Connect with us

ព័ត៌មាន

សម្ដេចធិបតីលើកទឹកចិត្តយុវជនមកពីគ្រួសារជួបការលំបាកកុំអស់សង្ឃឹម ប៉ុន្ដែត្រូវខិតខំរៀនសូត្រដើម្បីកែប្រែអនាគត

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងលើកទឹកចិត្តដល់យុវជនទាំងឡាយ ជាពិសេសយុវជនក្នុងគ្រួសារក្រីក្រលំបាក ឱ្យខិតខំសិក្សារៀនសូត្រឱ្យចេះពិតប្រាកដ ដើម្បីកែប្រែអនាគត កុំផ្ដេកផ្ដួលទៅតាមពាក្យថា កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤ នាព្រឹកថ្ងៃទី០២ ខែកក្កដា នេះ បានប្រសាសន៍មានលើកទឹកចិត្តយុវជនដែលមកពីគ្រួសារក្រីក្រជួបការលំបាកថា ការបិទភ្ជិតគម្លាតនៃជីវភាព គឺអាចធ្វើទៅបានតាមរយៈការតស៊ូសិក្សារៀនសូត្រឱ្យមានសមត្ថភាព និងសក្ដានុពលដែលគេត្រូវការប៉ុណ្ណោះ។

នាឱកាសនោះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា យុវជនជាសសរទ្រូងសម្រាប់ជាតិ តែជាតិត្រូវការយុវជនប្រកបដោយសក្ដានុពល មានចំណេះជំនាញច្បាស់លាស់។ សម្ដេចបានបន្តថា នៅពេលមានឱកាសបានចូលកន្លែងណាមួយ ត្រូវតែប្រឹងស្រវាស្រទេញចាប់យកចំណេះដឹងនានាមកអភិវឌ្ឍខ្លួនឯង។

សម្ដេចបវរធិបតី បានគូសបញ្ជាក់ថា មិនមែនគ្រប់មន្ត្រីដែលបម្រើការនៅតាមក្រសួងស្ថាប័ន សុទ្ធតែជាកូនអ្នកធំនោះទេ។ មន្ត្រីជាន់ខ្ពស់តាមស្ថាប័នរដ្ឋមួយចំនួន ក្រោកចេញសម័យ ប៉ុល ពត ជាគ្រាដ៏លំបាក ហើយក៏គ្មានបុគ្គលណាដែលធ្លាប់ធ្វើជារដ្ឋមន្ត្រីក្នុងសម័យនោះ ឡើងបន្តជារដ្ឋមន្ត្រីក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជានោះដែរ។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្ដីក៏បានលើកទឹកចិត្តដល់យុវជនគ្រប់ស្រទាប់វណ្ណៈទោះជួបឧបសគ្គកម្រិតណាក៏ដោយ ក៏ត្រូវតែតស៊ូបោះជំហានទៅមុនជានិច្ច មិនត្រូវបោះបង់ចោលនោះទេ។

សម្ដេចធិបតីបានថ្លែងថា៖«គេថាឱ្យមានក្ដីស្រមៃ និងក្ដីសង្ឃឹម (Dream and Hope)។ ក្ដីស្រមៃ មានន័យថាយើងដាក់ទិសដៅដែលយើងចង់ទៅ ឯក្ដីសង្ឃឹមជាអ្វីដែលជំរុញទឹកចិត្តយើងឱ្យសម្រេចនូវក្ដីស្រមៃរបស់យើង។… គ្មាននរណាមកបិទក្ដីស្រមៃរបស់យើង ក្រៅពីយើងខ្លួនឯងនោះទេ»។

សម្ដេចធិបតីបញ្ជាក់ថា ការរៀនសូត្រនៅក្នុងសាលាជារៀនសំខាន់ហើយ តែលើសពីនេះក៏ត្រូវរៀនសូត្រតាមរយៈការអនុវត្តជាក់ស្ដែងបន្ថែមទៀត ព្រោះបើយើងកាន់តែរៀន យើងនឹងដឹងខ្លួនឯងថាយើងកាន់តែមិនចេះ។ ត្រង់ចំណុចនេះមានន័យថា ការសិក្សាគឺមិនមានទីបញ្ចប់នោះទេ អ្នកកាន់តែរៀនអ្នកកាន់តែឃើញអ្វីថ្មីៗបន្ថែមទៀត ដូច្នេះត្រូវតែបន្តរៀនសូត្រ និងត្រូវចេះម្ចាស់ការលើដំណើរជីវិតរបស់ខ្លួន។

ទន្ទឹមនឹងការលើកទឹកចិត្តយុវជន ពិសេសយុវជនគោលដៅ ១,៥លាននាក់ ខិតខំសិក្សារៀនសូត្រ សម្ដេចធិបតី ក៏បានបញ្ជាក់ថា ក្រៅតែពីយុវជនផ្ទាល់ សាលារៀន គ្រួសារ និងសហគមន៍ គឺមានសារសំខាន់ណាស់ក្នុងការជួយជំរុញលើកទឹកចិត្តសិស្សានុសិស្សឱ្យមានស្មារតីខិតខំសិក្សារៀនសូត្ររហូតបានសម្រេចគោលដៅរបស់ខ្លួន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia