Connect with us

ព័ត៌មាន

សម្ដេចធិបតី កំពុងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី

មកដល់ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅដល់ទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ីដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីរដ្ឋាភិបាល និងប្រធានាធិបតីសហព័ន្ធរុស្ស៊ី។

ជាក់ស្ដែងក្នុងឱកាសសម្ដេចធិបតី នាយករដ្ឋមន្រ្ដីដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិកាហ្សាន ក្រុងកាហ្សាន សាធារណរដ្ឋតាតាស្តាន សហព័ន្ធរុស្ស៊ីនៅរសៀលថ្ងៃ ទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំ និងមន្រ្ដីទូតកម្ពុជាប្រចាំនៅផងដែរ។

ក្រោយអញ្ជើញដល់ដឹកដី សហព័ន្ធរុស្ស៊ី នៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះដែរ សម្ដេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានចូលរួមពិធីជប់លៀងរៀបចំដោយ ឯកឧត្តម ភ្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី។

ក្នុងឱកាសនោះ ប្រធានាធិបតីរុស្ស៊ី ឯកឧត្តម ឯកឧត្តម ភ្លាឌីមៀ ពូទីន បានចេញស្វាគមន៍ និងរៀបចំពិធីជប់លៀងជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងមេដឹកនាំអាស៊ាន។ ប៉ុន្ដែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះបណ្ដាសារព័ត៌មានរុស្ស៊ីហាក់បីដូចជាចាប់អារម្មណ៍ខ្លាំងចំពោះវត្តមានរបស់សម្ដេចធិបតី តាមរយៈការផ្ដិតយករូបភាពវីដេអូរបស់សម្ដេចធិបតី ខុសប្លែកពីពីមេដឹកនាំអាស៊ានដទៃ ដោយអ្នកសារព័ត៌មានបានចាប់យករូបភាពដោយផ្តោតលើការចាប់ដៃរវាងសម្តេចមហាបវរធិបតី និងឯកឧត្តម ប្រធានាធិបតីរុស្ស៊ី។

ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ឯកឧត្តម ភ្លាឌីមៀ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូកិច្ចសន្ទនាអាស៊ាន-រុស្ស៊ី ចាប់ពីថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលនេះ គឺជាកាលានុវត្តភាពដ៏សំខាន់ ក្នុងការកំណត់ទិសដៅជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ហើយថ្នាក់ដឹកនាំក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងក្រៅតំបន់។

បើតាមក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះ សម្ដេចធិបតីនឹងចូលរួមព្រឹត្តិការណ៍អមផ្សេងៗ ព្រមទាំងនឹងមានជំនួបទ្វេភាគីមួយចំនួន ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងពហុភាគី ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យដែលផ្តល់ផលប្រយោជន៍រួម និងមានអត្ថប្រយោជន៍ទៅវិញទៅមក។

ឯកឧត្តម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា សម្ដេចធិបតី នាយករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ កម្ពុជាធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia