស់ថា «នេះគឺជាគ្រោះមហន្តរាយ» និងជារឿងដែលមិនអាចទៅរួចឡើយទាំងក្នុងផ្លូវប្រតិបត្តិ និងក្នុងផ្លូវប្រវត្តិសាស្ត្រ ពីព្រោះសន្ធិសញ្ញាទាំង៣ច្បាប់ ជាមួយនឹងផែនទីបោះបង្គោលព្រំដែនឈុតនោះ គឺជាប័ណ្ណកម្មសិទ្ធិដីធ្លី របស់ថៃតាំងពីសម័យសៀមរហូតមកដល់សព្វថ្ងៃនេះ»។
១៤៖ វាគឺជាគ្រឿងធានាអះអាងថា «ខ្សែបន្ទាត់ព្រំដែនត្រង់នេះជារបស់ថៃ ត្រង់នោះជារបស់កម្ពុជា។ បើយើងហែកវាចោល វាស្មើនឹងយើងគ្រវែងចោលប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ខ្លួនឯង ដែលទង្វើនេះ នឹងធ្វើឱ្យភាគីកម្ពុជាទទួលបានផលប្រយោជន៍ពេញទំហឹង ពីព្រោះនៅពេលដែលគ្មានសន្ធិសញ្ញាជាក្របខ័ណ្ឌ គ្រប់យ៉ាងនឹងបើកចំហឱ្យមានការជជែកវែកញែកសារជាថ្មី ហើយយើងក៏អាចនឹងត្រូវបាត់បង់ដីធ្លីដែលធ្លាប់ជារបស់យើងពិតប្រាកដរួចទៅហើយនោះថែមទៀតផង»។
១៥៖ លើសពីនេះ សន្ធិសញ្ញានិងផែនទីឈុតនេះ មិនមែនគ្រប់គ្រងតែខ្សែបន្ទាត់ព្រំដែនថៃ និងកម្ពុជាប៉ុណ្ណោះទេ គឺវាគ្របដណ្តប់រហូតទៅដល់ខ្សែបន្ទាត់ព្រំដែនថៃនិងឡាវទៀតផង ពោលគឺវាគ្រប់គ្រងខ្សែបន្ទាត់ព្រំដែនភាគខាងកើតរបស់ថៃពេញមួយខ្សែ។
ប្រសិនបើយើងប្រកាសហែកសន្ធិសញ្ញាចោល ព្រោះគ្រាន់តែចង់សងសឹកកម្ពុជាដែលប្រើផែនទីខ្នាត 1:200,000 វាក៏នឹងធ្វើឱ្យខ្សែបន្ទាត់ព្រំដែនរបស់ថៃ ជាមួយប្រទេសឡាវត្រូវរង្គោះរង្គើភ្លាមៗដូចគ្នា។
១៦៖ ជំនួសឱ្យការមានបញ្ហាជាមួយប្រទេសជិតខាងតែមួយប្រទេស យើងអាចនឹងត្រូវបើកសមរភូមិព្រមគ្នារហូតដល់ទៅពីរប្រទេស គឺទាំងជាមួយកម្ពុជា និងឡាវ។
ក្នុងផ្លូវការទូត ការប្រកាសលុបចោលកិច្ចព្រមព្រៀងអន្តរជាតិ ដែលធ្លាប់បានផ្តល់សច្ចាប័នរួចមកហើយនោះ នឹងធ្វើឱ្យថៃបាត់បង់ភាពគួរឱ្យទុកចិត្ត ដែលនឹកចង់ហែកសន្ធិសញ្ញាពេលណាក៏ធ្វើតាមអារម្មណ៍ ដែលវានឹងជះឥទ្ធិពលដល់កិត្យានុភាពរបស់ថៃនៅលើឆាកអន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
១៧៖ លោក Surachart ក៏បានសរសេររៀបរាប់នៅក្នុងលិខិតផងដែរថា «ចង់ឱ្យនាយករដ្ឋមន្ត្រីទៅសាកសួរអ្នកដែលមានចំណេះដឹង ដែលមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈពិតប្រាកដ ដែលអ្នកនោះប្រហែលជាមិនមែនជាអ្នកនយោបាយ ដូចជារដ្ឋមន្ត្រីក្រសួងការបរទេសបច្ចុប្បន្ន គឺលោក Sihasak ដែលកំពុងអង្គុយតំណែងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស
នៅក្នុងគណៈរដ្ឋមន្ត្រី»។
១៨៖ លោក Sihasak គឺជាអ្នកការទូតអាជីពដែលយល់ដឹងពីរឿងនេះ ច្បាស់ណាស់ ប៉ុន្តែប្រហែលជាត្រូវធ្វើជាមិនដឹងមិនលឺ ដើម្បីកុំឱ្យមានទំណាស់ជាមួយនឹងនាយករដ្ឋមន្ត្រីដែលបានប្រកាសពីជំហររួចទៅហើយ។ នេះហើយជាបញ្ហានៃការប្រើប្រាស់អំណាចដែលបរាជ័យ។
១៩៖ ជាធម្មតា អ្នកនយោបាយឡើងមកហើយក៏ទៅវិញ កាន់តំណែងតែប៉ុន្មានឆ្នាំក៏ត្រូវផ្លាស់ប្តូរ ប៉ុន្តែមន្ត្រីរាជការអចិន្ត្រៃយ៍ ដូចជានាយកដ្ឋានសន្ធិសញ្ញានិងច្បាប់ ឬនាយកដ្ឋានផែនទីទាហាន មនុស្សក្រុមនេះគឺជាអ្នកដែលរក្សាចំណេះដឹង រក្សាឯកសារ និងរក្សាប្រវត្តិសាស្ត្រមក
រាប់រយឆ្នាំ ពួកគេគឺជា «ការចងចាំរបស់ជាតិ»។
២០៖ នៅក្នុងប្រព័ន្ធដ៏ល្អ អ្នកនយោបាយជាអ្នកកំណត់ទិសដៅ ប៉ុន្តែមន្ត្រីដែលដឹងពិតប្រាកដ ត្រូវតែហ៊ានចេញមុខជំទាស់ ប្រសិនបើទិសដៅនោះនឹងនាំប្រទេសដើរធ្លាក់ជ្រោះ។
ប៉ុន្តែអ្វីដែលសាស្ត្រាចារ្យ Surachart មានក្តីបារម្ភ គឺបើសូម្បីតែរដ្ឋមន្ត្រីការបរទេសដែលជាអ្នកការទូតអាជីព នៅតែត្រូវលេបចំណេះដឹងខ្លួនឯង ដើម្បីរក្សាកៅអី ឬដើម្បីកុំឱ្យទាស់ចិត្តចៅហ្វាយនាយ តើនឹងមាននរណាហ៊ានព្រមាននាយករដ្ឋមន្ត្រីទៅ?
២១៖ នៅពេលដែលចំណេះដឹងពិតប្រាកដត្រូវបានបំបិទ មនុស្សដែលត្រូវទទួលកម្ម គឺជាប្រទេសជាតិ និងប្រជាពលរដ្ឋថៃទាំងមូល។ ការសម្រេចចិត្តរឿងខ្សែបន្ទាត់ព្រំដែនដែលខុសឆ្គង គឺមិនអាចកែប្រែត្រឡប់មកវិញបានឡើយ។ វាគឺការបាត់បង់ដីធ្លីជាអចិន្ត្រៃយ៍។
២២៖ លោកសាស្ត្រាចារ្យទើបសង្កត់ធ្ងន់ថា «មន្ត្រីរាជការដែលនៅតែមានភាពស្មោះត្រង់ និងមានវិជ្ជាជីវៈខ្ពស់នៅនាយកដ្ឋានសន្ធិសញ្ញានិងច្បាប់ ព្រមទាំងនាយកដ្ឋានផែនទីទាហាន សុទ្ធតែមានមតិយល់ឃើញដូចគ្នានឹងលោកដែរ ពោលគឺមនុស្សដែលដឹងពិតប្រាកដនៅក្នុងប្រព័ន្ធ។ គេដឹងរួចទៅហើយថា អ្វីត្រូវ ហើយអ្វីខុស។ គ្រាន់តែថា តើនឹងមាននរណាហ៊ាននិយាយវាចេញមកក្រៅដែរឬទេតែប៉ុណ្ណោះ?»
២៣៖ សាស្ត្រាចារ្យ Surachart មានចេតនាលើកយកប្រវត្តិសាស្ត្រមកប្រៀបធៀបនឹងបច្ចុប្បន្នចំៗតែម្តង ដោយលោកបានយកការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី Anutin នាថ្ងៃនេះ ទៅប្រៀបធៀបនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលលោក Sarit Thanarat នៅក្នុងក្តីប្រាសាទព្រះវិហារកាលពីអតីតកាល។
២៤៖ កាលនោះ ក្នុងក្តីប្រាសាទព្រះវិហារ ភាគីកម្ពុជាបានយកផែនទីបោះបង្គោលព្រំដែនច្បាប់ដើមមកតស៊ូក្តី ចំណែកឯភាគីថៃក្នុងយុគសម័យលោក Sarit Thanarat បែរជាយកផែនទីដែលអ្នកជំនាញភាគីថៃធ្វើឡើងដោយខ្លួនឯងមកតស៊ូទៅវិញ ហើយនៅក្នុងផែនទីដែលថៃផ្ញើជូនតុលាការអន្តរជាតិ ក៏មានប្រយោគបញ្ជាក់ថា ជាផែនទីដែលរៀបចំឡើងដោយអ្នកជំនាញថៃ។
២៥៖ លទ្ធផល គឺតុលាការអន្តរជាតិបានកាត់សេចក្តីកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដោយសំឡេង៩ ទល់នឹង៣ ឱ្យប្រាសាទព្រះវិហារធ្លាក់ទៅជាកម្មសិទ្ធិរបស់កម្ពុជា ហើយថៃ ត្រូវចាញ់ក្តី។
ហេតុផលដែលតុលាការសម្រេចបែបនេះ គឺជាចំណុចស្លាប់ដែលលោកសាស្ត្រាចារ្យចេញមកព្រមាន។ តុលាការនៅពេលនោះ មិនបានកាត់សេចក្តីដោយចុះទៅវាស់វែងខ្សែបែងចែកទឹកថា «នរណាត្រូវ ឬនរណាខុសតាមភូមិសាស្ត្រពិតប្រាកដឡើយ» ប៉ុន្តែតុលាការបានកាត់សេចក្តីដោយប្រើប្រាស់គោលការណ៍ «ការយល់ព្រមដោយប្រយោល» (Acquiescence)។
២៦៖ តុលាការបានបញ្ជាក់ថា «ទោះបីជាផែនទីបោះបង្គោលព្រំដែនឈុតនោះ អាចមិនមែនជាផែនទីផ្លូវការរបស់គណៈកម្មការបោះបង្គោលព្រំដែនក៏ដោយ ក៏ប៉ុន្តែសៀម បានទទួលផែនទីនោះ ហើយរក្សាភាពស្ងប់ស្ងាត់ និងមិនដែលធ្វើការជំទាស់តវ៉ាទាល់តែសោះអស់រយៈពេលជាង៥០ឆ្នាំ»។
២៧៖ ជាក់ស្តែងកាលពីឆ្នាំ១៩៣០ សម្តេចក្រុមព្រះ Damrong Rajanubhap ក៏បានយាងទៅទស្សនាប្រាសាទព្រះវិហារ ដោយមានមន្ត្រីបារាំង មកធ្វើការទទួលស្វាគមន៍នៅក្រោមទង់ជាតិបារាំង ហើយភាគីថៃក៏មិនបានធ្វើការតវ៉ាអ្វីដែរ។
ដូច្នេះតុលាការសន្និដ្ឋានថា «ការដែលថៃស្ងប់ស្ងាត់រហូតមក ស្មើនឹងការទទួលស្គាល់ផែនទីនោះ ដោយប្រយោលរួចទៅហើយ ហើយនៅពេលដែលទទួលស្គាល់ហើយ ផែនទីបោះបង្គោលព្រំដែននោះក៏ក្លាយជាផ្នែកមួយនៃសន្ធិសញ្ញាដោយស្វ័យប្រវត្តិតែម្តង»។
២៨៖ ចំណុចស្លាប់វាស្ថិតនៅត្រង់នេះឯង គឺមិនមែនស្ថិតនៅលើផែនទីរបស់នរណាលម្អិតជាង ឬមានមាត្រដ្ឋានល្អជាងនោះទេ។ ប៉ុន្តែវាស្ថិតនៅលើ «ឥរិយាបថរបស់រដ្ឋ» ថាបានដាក់ខ្លួនយ៉ាងណា បាននិយាយអ្វីខ្លះ បានទទួលស្គាល់ឬបដិសេធអ្វីខ្លះកន្លងមក។
២៩៖ ការដែលលោក Anutin យកផែនទីទាហានខ្នាត 1:50,000 មកលើកបង្ហាញ វាមិនខុសប្លែកអ្វីពីលោក Sarit Thanarat ដែលយកផែនទីដែលអ្នកជំនាញថៃ ធ្វើខ្លួនឯងមកលើកបង្ហាញកាលណោះឡើយ ពោលគឺការយកផែនទីដែលមិនទទួលបានការទទួលស្គាល់រួមគ្នាមកធ្វើជាអាវុធចម្បង ដែលប្រវត្តិសាស្ត្របានបញ្ជាក់រួចហើយថា «វាគឺជាអាវុធដែលបាញ់មិនចេញ ហើយចុងក្រោយយើងក៏ត្រូវចាញ់ក្តី។ បើដើរជាន់ដានចាស់ វាទំនងជានឹងនាំទៅរកលទ្ធផលដូចគ្នា»។
៣០៖ រឿងរ៉ាវដែលបដិសេធជំនឿចាស់ដូចជា «ផែនទី ៥០ច្បាប់នៅប៉ារីស»។ ជំនឿដែលថានោះ គឺសម័យនោះសៀមទន់ខ្សោយ ហើយបារាំងខ្លាំងជាង និងជាអ្នកគូសផែនទីរបស់យើង ដែលយើងល្ងង់ខ្លៅមិនដឹងរឿងការធ្វើផែនទីទាល់តែសោះ ទើបត្រូវបារាំងបោកប្រាស់យកប្រៀបទាំងអស់។
៣១៖ ពួកយើងជឿបែបនេះតៗគ្នាមកជាយូរលង់រហូតក្លាយជារឿងនិទានដែលដក់ជាប់ក្នុងខួរក្បាល ហើយរាល់ពេលមានបញ្ហាព្រំដែនម្តងៗ ក៏ទម្លាក់កំហុសថា «កាលពីសម័យនោះ យើងត្រូវគេបោកប្រាស់»។ ប៉ុន្តែលោកសាស្ត្រាចារ្យ Surachart លោកបានបង្ហាញការពិតខាងប្រវត្តិសាស្ត្រចំៗតែម្តង គឺរឿងដែលស្ថានទូតសៀមប្រចាំទីក្រុងប៉ារីស បានទទួលផែនទីបោះបង្គោលព្រំដែននៅក្នុងឆ្នាំ១៩០៨។
ប្រសិនបើអ្នកគូសផែនទីរបស់សៀមល្ងង់ខ្លៅពិតមែន មិនដឹងរឿងពិតមែន ហេតុអ្វីបានជាសៀម មានគណៈកម្មការកំណត់ព្រំដែន ដើម្បីបោះបង្គោលព្រំដែនរួមដើរវាស់វែងជាមួយបារាំងបាន?
៣២៖ ហេតុអ្វីបានជាស្ថានទូតសៀមទទួលផែនទីជាផ្លូវការ មានលិខិតឆ្លើយឆ្លង មានការចុះហត្ថលេខាទទួលរបស់ រួចថែមទាំងបានផ្ញើច្បាប់ចម្លងទៅកាន់បណ្តាខេត្តតាមព្រំដែន និងស្ថានទូតសៀមប្រចាំទីក្រុងឡុងដ៍ ប៊ែរឡាំង រុស្ស៊ី និងអាមេរិកទៀតផង?
សកម្មភាពទាំងនេះបានបញ្ជាក់ថា «សៀមមិនមែនល្ងង់ខ្លៅ មិនមែនខ្វះចំណេះដឹងឡើយ។ សៀមបានយល់ដឹងពីដំណើរការបោះបង្គោលព្រំដែនជាប្រព័ន្ធយ៉ាងល្អប្រសើរ»។
៣៣៖ សៀម មានប្រព័ន្ធរាជការដែលធ្វើការងារមានរបៀបរៀបរយ មានការទទួលឯកសារ ចុះបញ្ជី ចែកចាយគ្រប់គ្រាន់តាមបែបបទស្តង់ដារអន្តរជាតិ ដែលរឿងនេះគឺជា «ដាវមុខពីរ»។
នៅក្នុងទស្សនៈរបស់តុលាការពិភពលោក ការដែលសៀមទទួលផែនទីជាផ្លូវការ គឺជាភស្តុតាងដ៏ល្អបំផុតដែលបញ្ជាក់ថា «សៀមបានដឹងលឺនិងទទួលស្គាល់ផែនទីនោះ ដែលជាហេតុផលតែមួយគត់ដែលធ្វើឱ្យយើងត្រូវចាញ់ក្តីនៅក្នុងឆ្នាំ១៩៦២»។
៣៤៖ ដូច្នេះ ការពិតរឿងនេះវាមានពីរជ្រុង ដែលជ្រុងមួយគឺវាលុបបំបាត់ពាក្យមើលងាយខ្លួនឯងថា «សៀមល្ងង់» តែជ្រុងមួយទៀត វាក៏ស្មើនឹងការបញ្ជាក់ច្បាស់ថា «យើងបានទទួលស្គាល់ផែនទីនោះពិតប្រាកដមែនក្នុងផ្លូវច្បាប់»។
ខ្សែបន្ទាត់ព្រំដែនទាំងមូល មានទាំងចំណុចដែលយើងមានប្រៀប និងចំណុចដែលយើងចាញ់ប្រៀបលាយឡំគ្នាទៅ មិនមែនថា «យើងត្រូវចាញ់ប្រៀបគ្រប់ម៉ែត្រការ៉េនោះឡើយ»។
ប្រសិនបើយើងមើលខ្សែទាំងមូលដោយសមហេតុផល យើងអាចនឹងរកឃើញថា «ចំណុចជាច្រើនយើងមានប្រៀបខ្លាំងជាងផង»។
៣៥៖ ការប្រកាន់ខ្ជាប់នូវសន្ធិសញ្ញានិងផែនទីបោះបង្គោលព្រំដែនទៅវិញទេ ដែលជាអាវក្រោះការពារទឹកដីរបស់យើង មិនមែនជាការហែកវាចោលនោះឡើយ។
អ្វីដែលលោក Surachart ព្រួយបារម្ភបំផុតគឺ សម្តីដ៏រឹងរូសរបស់នាយករដ្ឋមន្ត្រីដែលថា «បើប្រើផែនទីខ្នាត 1:200,000 គឺមិនចាំបាច់មកជជែកគ្នា» ព្រោះក្នុងផ្លូវច្បាប់អន្តរជាតិ សម្តីបែបនេះវាអាចនឹងក្លាយជាលក្ខខណ្ឌបើកផ្លូវឱ្យភាគីកម្ពុជាអូសទាញថៃឡើងទៅកាន់តុលាការពិភពលោកបាន។
៣៦៖ ជាក់ស្តែងដូចកាលពីថ្ងៃទី១៦ ខែមិថុនា ភាគីកម្ពុជាបានដាក់រឿងរ៉ាវតំបន់វិវាទទៅកាន់តុលាការពិភពលោកនៅទីក្រុងឡាអេរួចរាល់ហើយ ដោយបានដាក់ជូនទៅកាន់អ្នកចុះបញ្ជីរបស់តុលាការ។
តំបន់ទាំង៤នោះ គឺប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។
៣៧៖ កម្ពុជាមានចេតនាជ្រើសរើសថ្ងៃដាក់ពាក្យបណ្តឹង ចំពេលថ្ងៃខួបទី ៦៣ឆ្នាំនៃសាលក្រមកាត់សេចក្តីក្តីប្រាសាទព្រះវិហារ ដើម្បីបញ្ជាក់ជានិមិត្តរូប។
មុនពេលនោះ នៅក្នុងកិច្ចប្រជុំគណៈកម្មាការព្រំដែនរួម នៅទីក្រុងភ្នំពេញ ភាគីកម្ពុជា ក៏បានប្រកាសយ៉ាងច្បាស់លាស់ហើយថា «កម្ពុជានឹងទទួលស្គាល់តែលើផែនទីខ្នាត 1:200,000 តែប៉ុណ្ណោះ ដោយអះអាងថាមានមូលដ្ឋានមកពីសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ1904 និង1907 ព្រមទាំងបានបដិសេធផែនទីខ្នាត 1:50,000 ដែលថៃធ្វើដោយខ្លួនឯងយ៉ាងដាច់អហង្ការ»។
៣៨៖ វាប្រៀបដូចជាភាគីកម្ពុជាបានរៀបចំផែនការយុទ្ធសាស្ត្រនេះរួចហើយ។ កម្ពុជាឈរជើងលើផែនទីខ្នាត 1:200,000 ដែលជាផែនទីបោះបង្គោលព្រំដែនដែលបានផ្តល់សច្ចាប័នរួចហើយ។
នៅពេលនាយករដ្ឋមន្ត្រីរបស់ថៃចេញមកប្រកាសថា «បើប្រើផែនទីខ្នាត 1:200,000 គឺមិនបាច់មកជជែកគ្នា» វាស្មើនឹងយើងប្រកាសចំពោះមុខពិភពលោកថា «ប្រទេសថៃបដិសេធមិនព្រមចរចាតាមយន្តការទ្វេភាគី និងមិនព្រមជជែកគ្នា»។
៣៩៖ ភាគីកម្ពុជា ក៏នឹងយកសម្តីនេះទៅជម្រាបតុលាការពិភពលោកបានភ្លាមថា «ខ្លួនបានព្យាយាមជជែកជាមួយថៃតាមយន្តការធម្មតាហើយ ប៉ុន្តែថៃបិទទ្វារមិនព្រមជជែក។ ការចរចាទ្វេភាគីបានដើរដល់ផ្លូវទាល់ច្រកហើយ ដូច្នេះផ្លូវចេញតែមួយគត់គឺ ត្រូវតែឱ្យតុលាការពិភពលោកជាអ្នកកាត់សេចក្តី»។
៤០៖ ហើយអ្វីដែលធ្ងន់ធ្ងរលើសពីនេះ គឺប្រទេសថៃទទូចថា «ខ្លួនមិនទទួលយកយុត្តាធិការរបស់តុលាការទេ។ ថៃមានសិទ្ធិបដិសេធ ដែលរឿងនេះជាការពិតត្រឹមតែក្នុងន័យដែលថា សេចក្តីប្រកាសទទួលស្គាល់អំណាចបង្គាប់របស់តុលាការពិភពលោកដែលថៃធ្លាប់បានធ្វើកាលពីឆ្នាំ១៩៥០។ វាមានអាយុកាល ១០ឆ្នាំ បានអស់សុពលភាពតាំងតែពីឆ្នាំ១៩៦០មកម្ល៉េះ និងមិនដែលបានធ្វើការបន្តអាយុទាល់តែសោះ»។
៤១៖ ប៉ុន្តែលោក Surachart បានព្រមានថា «ក្នុងផ្លូវប្រតិបត្តិជាក់ស្តែង ពួកយើងបានទទួលស្គាល់អំណាចតុលាការពិភពលោកទៅរួចស្រាប់ហើយទាំងនៅក្នុងឆ្នាំ១៩៦២ និងនៅក្នុងឆ្នាំ២០១៣ ពោលគឺយើងបានឡើងទៅតស៊ូក្តីនៅក្នុងតុលាការទាំងពីរលើក»។
៤២៖ អ្វីដែលសំខាន់បំផុត ភាគីកម្ពុជាមិនមានភាពចាំបាច់ត្រូវឱ្យយើងចុះហត្ថលេខាទទួលស្គាល់អំណាចតុលាការសារជាថ្មីឡើយ ពីព្រោះកម្ពុជាមាន «ច្រកផ្លូវពិសេស» គឺការដាក់ពាក្យស្នើសុំឱ្យតុលាការបកស្រាយសាលក្រមកាត់សេចក្តីក្តីប្រាសាទព្រះវិហារ ឆ្នាំ១៩៦២ យោងតាមមាត្រា៦០ នៃលក្ខន្តិកៈតុលាការអន្តរជាតិ។
៤៣៖ ច្រកផ្លូវនេះហើយដែលជាផ្លូវដ៏គ្រោះថ្នាក់បំផុត ព្រោះវាមិនបាច់ទាមទារសេចក្តីយល់ព្រមថ្មីពីភាគីថៃឡើយ ហើយកម្ពុជាក៏ធ្លាប់ប្រើប្រាស់ផ្លូវនេះបានសម្រេចរួចមកហើយកាលពីឆ្នាំ២០១៣ ដែលពេលនោះតុលាការបានសម្រេចជាឯកច្ឆន្ទ ដោយមានសំឡេងគាំទ្រ១៧ សំឡេងថា «ផ្ទៃដីតំបន់ចង្កេះភ្នំប្រាសាទព្រះវិហារទាំងអស់ជារបស់កម្ពុជា ហើយថៃ ត្រូវតែដកកងកម្លាំងចេញ។ នោះគឺជាការចាញ់ក្តីលើកទីពីររបស់ថៃ»។
៤៤៖ ដូច្នេះ អ្វីដែលលោកសាស្ត្រាចារ្យចេញមកព្រមាន គឺប្រសិនបើនាយករដ្ឋមន្ត្រីនៅតែប្រើប្រាស់សម្តីរឹងរូសបែបនេះ និងនៅតែប្រកាន់ខ្ជាប់ប្រើប្រាស់ផែនទីដែលមិនមែនជាផែនទីផ្លូវការ វាក៏មិនខុសប្លែកអ្វីពីពួកយើងកំពុងតែដើរជាន់ដានចាស់ចូលទៅក្នុងអន្ទាក់ដែលភាគីកម្ពុជាបានរៀបចំទុកនោះឡើយ។
សាលក្រមកាត់សេចក្តីឆ្នាំ១៩៦២នោះ បានប៉ះពាល់ទៅដល់រឿងផែនទីបោះបង្គោលព្រំដែនដោយផ្ទាល់រួចស្រាប់ទៅហើយ ពោលគឺគ្រាន់តែចាប់ទាញយកមកពង្រីកសេចក្តីបន្ថែម ក៏អាចអូសទាញថៃ ត្រឡប់ចូលទៅកាន់តុលាការពិភពលោកជាលើកទី៣ បានដោយងាយ៕

-
PR NEWS1 week agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន6 days agoឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoត្រីនៅកន្លែងអភិរក្សតាមោក ក្នុងខេត្តសៀមរាប ងាប់អស់ប្រមាណពីរតោន ដោយសារអាកាសធាតុក្ដៅខ្លាំង
-
ព័ត៌មាន6 days agoកងទ័ពមានសុទិដ្ឋិនិយមស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុងជានិមិត្តសញ្ញាសន្តិភាព
-
ព័ត៌មាន6 days agoឯកឧត្តម ហ៊ុន ម៉ានី៖ អ្វីដែលយើងត្រូវការចាំបាច់គឺថែរក្សាសាមគ្គីឯកភាព ដូចព្រះរាជបណ្តាំសម្តេចតា «ខ្មែររួបរួម ខ្មែរខ្លាំង»
-
កីឡា6 days agoកីឡាករជម្រើសជាតិកម្ពុជា៖ បាល់ទាត់ ត្រូវការគាំទ្រទៅវិញទៅមក មិនថាអាជីព ឬមហាជនឡើយ
-
PR NEWS1 day agoមហាព្រឹត្តិការណ៍ Ganzberg លើកស្ទួយគុនខ្មែរ នឹងទៅដល់ខេត្តព្រៃវែងចុងសប្តាហ៍នេះ!
-
ព័ត៌មាន6 days agoក្រសួងការបរទេសធ្វើបទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា