Connect with us

ព័ត៌មាន

លោក កាំង សេន ចាត់ទុកជំនួបគ្រូ ប៉ះសិស្ស រវាងប្រេស៊ីល និងជប៉ុន គឺជាភស្ដុតាងបង្ហាញផ្លូវកម្ពុជាឆ្ពោះទៅ World Cup

លោក កាំង សេន ប្រធានក្លិប ISI ដង្កោសែនជ័យ បានចាត់ទុកជំនួបដ៏កក្រើករវាងក្រុមខ្លាំងអាស៊ី និងក្រុមខ្លាំងលំដាប់ពិភពលោកប្រេស៊ីល កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែមិថុនានេះ ប្រៀបបានការប្រកួតរវាងគ្រូ និងសិស្ស ហើយក៏ជាភស្ដុតាងបង្ហាញផ្លូវកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចគោលដៅបង្ហាញខ្លួនក្នុងពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នាថ្ងៃអនាគតផងដែរ។

មុនជំនួបវគ្គ ៣២ក្រុមចុងក្រោយ ដែលប្រេស៊ីល បានវាយបកឈ្នះជប៉ុន ២-១ ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 នេះ បុរសជនជាតិខ្មែរ ដែលជាប្រធានក្លិបផង និងជាកីឡាករផង បានបង្ហោះខ្លឹមសារដ៏មានអត្ថន័យមួយយ៉ាងដូច្នេះថា នៅទសវត្សរ៍ឆ្នាំ១៩៩០ ប្រេស៊ីលបានបញ្ជូនកំពូលវីរបុរសបាល់ទាត់ម្នាក់របស់ខ្លួន គឺលោក Zico ទៅកាន់ប្រទេសជប៉ុន ដែលទៅមិនមែនដើម្បីលេងបាល់ទាត់ទេ ប៉ុន្តែដើម្បីបង្រៀន និង ដើម្បីដាំគ្រាប់ពូជមួយនៅក្នុងប្រទេសដែលមិនធ្លាប់បានទៅលេងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។

ទន្ទឹមនឹងនោះ ជប៉ុនបានស្តាប់ បានរៀន ហើយជប៉ុនបានខិតខំអស់រយៈពេលជាង ២០ឆ្នាំ រហូតដល់ថ្ងៃនេះ ជប៉ុន បានដើរចូលទីលានប្រកួតជាមួយប្រេស៊ីល ក្នុងវគ្គ ៣២ ក្រុមចុងក្រោយ នៃពានរង្វាន់ FIFA World Cup 2026 ហើយលោកបានហៅការប្រកួតនេះថា សិស្ស កំពុងជួបគ្រូរបស់ខ្លួន នៅលើឆាកដ៏ធំបំផុតនៃពិភពបាល់ទាត់។

លោក កាំង សេន បន្ថែមទៀតថា លោកបានហោះហើរពេញមួយរាត្រីពីទីក្រុង Los Angeles មកកីឡដ្ឋានដោយផ្ទាល់ ដើម្បីធ្វើជាសាក្សីនៃពេលវេលាប្រវត្តិសាស្ត្រនេះ តែមិនមែនព្រោះលោកជាអ្នកគាំទ្រជប៉ុន ឬប្រេស៊ីលនោះទេ ប៉ុន្តែព្រោះការប្រកួតនេះ គឺជាភស្តុតាងថា អ្វីដែលលោកជឿជាក់ ដ្បិតកន្លងមកលោកធ្លាប់បានបំផុសយុទ្ធនាការបាល់ទាត់ជាតិឆ្ពោះទៅឆ្នាំ២០៤៦ ដែលលោកចង់ឃើញវត្តមានក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះដែរ។

បុរសវ័យ ៤២ឆ្នាំរូបនេះ បានប្រៀបធៀបជំនួបប្រេស៊ីល ប៉ះជប៉ុន ទៀតថា វាបង្ហាញថា ទស្សនវិជ្ជាបាល់ទាត់ វិន័យ និងការអត់ធ្មត់រយៈពេល ២០ ឆ្នាំ អាចបង្រួមគម្លាតរវាងប្រទេសណាមួយ និងក្រុមខ្លាំងបំផុតលើពិភពលោកបាន។ កម្ពុជាសព្វថ្ងៃ គឺដូចជាជប៉ុនកាលពីទសវត្សរ៍ឆ្នាំ១៩៩០ ដែលមិនទាន់បានទៅលេង World Cup មិនទាន់មានការទទួលស្គាល់លើឆាកពិភពលោក ប៉ុន្តែជាប្រទេសដែលស្រលាញ់បាល់ទាត់យ៉ាងជ្រាលជ្រៅ ហើយកំពុងស្វែងរកផ្លូវឆ្ពោះទៅកាន់ឆាកដ៏ធំបំផុតនោះ។

លោកបន្ដថា កម្ពុជាកំពុងរៀន ដោយកម្ពុជាមានគ្រូបង្វឹកជប៉ុន កីឡាករជប៉ុន រួមទាំងគ្រូបង្វឹក និងកីឡាករបរទេសជាច្រើនទៀត មកលេងនៅលីគកម្ពុជា។  កម្ពុជាកំពុងស្រូបយក បម្លែង និងកសាងអ្វីមួយ តាមរយៈប្រាជ្ញាខ្មែរ ដើម្បីឲ្យថ្ងៃណាមួយ វាក្លាយជាអត្តសញ្ញាណរបស់កម្ពុជាផ្ទាល់។ ដូច្នេះនៅឆ្នាំ ២០៤៦ លោកចង់ឱ្យមាននរណាម្នាក់ ចង្អុលទៅកម្ពុជា ដូចដែលលោកកំពុងចង្អុលទៅកាន់ប្រទេសជប៉ុន កំឡុងការប្រកួតទល់ក្រុមខ្លាំងប្រេស៊ីលនេះដែរ។

លោកសង្កត់ទ្ងន់ថា គ្រាប់ពូជត្រូវបានដាំរួចហើយ ការងារក៏បានចាប់ផ្តើមដែរ តែក្ដីសុបិនដ៏ធំនេះ ត្រូវធ្វើដំណើរ មួយជំហានម្ដងៗ ដើម្បីឆ្ពោះទៅឆ្នាំ២០៤៦ ទាំងអស់គ្នា៕

គួរដឹងថា ក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំនេះ លោក កាំង សេន បានធ្វើដំណើរទៅទស្សនាផ្ទាល់ជាច្រើនប្រកួតមកហើយ ដូចជាជំនួបរវាងអាហ្សង់ទីន ឈ្នះអូទ្រីស ២-០ និង អូស្ដ្រាលី ស្មើប៉ារ៉ាហ្កាយ ០-០ កាលពីថ្មីៗ មុនបន្ដធ្វើដំណើរទស្សនាផ្ទាល់ ជំនួបរវាងជប៉ុន និងប្រេស៊ីល ដែលមានអ្នកចូលរួមទស្សនាផ្ទាល់ ៧ម៉ឺននាក់កាលពីយប់មិញ៕ អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia