ព័ត៌មាន
កម្ពុជា ស្នើសុំភាគីចិន បង្កើនការនាំចូលពីប្រទេសកម្ពុជា ខណៈទំហំនាំចេញទៅចិន នៅតូច
ភ្នំពេញ ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Wei Tao អភិបាលនៃតំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន និងបានស្នើសុំភាគីចិន បង្កើនការនាំចូលពីប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ខណៈ ទំហំ នៃការនាំចេញរបស់កម្ពុជាមកកាន់ប្រទេសចិន នៅមានចំណែកតូចនៅឡើយ។ ការស្នើសុំនេះធ្វើឡើងនៅ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ ក្នុងឱកាស ឯកឧត្ដម អញ្ជើញចូលរួម ពិធីសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី២២ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្ដម វង្សី វិស្សុត បានបង្ហាញនូវក្តីរីករាយចំពោះកំណើន នៃទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលបានបន្តឡើងដល់ប្រមាណជាង ១៥ ១៨៩ លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០២៤ កន្លងទៅ ដោយក្នុងនោះ ទំហំពាណិជ្ជកម្មរវាងតំបន់ស្វយ័តក្វាងស៊ី និងកម្ពុជា មានទំហំរហូតដល់ប្រមាណ ១ពាន់លានដុល្លារអាមេរិក។ ឯកឧត្តមបានបន្តថា ទោះបីយ៉ាងណាក៏ដោយ ទំហំ នៃការនាំចេញរបស់កម្ពុជាមកកាន់ប្រទេសចិន នៅមានចំណែកតូចនៅឡើយ បើធៀបនឹងការនាំចេញរបស់ចិនទៅកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តមបានស្នើសុំភាគីចិន បង្កើនការនាំចូលពីប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន ពិសេសលើកសិផលរបស់កម្ពុជា និងបង្កើនការវិនិយោគលើវិស័យសក្តានុពលសំខាន់ៗមួយចំនួនក្នុងប្រទេសកម្ពុជា ដូចជាផលិតកម្មដំណាំស្វាយចន្ទី ដំណាំដំឡូងមី ផលិតកម្មចំណីសត្វ និងផលិតផលសាច់ ត្រី និងម្ហូបអាហារជាដើម។ល។ ដើម្បីបម្រើឱ្យតម្រូវការទីផ្សារក្នុងស្រុកផង និងនាំចេញមកប្រទេសចិនផងដែរ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ និង ឯកឧត្តមអភិបាល ក៏បានផ្លាស់ប្តូរយោបល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និយាយជារួម និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់ស្វយ័តក្វាងស៊ី និយាយដោយឡែក ឱ្យចេញជាលទ្ធផលផ្លែផ្កាជាក់ស្តែង។ ភាគីទាំងពីរក៏បានពិភាក្សា និងជំរុញការអនុវត្តក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ និងគម្រោងដែលមានស្រាប់មួយចំនួនដូចជា ការបង្កើតសួនឧស្សាហកម្មកម្ពុជា-ចិន នៅក្នុងក្របខ័ណ្ឌ នៃរបៀងអភិវឌ្ឍឧស្សាហកម្ម, ច្រករបៀបឧស្សាហកម្ម និងបច្ចេកវិទ្យា, ច្រករបៀងមច្ឆា និងអង្ករ, ការអភិវឌ្ឍវិស័យថាមពល, បច្ចេកវិទ្យាឌីជីថល ជាពិសេស AI, ការអភិវឌ្ឍជំនាញ, សុខាភិបាល និងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងការជំរុញភ្ញៀវទេសចរពីតំបន់ស្វយ័តក្វាងស៊ីឱ្យមកទស្សនាកម្ពុជាឱ្យបានច្រើន ដោយគ្មានបញ្ហាខាងសន្តិសុខ ក្នុងខណៈដែលកម្ពុជាទើបបានបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មីចំនួន២ គឺអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នៅខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិតេជោ នៅភ្នំពេញ ដែលមាន
ស្តង់ដាកម្រិតខ្ពស់។
គួរបញ្ជាក់ដែរថា ក្រៅពីជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋាភិបាលចិន និងថ្នាក់ដឹកនាំតំបន់ស្វយ័តក្វាងស៊ី ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានទៅទស្សនកិច្ចមជ្ឈមណ្ឌល CHINA-ASEAN Artificial Intelligence Collaborative Innovation និងទទួលជួបពិភាក្សាការងារជាមួយវិស័យឯកជនចិន ដើម្បីពិភាក្សាអំពីឱកាស នៃការវិនិយោគក្នុងវិស័យថ្មីៗ និងភាពជាដៃគូក្នុងវិស័យអាទិភាពមួយចំនួន ដើម្បីធ្វើពិពិធកម្មមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជា ដើម្បីបង្កើនការនាំចេញផលិតផលកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានកាន់តែច្រើន តាមរយៈគម្រោងវិនិយោគរបស់ចិនផងដែរ៕









-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ