ព័ត៌មាន
រដ្ឋមន្ត្រីសុខាភិបាល ស្នើដៃគូអភិវឌ្ឍន៍បន្តជួយកម្មវិធីជាតិកំចាត់រោគរបេង ក្នុងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង
ភ្នំពេញ ÷ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើឱ្យដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តជួយកម្មវិធីជាតិកំចាត់រោគរបេង ក្នុងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង ស្របតាមផែនការយុទ្ធសាស្ត្រជាតិបញ្ចប់ជំងឺរបេងនៅកម្ពុជា ឆ្នាំ២០២១-២០៣០។
ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះ ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក ដឹកនាំដោយលោកវេជ្ជបណ្ឌិត Kosuke Okada ប្រធានប្រតិភូ, នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក និងវិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន ដែលបានរួមគ្នាធ្វើការចុះអង្កេតស្រាវជ្រាវប្រេវ៉ាឡង់ជំងឺបេងលើកទី៣នៅកម្ពុជា ដោយសហការជាមួយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងផ្នែកពាក់ព័ន្ធនាពេល១ឆ្នាំកន្លងមក។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ថា ការស្រាវជ្រាវប្រេវ៉ាឡង់នៃជំងឺរបេង ពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បី៖
១.ប៉ាន់ស្មានអត្រាប្រេវ៉ាឡង់នៃជំងឺរបេងសួតវិជ្ជមានបាក់តេរី (PTB) ក្នុងចំណោមប្រជាជនក្នុងប្រទេសកម្ពុជាដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅក្នុងឆ្នាំ២០២៣
២.វាយតម្លៃនិន្នាការនៃអត្រាប្រេវ៉ាឡង់នៃជំងឺរបេងសួតវិជ្ជមាន (PTB) ដោយប្រៀបធៀបជាមួយនឹងលទ្ធផលនៃការស្រាវជ្រាវពីមុនក្នុងឆ្នាំ២០០២ និង២០១១
៣.រួមចំណែកក្នុងការប៉ាន់ប្រមាណឡើងវិញ នូវអត្រាកើតថ្មីនៃជំងឺរបេងនៅទូទាំងប្រទេស និងអត្រាមរណៈភាពបណ្តាលមកពីជំងឺរបេងគ្រប់វ័យ។
លោកវេជ្ជបណ្ឌិត Ikushi Onozaki តំណាងក្រុមការងារស្រាវជ្រាវ បានជម្រាបជូនថា បើប្រៀបធៀបជាមួយនឹងនៃការស្រាវជ្រាវអត្រាប្រេវ៉ាឡង់ចុងក្រោយក្នុងឆ្នាំ២០១១ លទ្ធផលលើកទី៣នេះបង្ហាញថាមានការថយចុះគួរឱ្យកត់សម្គាល់នៃប្រេវ៉ាឡង់ជំងឺរបេងក្នុងរយៈពេល១២ឆ្នាំកន្លងមក ដែលមានចំនួនធ្លាក់ចុះប្រហែល៥០% ឬស្មើនឹង ៥-៦% ក្នុងមួយឆ្នាំ។ ការកាត់បន្ថយយ៉ាងខ្លាំងបែបនេះ គឺជាសក្ខីភាពមួយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្មវិធីជាតិកំចាត់រោគរបេង និងការប្តេជ្ញាចិត្តផ្នែកនយោបាយក្នុងអំឡុងពេលកន្លងមកនេះ។
ទោះបីជាកម្ពុជាមានអត្រាបន្ទុកជំងឺរបេងថយចុះច្រើនជាងគេ បើប្រធៀបនឹងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ ប៉ុន្តែជំងឺរបេងនៅតែជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈក្នុងប្រទេសកម្ពុជានៅឡើយ ដូចជាជំងឺរបេងក្នុងចំណោមអ្នកជំងឺអេដស៍ ទឹកនោមផ្អែម ជំងឺកង្វះអាហារូបត្ថម្ភ និងអ្នកជក់បារីជាដើមហើយយើងនៅមានកិច្ចការដែលត្រូវធ្វើ ដើម្បីដោះស្រាយបន្ទុកដែលនៅសេសសល់ទាំងនេះ។ ដើម្បីឈានទៅសម្រេចបានមហិច្ឆិតាខាងលើ តម្រូវឱ្យមានការវិនិយោគ និងការរៀបចំផែនការយ៉ាងប្រុងប្រយ័ត្នដើម្បីកំណត់អាទិភាពជាយុទ្ធសាស្ត្រ។ ដូច្នេះហើយ ភ័ស្តុតាង និងលទ្ធផលនៃការស្រាវជ្រាវអត្រាប្រេវ៉ាឡង់នឹងដើរតួយ៉ាងសំខាន់ក្នុងផែនការកំចាត់រោគរបេងនេះ។
លោកវេជ្ជបណ្ឌិត Ikushi Onozaki បានបញ្ជាក់បន្ថែមថា អង្គការសុខភាពពិភពលោកនឹងប្រើប្រាស់លទ្ធផលដែលបានមកពីការស្រាវជ្រាវអត្រាប្រេវ៉ាឡង់ជំងឺរបេងថ្នាក់ជាតិលើកទី៣ របស់ប្រទេសកម្ពុជា ដើម្បីប៉ាន់ប្រមាណឡើងវិញនូវអត្រាកើតជំងឺរបេង និងអត្រាស្លាប់។ ដោយផ្អែកលើទិន្នន័យអត្រាប្រេវ៉ាឡង់នេះ យើងរំពឹងថាការប៉ាន់ប្រមាណអត្រាឈឺ នឹងមានការថយចុះខ្លាំងជាងការប៉ាន់ស្មានបច្ចុប្បន្ន។ ការប៉ាន់ស្មានចុងក្រោយនឹងមានផ្សព្វផ្សាយជាសាធារណៈនៅក្នុងរបាយការណ៍ជំងឺរបេងសកលរបស់អង្គការសុខភាពពិភពលោកឆ្នាំ២០២៥ (បោះពុម្ពនៅខែតុលា ឆ្នាំ២០២៥)។ របាយការណ៍ថ្មីនៃជំងឺរបេងសកលប្រចាំឆ្នាំ២០២៤ របស់អង្គការសុខភាពពិភពលោក នឹងត្រូវបានបោះពុម្ពនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ឆាប់ៗនេះ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ក្រុមការងារស្រាវជ្រាវ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការស្រាវជ្រាវយ៉ាងល្អិតល្អន់ និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ដែលទទួលស្គាល់ដោយអង្គការសុខភាពលោក។ លទ្ធផលនេះ អាចជួយក្រសួងសុខាភិបាល ក្នុងការធ្វើផែនការជាក់លាក់ សម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការអប់រំសុខភាពបង្ការការចម្លងមេរោគរបេង។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើឱ្យដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តជួយកម្មវិធីជាតិកំចាត់រោគរបេង ក្នុងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង ស្របតាមផែនការយុទ្ធសាស្ត្រជាតិបញ្ចប់ជំងឺរបេងនៅកម្ពុជា ឆ្នាំ២០២១-២០៣០ ក៏ដូចជារួមចំណែកជួយដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្រប ដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្លាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ រដ្ឋា













-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ
-
ព័ត៌មាន1 week agoក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣១