Connect with us

ព័ត៌មាន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ផែនការងារសន្តិសុខ

ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ផែនការងារសន្តិសុខ។

កិច្ចប្រជុំនេះ ប្រារព្ធធ្វើនៅសាលប្រជុំ នៃនាយកដ្ឋានអង្គរក្ស ដោយមានការចូលរួមពី ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ឯកឧត្តមប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃផែនការងារសន្តិសុខ។

កិច្ចប្រជុំបានផ្តោតលើការវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ និងពិនិត្យបញ្ហាប្រឈមនានាក្នុងការអនុវត្តភារកិច្ច ព្រមទាំងពិភាក្សាដាក់ចេញនូវទិសដៅ និងវិធានការសំខាន់ៗ សម្រាប់បន្តពង្រឹងប្រសិទ្ធភាពការងារ ធានារក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃផែនការងារសន្តិសុខ ត្រូវបន្តពង្រឹងសាមគ្គីភាព វិន័យ ការទទួលខុសត្រូវ និងកិច្ចសហការរវាងអង្គភាពពាក់ព័ន្ធ ដើម្បីធានាឱ្យការអនុវត្តភារកិច្ចក្នុងឆមាសទី២ ឆ្នាំ២០២៦ សម្រេចបានលទ្ធផលកាន់តែល្អប្រសើរ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia