Connect with us

កីឡា

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB

ការប្រកួតបើកឆាកពូល B នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន(Hun Sen Cup) លើកទី២០ ឆ្នាំ២០២៦/២៧ (ថ្នាក់ខេត្ត) បានបញ្ចប់ជាមួយលទ្ធផលដ៏ស្វិតស្វាញ ដោយក្រុមបាល់ទាត់ខេត្តឧត្ដរមានជ័យ បានត្រឹមស្មើក្រុមភ្ញៀវខេត្តបន្ទាយមានជ័យ ១-១ គ្រាដែលសមាគមកីឡាបាល់ខេត្តកណ្ដាល រកបាន ៣ពិន្ទុ ក្រោយយកឈ្នះទាំងប្រផិតប្រផើយ លើក្រុមម្ចាស់ផ្ទះ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ៣-២។

ជំនួបដ៏ជក់ចិត្តកាលពីល្ងាចថ្ងៃទី២២ ខែកក្កដា នៅទីលានវិទ្យាល័យ តេជោ សែន សំរោង កីឡាករ រឿត រក្សា បានធ្វើឲ្យភ្លាត់ចូលទីខ្លួនឯង(Own Goal) ជួយឲ្យក្រុមម្ចាស់ផ្ទះខេត្តឧត្តរមានជ័យ បើកការនាំមុខ ១គ្រាប់មុន នៅនាទី១៤ មុនកីឡាករ វុធ ដេវិត រកគ្រាប់តាមស្មើឲ្យខេត្តបន្ទាយមានជ័យវិញ នៅនាទី៣៩ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ក្រោយការព្យាយាមសម្រុកគ្នាទៅវិញទៅមក តែគ្មានការស៊ុតបញ្ចូលទីគ្នាបន្ថែម។

ចំណែកការប្រកួតនៅកីឡដ្ឋានខេត្តកំពង់ស្ពឺវិញ កីឡាករ ព្រីន យ៉ាង បានរកគ្រាប់នាំមុខឲ្យម្ចាស់ផ្ទះ ១គ្រាប់មុន នៅនាទី១៩ ។ បន្ទាប់មកសមាគមបាល់ទាត់ខេត្តកណ្ដាល បានព្យាយាមវាយបក រហូតរកបាន ៣គ្រាប់ជាបន្ដបន្ទាប់ ដោយកីឡាករ បៀន គឹមឡាយ នៅនាទី៣១ និងមិត្ដរួមក្រុម អឿន និតសត្យា រកបាន ២គ្រាប់ម្នាក់ឯង នៅនាទី៥៤ និងនាទី៥៩ ដែលជួយឲ្យក្រុមទទួលបានជ័យជម្នះ ក្រោយក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ខំប្រឹងវាយបករកបាន ១គ្រាប់ទៀតប៉ុណ្ណោះ ដោយកីឡាករ ណុប សុជានុ នៅនាទី៨១។

ក្រោយជំនួបដំបូងក្នុងពូលB នេះ នាំឲ្យក្រុមសមាគមកីឡាបាល់ខេត្តកណ្ដាល ឈរកំពូលតារាងបណ្ដោះអាសន្ន ដោយរកបាន ៣ពិន្ទុពេញ គ្រាដែលក្រុមបាល់ទាត់ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ឈរលេខ២ និងលេខ៣ រកបាន ១ពិន្ទុស្មើគ្នា លើក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ដែលមិនទាន់មានពិន្ទុនៅឡើយ។ យ៉ាងណាក្រុមនីមួយៗ សុទ្ធតែនៅមានឱកាស ដ្បិតក្រុមនីមួយៗ ត្រូវធ្វើការប្រកួតសន្សំពិន្ទុ ២ជុំក្នុងពូល ដើម្បីកំណត់បេក្ខភាពឡើងវគ្គបន្ដ៕អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia