ព័ត៌មាន
ក្រសួងបរិស្ថានគ្រោងបង្កើតថ្នាលបណ្តុះកូនឈើខ្នាតតំបន់នៅខេត្តកំពង់ស្ពឺជាបន្តទៀត
កំពង់ស្ពឺ ៖ នៅក្នុងអំឡុងពេលថ្នាលបណ្ដុះកូនឈើខ្នាតតំបន់ទី១ ដែលមានសមត្ថភាពផលិតកូនឈើ បានជាង១លានដើមក្នុង១ឆ្នាំ នឹងដាក់សម្ពោធបើកការដ្ឋានសាងសង់ និងលេចចេញជារូបរាងនាពេលឆាប់ៗ នៅក្នុងភូមិសាស្រ្តឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូ បានអញ្ជើញចុះសិក្សាការបង្កើតថ្នាលបណ្តុះកូនឈើខ្នាតធំនេះ ជាបន្តទៀតនៅក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ នៅថ្ងៃសុក្រ តី៣០ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា «ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា បន្ថែមលើថ្នាលដែលមន្ទីរបរិស្ថានរាជធានី និងខេត្តនានាទូទាំងប្រទេស តាមរយៈការជំរុញការចូលរួមចំណែកដាំដើមឈើឱ្យបានច្រើន ពីប្រជាពលរដ្ឋកម្ពុជា ដើម្បីកម្ពុជាឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងពង្រីកវិសាលភាពព្រៃឈើឱ្យបាន៦០ភាគរយនៅឆ្នាំ២០៥០»។
បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្រ្តីថ្នាលបណ្តុះកូនឈើខ្នាតតំបន់ទាំងអស់ នឹងត្រូវសាងសង់ចំនួន៥កន្លែង ក្នុងខេត្តចំនួន៥ រួមមានខេត្តត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ កោះកុង និងមណ្ឌលគីរី។ ថ្នាលបណ្តុះកូនឈើខ្នាតតំបន់ដំបូងបំផុតនៅកម្ពុជា នឹងសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ នៅក្នុងខេត្តត្បូងឃ្មុំ ដោយមានសមត្ថភាពផលិតកូនឈើបាន១លាន ២សែនក្នុង១ឆ្នាំ និងជាថ្នាលដែលបានបំពាក់ប្រព័ន្ធស្រោចស្រព ស្វ័យប្រវត្តដើរដោយថាមពលព្រះអាទិត្យ។ នៅក្នុងខេត្តកំពង់ស្ពឺ ក្រសួងបរិស្ថានបានពិនិត្យនិងគ្រោងរៀបចំសាងសង់ថ្នាលបណ្តុះកូនឈើខ្នាតតំបន់បន្ថែម ចំនួន១កន្លែង ដែលអាចមានទំហំ១០ហិចតា នៅក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សូមជម្រាបថា តាមរយៈយុទ្ធនាការ«ពន្លកបៃតង» របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១០ តុលា ឆ្នាំ២០២៣ ពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ «ពន្លកបៃតង» បានប្រារព្ធធ្វើ ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ ដោយបានធ្វើការផ្សព្វផ្សាយ និងចែកកូនឈើសរុបចំនួន១លាន៣សែន ដើម ក្នុងនោះមានកូនត្នោត ចំនួនជាង៣សែនដើម ដែលជាអំណោយរបស់ឯកឧត្តមរដ្ឋមន្រ្តី ជូនសាធារណជនយកទៅដាំ នៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផុសគំនិតឱ្យដាំត្នោតជាជួរ ឱ្យបានច្រើនជាពិសេសនៅតាមតំបន់ខ្សែក្រេវ៉ាត់ព្រំដែន ដើម្បីបង្កើនគម្របបៃតង និងរបងដ៏រឹងមាំសម្រាប់ការពារមាតុភូមិកម្ពុជា៕








-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប