ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍មួយពីឌូបៃ ចាប់អារម្មណ៍ផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងពិចារណាភ្ជាប់ជើងហោះហើរមកកម្ពុជា
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រុមហ៊ុន Hadid International Services (HADID) ដែលឈានមុខផ្នែកសេវាកម្មអាកាសចរណ៍អន្តរជាតិពីទីក្រុងឌូបៃ ចាប់អារម្មណ៍ និងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងពិចារណាតភ្ជាប់ជើងហោះហើររបស់ខ្លួនមកប្រទេសកម្ពុជា។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោកស្រី Aida Ismail តំណាងក្រុមហ៊ុន និងជានាយិកាប្រចាំតំបន់ និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ការពង្រឹងការតភ្ជាប់ផ្លូវអាកាសរបស់ក្រុមហ៊ុនមកកាន់ប្រទេសកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបនេះ លោកស្រី Aida Ismail បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនចូលជួបពិភាក្សាការងារ ព្រមទាំងបានធ្វើបទបង្ហាញអំពីប្រវត្តិ និងសកម្មភាពរបស់ក្រុមហ៊ុន Hadid Aviation ដែលជាក្រុមហ៊ុនឈានមុខផ្នែកសេវាគាំទ្រអាកាសចរណ៍អន្តរជាតិ ដែលបង្ហាញពីគោលបំណងចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកតាមរយៈបណ្តាញដៃគូអន្តរជាតិ, ការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ, ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ, ក៏ដូចជា ការស្វែងរកឱកាសពង្រីកសេវាកម្មអាកាសចរណ៍ ដូចជា Jet Charter និង MEDEVAC នៅកម្ពុជា។ បន្ថែមពីលើនេះ ក្រុមហ៊ុនក៏បានបង្ហាញពីគម្រោងផ្សព្វផ្សាយរឿងរ៉ាវ និងសក្តានុពលរបស់កម្ពុជា តាមរយៈការបោះពុម្ពសៀវភៅ និងការបកប្រែជាង ៣០ ទៅ ៥០ ភាសា ដើម្បីឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែទូលំទូលាយផងដែរ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ផ្លូវអាកាសពីតំបន់មជ្ឈិមបូព៌ាមកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពរៀបចំដំណើរកម្សាន្តសិក្សា (FAM Trip) ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីសហព័ន្ធអារ៉ាប់រួម និងតំបន់មជ្ឈិមបូព៌ាមកកម្ពុជា ព្រមទាំងសិក្សាលទ្ធភាពបង្កើតជើងហោះហើរត្រង់ ឬ ជើងហោះហើរឯកជនបន្ថែម ជាពិសេសមកកាន់ខេត្តសៀមរាប និងជំរុញការអភិវឌ្ឍទេសចរណ៍ VIP និង Business Aviation។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនបន្តផ្សព្វផ្សាយវីដេអូ និងខ្លឹមសារអំពីសក្តានុពលទេសចរណ៍កម្ពុជាតាមបណ្តាញផ្សព្វផ្សាយរបស់ក្រុមហ៊ុន រួមទាំង Showroom បណ្តាញសង្គម និងអេក្រង់ក្នុងយន្តហោះក្នុងការចូលរួមគាំទ្រយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវបៃតង» រួមទាំងការផ្សព្វផ្សាយកម្ពុជាជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវមូស្លីម។
ក្នុងឆ្នាំ២០២៦ គឺជាខួបលើកទី៣២ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធអារ៉ាប់រួម ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងអាកាសចរណ៍។ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិប្រមាណ ១,៥ លាននាក់ ក្នុងនោះ មានភ្ញៀវមកពីតំបន់មជ្ឈិមបូព៌ាប្រមាណ ១.២០០ នាក់៕ អត្ថបទ៖ ធូ វិរៈ







-
PR NEWS5 days agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
ព័ត៌មាន1 week agoសាជីវកម្ម DFC និងក្រុមហ៊ុន OCIC ចុះហត្ថលេខាផ្តល់ហិរញ្ញប្បទានយុទ្ធសាស្ត្រចំនួន ១០០លានដុល្លារអាម៉េរិក សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ
-
កីឡា4 days agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ បើកការដឹកជញ្ជូនឆ្លងកាត់សម្រាប់នាំចេញផ្លែទុរេនកម្ពុជាទៅកាន់ប្រទេសចិន
-
ព័ត៌មាន1 week agoវៀតណាមគាំទ្រដំណោះស្រាយដោយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជា
-
ព័ត៌មាន1 week agoប្តីប្រពន្ធវ័យក្មេងកម្សត់១គូ (ប្រពន្ធមហារីកគ្រាប់ឈាមធ្ងន់ធ្ងរ) សម្តែងការដឹងគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយមនុស្សធម៌លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមសារជាថ្មីក្នុងជីវិត
-
ព័ត៌មាន6 days agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន6 days agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់