ព័ត៌មាន
កំណើនវិស័យទេសចរណ៍ និងវិស័យចម្បងៗរបស់កម្ពុជាកំពុងគាំទ្រសេដ្ឋកិច្ចជាតិឱ្យងើបឡើងវិញ
វិស័យចម្បងៗនៅក្នុងសកម្មភាពសេដ្ឋកិច្ច បានកើនឡើងវិញក្នុងល្បឿនខុសៗគ្នា ដោយបានជំរុញឱ្យសេដ្ឋកិច្ចរបស់កម្ពុជាបន្តងើបឡើងវិញជាបន្តៗ ក្នុងនោះមានវិស័យទេសចរណ៍កំពុងបន្តងើបឡើងវិញ ខណៈវិស័យសំណង់ និងអចលនទ្រព្យ នៅមានកំណើនតិចតួចនៅឡើយ។
ធនាគារជាតិនៃកម្ពុជា បានបង្ហាញរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ ក្នុងនោះសម្រាប់ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤នេះ ក្នុងនោះវិស័យកម្មន្តសាលត្រូវបានប៉ាន់ស្មានថាមានកំណើន ៧,៣% ដែលគាំទ្រជាចម្បងដោយផលិតផលកម្មន្តសាលសម្រាប់ការនាំចេញ (កើន ៧,៧%) ក្នុងនោះផលិតផលកាត់ដេរ សម្រាប់នាំចេញ កើន ១៧% ខណៈដែលផលិតផលមិនមែនកាត់ដេរថយ-៨%។ ចំណែកឯផលិតផលកម្មន្តសាលសម្រាប់បម្រើទីផ្សារក្នុងស្រុក មានកំណើន ៦,៤%។
ចំណែកវិស័យសេវាកម្មក្នុងរយៈនេះ វិស័យទេសចរណ៍បន្តទទួលបានកំណើនល្អ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនទាំងភ្ញៀវអន្តរជាតិ និងទេសចរក្នុងស្រុក។ ភាពប្រសើរឡើងនៃសេដ្ឋកិច្ចក្នុងតំបន់ និងសកល រួមជាមួយការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងអាកាសយានដ្ឋាន អន្តរជាតិ គួបផ្សំនឹងការតភ្ជាប់ជើងហោះហើរត្រង់ជាមួយនឹងប្រទេសនានា បានរួមចំណែកទាក់ទាញភ្ញៀវអន្តរជាតិឱ្យកើនដល់ប្រមាណ ៣,១ លាននាក់ (កើន ២១,២%) ទាបជាងកម្រិតគ្រាដូចគ្នាមុនវិបត្តិកូវីដ-១៩បន្តិច ដោយក្នុងនោះ ភ្ញៀវថៃបន្តឈរនៅ លំដាប់ទី១ នៃភ្ញៀវអន្តរជាតិដែលមកកម្សាន្តនៅប្រទេសកម្ពុជា (សមាមាត្រ ៣០%), វៀតណាម (២០%) និងចិន (១២%)។
យ៉ាងណាមិញ ភ្ញៀវអន្តរជាតិដែលចូលមកតាមផ្លូវអាកាស មានប្រមាណ ៣៨% នៃភ្ញៀវអន្តរជាតិសរុប (៧០% គ្រាដូចគ្នា ឆ្នាំ២០១៩) និង ៦២% តាមផ្លូវគោក និងផ្លូវទឹក (៣០% គ្រាដូចគ្នាឆ្នាំ២០១៩)។ ទន្ទឹមនេះ ទេសចរក្នុងស្រុកបន្ដកើនដល់ប្រមាណ ៩,៧ លាននាក់ (កើន ៦,៧%) ក្នុងនោះតំបន់ឆ្នេរបន្តទទួលទេសចរច្រើនជាងគេ មានសមាមាត្រប្រមាណ ៥១% នៃទេសចរក្នុងស្រុកសរុប ខណៈរាជធានីភ្នំពេញឈរនៅលំដាប់ទី២ (២២%) ខេត្តសៀមរាប ឈរនៅលំដាប់ទី៣ (១៥%) និងតំបន់អេកូ ទេសចរឈក្នុងលំដាប់ទី ៤ មាន (៣%)។ ចំណូលនៃវិស័យទេសចរណ៍អន្តរជាតិ ត្រូវបានប៉ាន់ស្មានថា ទទួលបានប្រមាណ ១,៧ ប៊ីលានដុល្លារអាមេរិក ដែលបានកើនឡើង ៧% ធៀបនឹងឆមាសដូចគ្នាឆ្នាំមុន ។
ចំពោះវិស័យកសិកម្ម៖ វិស័យកសិកម្មបន្តមានវឌ្ឍនភាពល្អ ដែលជាចម្បងគាំទ្រដោយផលស្រូវរដូវប្រាំង បានកើនឡើង ២១% ធៀបនឹងគ្រោះដូចគ្នាឆ្នាំមុន ដល់ ៣,៨ លានតោន ដោយសារភាពអំណោយផលនៃទីផ្សារ។ យ៉ាងណាមិញផ្ទៃដីដាំដុះស្រូវរដូវវស្សា បានថមថយបន្តិច -០,៦% មក ១,៧ លានហិកតា ដែលជាចម្បងបណ្ដាលមកពីការអូសបន្លាយនៃភ្លៀងធ្លាក់នៅដើមរដូវវស្សា។
ផលកៅស៊ូបន្តទទួលបានកំណើនទាបប្រមាណ ១% ដល់ជាង ១៤០ ពាន់តោន ដែលអាចបណ្តាលមកពីកត្តាអាកាសធាតុ ខណៈតម្លៃ កៅស៊ូក្នុងមួយតោនជាមធ្យម បានងើបឡើងចាប់ពីដើមឆ្នាំ២០២៤ ដល់ ១ ៥០២ ដុល្លារអាមេរិក ក្នុងមួយតោន ដែលបានកើន ១១,៧% ដោយសារកំណើនតម្រូវការខាងក្រៅ។
ដោយឡែក វិស័យសំណង់ វិស័យនេះត្រូវបានប៉ាន់ស្មានថា មានកំណើនទាបដែលគាំទ្រដោយគម្រោងអភិវឌ្ឍន៍សាធារណៈសំខាន់ៗដូចជា ផ្លូវ ស្ពាន និងអាកាសយានដ្ឋាន។ ការនាំចូលសម្ភារ និងបរិក្ខារសំណង់បន្តកើនឡើងគួរឱ្យកត់ សម្គាល់ ២២,១% ធៀបនឹង កំណើន ០,៤%នៅគ្រាដូចគ្នាឆ្នាំមុន។ តម្លៃគម្រោងសំណង់ទទួលបានការអនុម័តបានថយចុះ -២៣%“ ដែលក្នុងនោះសំណង់លំនៅឋាន (សមាមាត្រ ៤៦,៦%) ត្រូវបានប៉ាន់ស្មានថាថយចុះ -១៤,៩% និងសំណង់ផ្សេងៗ(៤៤,៧%) ថយចុះ -៣២,៩% ខណៈដែលសំណង់សាធារណៈ (៨,៧%) កើន ២,៧%៕
អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន6 days ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន4 days ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន4 days ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន1 week ago
មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស
-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី១ នៅវត្តបទុមវតី
-
ព័ត៌មាន1 week ago
ការចរចាប្រាក់ឈ្នួលកម្មករ ភាគីនិយោជករក្សាគោលជំហរដដែល ខណៈភាគីសហជីពស្នើសុំតម្លើង១០ដុល្លារបន្ថែម
-
ព័ត៌មាន4 days ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
ប្រធានក្រុមការងារចុះជួយឃុំទួលសាលា អំពាវនាវពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ស្វែងរកសន្តិភាពជូនប្រទេសជាតិ ជុំវិញជម្លោះព្រំដែន