Connect with us

ព័ត៌មាន

មន្ត្រីជំនាញ៖ Online Scams នៅកម្ពុជា កំពុងត្រូវបានបង្ក្រាប​យ៉ាងសកម្ម​ទោះ​មាន​លក្ខណៈ​ស្មុគ​ស្មាញ

មន្ត្រីជំនាញ បានបញ្ជាក់ថា មានជនបរទេសជាច្រើនសញ្ជាតិ បានទទួលរងការអូសទាញ​ពី​សំណាក់​មេខ្លោងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចូលមកក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការងារប្រព្រឹត្តអំពើឆបោកទៅក្រៅប្រទេស ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់ ទោះ​បីជាត្រូវប្រឈមនឹងភាពស្មុគស្មាញ និងឧបសគ្គជាច្រើនក្ដី។

ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការ​ចំពោះកិច្ចប្រយុទ្ធប្រឆាំង​ការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បានថ្លែងថា បានបញ្ជាក់ថា យុទ្ធនាការបោសសម្អាតបទល្មើសឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាចេញពីកម្ពុជា បាននឹងកំពុងប្រព្រឹត្តទៅដោយភាពស្វាហាប់ និងមោះមុតបំផុត ទោះបីជាត្រូវប្រឈមនឹងភាពស្មុគស្មាញ និងឧបសគ្គជាច្រើនក្ដី។

ឯកឧត្តម បានបន្តថា កម្ពុជា គឺជាប្រទេសទី១ ដែលមានច្បាប់ប្រឆាំងបទល្មើស​ឆបោកតាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែលត្រូវបានប្រកាសឲ្យប្រើកាលពីដើមខែខែមេសា ឆ្នាំ២០២៦។ ច្បាប់ប្រឆាំង​អំពើ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យាមានលក្ខណៈសំខាន់បីយ៉ាង ទី១. ប្រឆាំងដាច់ខាតពួកឧក្រិដ្ឋជន​ដែល​ប្រព្រឹត្ត​មានចេតនាប៉ុនប៉ង ឬរបៀបចំអង្គការចាត់តាំង បណ្តុះបណ្ដាលនៅលើសកម្មភាព ដើម្បី​ប្រព្រឹត្តនូវអំពើឆបោក។ ទី២. ប្រឆាំងនឹងការជួញដូរមនុស្ស ការធ្វើទារុណកម្ម បង្ខាំង ជម្រិត គឺជាស្ថានទម្ងន់ដែលអាចឈានទៅដល់ការជាប់ពន្ធនាគាររហូតអស់មួយជីវិត។ ទី៣. ប្រឆាំង​នឹងការ​សម្អាតប្រាក់ អ្នកដែលពាក់ព័ន្ធគឺត្រូវតែស៊ើបអង្កេត ទៅដល់ទ្រព្យសម្បត្តិពីមេខ្លោង​រហូត​ដល់​អ្នកពាក់ព័ន្ធ។

គួរបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ច​កម្ពុជា​បាន​​បង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួនជាង៥០០ទីតាំង ក្នុងរាជធានី-ខេត្ត ហើយ​កំពុង​បន្តការស៊ើបអង្កេតប្រមូលភស្តុតាង ក្នុងនោះបានបិទសៀល ចំនួនជាង៤០០ទីតាំង ព្រម​ទាំង​បានដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូចំនួន២៥ទីតាំង។ ទន្ទឹមនេះ សមត្ថកិច្ច​បាន​ដំណើរ​ការ​សំណុំរឿងក្នុងនីតិវិធីតុលាការចំនួន ១៨៤ សំណុំរឿង ក្នុងនោះមាន ៥៥ សំណុំរឿង​ស្ថិត​ក្នុង​ដំណាក់​កាលជំនុំជម្រះ ដែលពាក់ព័ន្ធនឹងជនត្រូវចោទចំនួន ១ ៧៦១ នាក់ ខណៈ​ជនជាប់​សង្ស័យ​សញ្ជាតិបរទេសមានចំនួនប្រមាណ ជាង២ពាន់នាក់ មាន៣៣ សញ្ជាតិ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia