Connect with us

ព័ត៌មាន

អាជ្ញាធរភ្នំពេញ រកឃើញអាជីវកម្មលក់ទូរស័ព្ទឈ្មោះ ឡឹ ចា ឌីជីថល ត្រៀមប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

អាជ្ញាធររាជធានីភ្នំពេញ និងបណ្ដាខណ្ឌទាំង១៤ បានបន្តត្រួតពិនិត្យ និងរកឃើញទីតាំងមួយកន្លែងទៀតបានលបលួបត្រៀមប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយឃាត់ខ្លួនជនជាតិចិន និងជនជាតិខ្មែរ ៣នាក់។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានប្រាប់ឱ្យដឹងថា ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានធ្វើការត្រួតពិនិត្យ និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ តាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំង សង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យបានបន្ថែមថា ក្នុងប្រតិបត្តិការអាជ្ញាធរបានត្រួតពិនិត្យចំនួន ៩៨ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ២៨៤នាក់ ប៉ុន្តែជនបរទេសទាំងនេះ មានលិខិតឆ្លងដែនត្រឹមត្រូវ។

លោកស្រី ដោ សម្ផស្ស បញ្ជាក់ថា ជាមួយគ្នានេះដែរ ក្រុមការងារបានរកឃើញបទល្មើសមួយករណី នៅទីតាំងអាជីវកម្មលក់ទូរស័ព្ទឈ្មោះ ឡឹ ចា ឌីជីថល ស្ថិតក្នុងបុរីជីបម៉ុង២៧១ ផ្ទះលេខ២២៥ ផ្លូវ Commercial ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងនោះមានជនជាតិចិនម្នាក់ និងជនជាតិខ្មែរ ២នាក់ ព្រមទាំងរកឃើញសម្ភារៈមួយចំនួនដូចជា កុំព្យូទ័រ All in one ចំនួន ៦២គ្រឿង CPU ៩គ្រឿង ម៉ូនីទ័រ ២៦គ្រឿង ទូរស័ព្ទដៃ ៦៨២គ្រឿង Laptop ៥គ្រឿង។ ក្រោយការត្រួតពិនិត្យរបស់កម្លាំងជំនាញ ករណីនេះគឺស្ថិតក្រោមបទសង្ស័យត្រៀមប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS ។ ចំពោះសម្ភារៈទាំងអស់ ក្រុមការងារពុំបានដកហូតនោះទេ គឺសម្រេចបិទឃ្លុំទីតាំងជាបណ្ដោះអាសន្ន ដោយរក្សានៅក្នុងផ្ទះនោះតែម្តង។ ដោយឡែកជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia