Connect with us

ព័ត៌មាន

សហគ្រាសក្នុងស្រុកគាំទ្រវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់

ភ្នំពេញ៖ សហគ្រាសក្នុងស្រុកបានបង្ហាញការគាំទ្រចំពោះវិធានការរបស់រាជរដ្ឋាភិបាលក្នុងការរឹតបន្តឹងការបង្ក្រាបការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់តាមព្រំដែនគោករវាងកម្ពុជា-ថៃ ដោយចាត់ទុកថា វាជាជំហានសំខាន់ក្នុងការការពារទីផ្សារក្នុងស្រុក លើកកម្ពស់ការប្រកួតប្រជែងដោយយុត្តិធម៌ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

សហគ្រាសក្នុងស្រុក បានលើកឡើងថា ការរឹតបន្តឹងការទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់ គឺជាវិធានការចាំបាច់ ដើម្បីធានាបាននូវការប្រកួតប្រជែងដោយស្មើភាពរវាងអាជីវកម្មដែលអនុវត្តតាមច្បាប់ និងអាជីវកម្មដែលលួចគេចវេះកាតព្វកិច្ចបង់ពន្ធ។

សហគ្រាសទាំងនោះ បានបញ្ជាក់ថា ការអនុវត្តវិធានការនេះនឹងជួយកាត់បន្ថយការចរាចរទំនិញខុសច្បាប់ ការពារផលិតផលក្នុងស្រុក បង្កើនទំនុកចិត្តដល់វិនិយោគិន និងរួមចំណែកបង្កើនចំណូលពន្ធជូនរដ្ឋ សម្រាប់យកទៅអភិវឌ្ឍសេដ្ឋកិច្ច និងសេវាសាធារណៈ។ សហគ្រាសក្នុងស្រុកក៏បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបន្តពង្រឹងការត្រួតពិនិត្យ និងអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ដោយ​មានកិច្ចសហការជាមួយវិស័យឯកជន ដើម្បីទប់ស្កាត់ការគេចពន្ធ និងការនាំចូលទំនិញខុសច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចង្អុលបង្ហាញថា ការនាំទំនិញចូលពីប្រទេសថៃរាល់គ្រប់មុខទំនិញទាំងអស់នាំចូលឆ្លងកាត់ព្រំដែនគោកគឺទំនិញខុសច្បាប់ និងជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។ ពេលដែលព្រំដែនគោកត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបាន ទំនិញក៏មិនអាចឆ្លងបាន។

សម្តេចតេជោ បញ្ជាក់ទៀតថា សម្រាប់មនុស្ស និងទំនិញដែលឆ្លងកាត់ តាមផ្លូវទឹក និងផ្លូវអាកាស ពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថា ខុសច្បាប់ ឬត្រូវច្បាប់ ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រនិងផ្លូវអាកាសតាម (ព្រលានយន្តហោះ) ភាគីទាំង២កម្ពុជា-ថៃនៅដំណើការជាធម្មតា ដូច្នេះ ត្រូវប្រមូលផ្តុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោក ហើយទំនិញចូលបាននោះឡើយ៕ អត្ថបទ៖ ធូ វិរៈ 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia