Connect with us

ព័ត៌មាន

កម្ពុជា-អាមេរិក ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគី

ភ្នំពេញ៖ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសហរដ្ឋអាមេរិក នៅ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៦ បានចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគីរបស់ប្រទេសទាំងពីរ។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយ ឯកឧត្តម Cristopher Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នាវេលាម៉ោង ៣រសៀល (ម៉ោងនៅសហរដ្ឋអាមេរិក) កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅក្រសួងការបរទេស ទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀងនេះធ្វើឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគីរបស់ប្រទេសទាំងពីរ ហើយ កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីលើកដំបូង រវាងប្រទេសទាំងពីរ ដែលនឹងនាំមកនូវការទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និងសហរដ្ឋអាមេរិក កាន់តែឈានទៅរកស្តង់ដាទំនើបខ្ពស់បំផុត។

សមិទ្ធផលដ៏សំខាន់នេះ គឺជាលទ្ធផលបន្ទាប់ពីក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (U.S. International Development Finance Corporation – DFC’s) បានអនុម័តកាលពីពេលថ្មីៗនេះ នូវការផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន ១០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់អាកាសយានដ្ឋាន ថ្មីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) នៅរាជធានីភ្នំពេញ ដោយបញ្ជាក់ពីការរីកលូតលាស់នៃ ទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជា-សហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀងបើកចំហជើងមេឃ ក៏អនុញ្ញាតឱ្យក្រុមហ៊ុន អាកាសចរណ៍ផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសកាន់តែមានតម្លៃសមរម្យ ងាយស្រួល និងមានប្រសិទ្ធភាពដល់អ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូន ពិសេសលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងនេះ ក៏អនុញ្ញាតឱ្យមានការអនុវត្តសិទ្ធិហោះហើរទី៧ លើការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនអាចប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសទីបី ដែលគ្មានទំនាក់ទំនងប្រតិបត្តិការជាមួយកម្ពុជា។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកចំហជើងមេឃនេះនឹងបើកទីផ្សារ និងផ្តល់លទ្ធផលសម្រាប់ធុរកិច្ច អ្នកបម្រើការងារ ព្រមទាំងអ្នកដំណើរកម្ពុជា និងអាមេរិកទាំងអស់។ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិ បណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជានៅតែប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ជាមួយប្រទេសជាដៃគូក្នុងការបន្តចរចាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសបន្ថែមទៀត និងការពង្រឹងក្របខ័ណ្ឌអាកាសចរណ៍ទ្វេភាគី ដែលមានស្រាប់៕

អត្ថបទ៖ ធូ វិរៈ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia