Connect with us

ព័ត៌មាន

កម្ពុជា និង CAPRED ពិភាក្សាការរៀបចំយន្តការអនុវត្តក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា

កម្ពុជាសហការជាមួយ CAPRED បើកកិច្ចប្រជុំពិភាក្សាអំពីការរៀបចំយន្តការអនុវត្ត ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅ កម្ពុជា ដើម្បីជំរុញអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្ម ក្នុងគោលដៅជំរុញការកែច្នៃកសិផល សំដៅបង្កើនតម្លៃបន្ថែមនៃវិស័យនេះ ក្នុងសេដ្ឋកិច្ចជាតិ។

​ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២៦ បានទទួលជួបពិភាក្សាអំពីការរៀបចំយន្តការអនុវត្ត “ក្របខណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា” ជាមួយក្រុមការងារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ដោយមានការចូលរួមពីតំណាងកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងតំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។

“ក្របខណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា” ត្រូវបានរៀបចំដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្រោមការសហការ ជាមួយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី CAPRED ដោយបានធ្វើការសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសួនកសិឧស្សាហកម្មនៅ កម្ពុជា ដែលការសិក្សាបានបង្ហាញថា, កម្ពុជាពិតជាមានសក្តានុពល ក្នុងការបង្កើតសួនកសិឧស្សាហកម្មទាំងក្នុងទិដ្ឋភាពតម្រូវការ និង ការផ្គត់ផ្គង់ ហើយសួននេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្មក្នុងរយៈពេលមធ្យម និង វែង ព្រមទាំងរួមចំណែកដល់ការដោះស្រាយបញ្ហាប្រឈមនានានៃវិស័យកសិកម្ម ដោយទាក់ទាញវិនិយោគឯកជន ក្នុងគោលជំរុញការ កែច្នៃកសិផល សំដៅបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ។ ដោយពិនិត្យឃើញនូវសារៈសំខាន់ទាំងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តក្របខ័ណ្ឌនេះ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។

ដើម្បីទាក់ទាញការវិនិយោគលើសួនកសិឧស្សាហកម្មបានជោគជ័យ និងគ្រប់គ្រងការអភិវឌ្ឍឱ្យប្រព្រឹត្តិទៅដោយរលូន ត្រូវការ យន្តការស្ថាប័នច្បាស់លាស់សម្រាប់ដឹកនាំ សម្របសម្រួល និងគ្រប់គ្រង ការលើកទឹកចិត្តពិសេសឱ្យមានប្រសិទ្ធភាព ព្រមទាំងផ្តល់ ទិសដៅជាយុទ្ធសាស្ត្រ លើការអភិវឌ្ឍសួនកសិឧស្សាហកម្ម។ ផ្អែកតាមក្របខ័ណ្ឌនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រូវបានប្រគល់តួនាទី ជាយន្តការច្រកចេញចូលតែមួយ ក្នុងការគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស រួមទាំងសួនកសិឧស្សាហកម្ម ដែល ចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងទទួលការលើកទឹកចិត្តដូចមានចែងក្នុងច្បាប់ ស្តីពីវិនិយោគនៃព្រះរាជា ណាចក្រកម្ពុជា៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia