ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិក នៅទីក្រុងវៀងចន្ទន៍
ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលចូលរួម កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិក (16th ASEAN Health Ministers Meeting and Related Meetings : ASEAN-U.S.) ដែលមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសទីម័រឡេស្តេ ជាមួយសហរដ្ឋអាមេរិក។

កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសុខាភិបាលអាស៊ានសហរដ្ឋអាមេរិកធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពសម្រាប់ប្រជាជាតិសហគមន៍អាស៊ាន និងសហរដ្ឋអាមេរិក រួមទាំងការត្រៀមលក្ខណៈក្នុងការឆ្លើយតបជំងឺរាតត្បាត លើកកម្ពស់សមភាពនៃការទទួលបានសេវាសុខភាព ការឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ការប្រែប្រួលអាកាសធាតុ និងដើម្បីគាំទ្រដល់ការចែករំលែកចំណេះដឹង និងការអភិវឌ្ឍជំនាញដើម្បីដោះស្រាយឧបសគ្គនាពេលអនាគត។

ក្នុងបទអន្តរាគមន៍ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងអំពីភាពជាដៃគូអាស៊ាន-អាមេរិក ដែលពិតជាបានបង្ហាញឱ្យឃើញនូវគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបានក្នុងការដោះស្រាយបញ្ហាប្រឈមបញ្ហាសុខភាពរួមគ្នា ដោយផ្តោតលើគំនិតផ្តួចផ្តើមសំខាន់ៗ ក្រោមគោលដៅចម្បងនៃការពង្រឹងប្រព័ន្ធសុខាភិបាលសម្រាប់ឆ្លើយតបនឹងគ្រោះអាសន្នសុខភាពសាធារណៈ ការពង្រឹងសមត្ថភាពក្នុងការឆ្លើយតបទៅនឹងវិបត្តិសុខភាព ដើម្បីកសាងអនាគតដែលមានសុខភាពល្អ និងមានភាពធន់ជាងមុនសម្រាប់ប្រជាជនទាំងអស់។

អង្គប្រជុំបានអនុម័តលើផែនការ នៃកិច្ចសហប្រតិបត្តិការសុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិក ដែលផ្តោតលើកិច្ចការអាទិភាពមួយចំនួនដូចជា ការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ និងឆ្លើយតបរួមគ្នាវិបត្តិសុខភាព ពង្រឹងកិច្ចសហប្រតិបត្តិការគម្រោងសុខភាពតែមួយ គាំទ្របណ្តាញសុខភាពតែមួយអាស៊ាន និងផែនការសកម្មភាពរួម កិច្ចសហការសុខភាពផ្លូវចិត្ត ការអភិវឌ្ឍគោលនយោបាយ និងអន្តរាគមន៍តាមសហគមន៍ អនុវត្តបច្ចេកវិជ្ជាសុខាភិបាលឌីជីថល ដើម្បីបង្កើនការថែទាំសុខភាព ការកសាងសមត្ថភាពធនធានមនុស្សសុខាភិបាល លើកកម្ពស់សមធម៌សុខភាព និងការទទួលបានការថែទាំ។ តាមរយៈសេចក្តីថ្លែងការណ៍រួមដែលបានឯកភាពគ្នា សហរដ្ឋអាមេរិក នឹងជួយដល់មជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្នសុខភាព និងសង្គ្រោះបន្ទាន់ ក៏ដូចជាប្រព័ន្ធសម្របសម្រួលសុខភាពសាធារណៈអាស៊ាន ដែលនឹងជួយជំរុញការត្រៀមខ្លួនក្នុងតំបន់ ក្នុងការឆ្លើយតបទៅនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈនាពេលអនាគត៕អត្ថបទ រដ្ឋា



-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍