Connect with us

ព័ត៌មាន

សម្ដេច​ធិបតី៖មកទល់ពេលនេះយុវជនជាង ២៧ ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ

ភ្នំពេញ៖ចាប់តាំងពីដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៤ រហូតដល់ខែមេសា ឆ្នាំ២០២៦នេះ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសបានចូលរៀនជំនាញវិជ្ជាជីវៈតាមរយៈគោលនយោបាយ​បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមានប្រមាណ ១,៥លាននាក់ ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភមានចំនួនសរុបប្រមាណ ២៧,១ម៉ឺននាក់ ក្នុងនោះបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានធីវេត ក្រោមឱវាទក្រសួងចំនួនប្រមាណ ២២.៩ ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចំនួនប្រមាណ ៤,២ម៉ឺននាក់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ឱ្យដឹងបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញការងារ និង ប្រាក់ចំណូល» នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែង​បញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុកការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាអាទិភាពមួយ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩មក ទន្ទឹមនឹងការស្តារ និងការអភិវឌ្ឍប្រទេសជាតិ ពីភាពខ្ទេចខ្ទាំដោយសារសង្គ្រាមស៊ីវិល។ តាមរយៈការដាក់ចេញ និងអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាមួយនឹងការដាក់ចេញនូវកម្មវិធីកំណែទម្រង់មុតស្រួចស៊ីជម្រៅនានាជាប់ជាប្រចាំបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើន ក្នុងអត្រាខ្ពស់ជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ នៅក្នុងរយៈពេលជាង ២ទសវត្សរ៍ចុងក្រោយនេះ។

សម្ដេច​ធិបតី បានបញ្ជាក់ថា ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥ កន្លងទៅ រាជរដ្ឋាភិបាលសម្រេចបាននូវការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងហ្វឹកហ្វឺនកូនជាងដល់សិក្ខាកាម សិស្ស និស្សិត និងកម្មករនិយោជិតគ្រប់កម្រិតសរុបប្រមាណ ២០,៧ម៉ឺននាក់។ ដោយឡែកសម្រាប់ការអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់ បាននិងកំពុងដំណើរការយ៉ាងល្អ ដែលកម្មវិធីសិក្សាផ្តោតសំខាន់លើវិស័យអាទិភាពចំនួន១០ ដែលមានតម្រូវការទីផ្សារការងារខ្ពស់ រួមទាំង “ជំនាញ វិជ្ជាជីវៈដូនតា” ចំនួន១២មុខវិជ្ជាផងដែរ។

សម្ដេច​ធិបតីបានថ្លែង​កោតសរសើរក្រសួងការងារ ដែលបានអនុវត្ត​យ៉ាងល្អលើការ​បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ ខណៈចាប់តាំងពីដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៤ រហូតដល់ខែមេសា ឆ្នាំ២០២៦នេះ សិស្សដែលបានទទួលការបណ្តុះបណ្តាលមានចំនួនសរុបប្រមាណ ២៧,១ម៉ឺននាក់ ក្នុងនោះបណ្តុះបណ្តាល នៅតាមគ្រឹះស្ថានធីវេត ក្រោមឱវាទក្រសួងចំនួនប្រមាណ ២២.៩ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចំនួនប្រមាណ ៤,២ម៉ឺននាក់។

ក្នុងឱកាសនោះ សម្ដេច​ធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងជំរុញលើកទឹកចិត្តដល់សិស្សានុសិស្ស យុវជន ដើម្បីមកចុះឈ្មោះចូលរៀន និងជំរុញមាតាបិតា អាណាព្យាបាល ដើម្បីអនុញ្ញាតឱ្យកូនចៅរបស់ខ្លួនមកចុះឈ្មោះ និងទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យបានកាន់តែច្រើនឡើង ព្រោះជាការវិនិយោគរយៈពេលខ្លី ឆាប់ទទួលបានផល មានជំនាញមួយច្បាស់លាស់ មានឱកាសផ្សារភ្ជាប់ទ្រឹស្តី និងបទពិសោធដែលមាននៅរោងជាង និងមជ្ឈមណ្ឌលស្រាវជ្រាវ ទៅនឹងការអនុវត្តជាក់ស្តែងនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលជំនាញទាំងនេះឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ងាយស្រួលទទួលបានការងារធ្វើ ឬប្រកបមុខរបរ ដោយខ្លួនឯង ទទួលបានប្រាក់ចំណូលសមរម្យ រក្សាបាននូវស្ថិរភាពចំណូល និងជួយរំដោះខ្លួននិងក្រុមគ្រួសារ ចេញពីភាពក្រីក្រនិងភាពងាយរងហានិភ័យ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia