Connect with us

ព័ត៌មាន

អនុប្រធានទី១អាជ្ញាធរមីន អំពាវនាវដល់ប្រទេសទាំងអស់ រើសយកភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នា

(ទីក្រុងឌូប្រូវនីក ប្រទេសក្រូអាស៊ី) ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន បានចូលរួមជាវាគ្មិននិងចែករំលែកអំពីបទពិសោធន៍កម្ពុជា នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ក្រោមប្រធានបទ “Asia-Pacific in Motion: New Powers, Old Rivalries” ដែលប្រព្រឹត្តទៅក្នុងអំឡុងពេលនៃវេទិកា Dubrovnik Forum 2026។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ស្វ័យភាព ការសន្ទនា និងច្បាប់អន្តរជាតិ គឺមានសារៈសំខាន់សម្រាប់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ខណៈពេលមានការកើនឡើងនៃពហុប៉ូល។

ផ្អែកលើបទពិសោធន៍កម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា ការប្រកួតប្រជែងរវាងមហាអំណាច មិនគួរធ្វើឱ្យប្រទេសតូចៗខាតបង់ឡើយ។ ឯកឧត្តមគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានរក្សាឯករាជ្យភាពរបស់ខ្លួន ដោយរក្សាភាពជាដៃគូជាមួយប្រទេសនានាប្រកបដោយតុល្យភាពផ្អែកលើការគោរពនិងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក និងផលប្រយោជន៍ជាតិ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីតួនាទីសំខាន់របស់អាស៊ាន ក្នុងការរក្សាបានការសន្ទនារវាងប្រទេសមានឥទ្ធិពលក្នុងតំបន់ និងគូសបញ្ជាក់ថា វិធានការការទូត និងកសាងទំនុកចិត្ត គឺជាឧបករណ៍សំខាន់ក្នុងការទប់ស្កាត់ជម្លោះ កសាងទំនុកចិត្ត និងបង្កើនភាពធន់របស់តំបន់។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិត លី ធុជ បានអំពាវនាវដល់ប្រទេសទាំងអស់រើសយកភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នា និងបានគូសបញ្ជាក់ថា ភាពរីកចម្រើនលូតលាស់របស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក មិនគួរត្រូវបានចាត់ទុកថាជាការគំរាមកំហែងនោះទេ ប៉ុន្តែគួរចាត់ទុកជាឱកាសដ៏ល្អ សម្រាប់ភាពជាដៃគូ សន្តិភាព និងវិបុលភាពរួមគ្នា។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia