ព័ត៌មាន
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចនៅប្រទេសចិន
នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចាកចេញពីមាតុប្រទេស ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើង ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ស្របតាមស្មារតីនៃចំណងមិត្តភាព និងមេត្រីភាពជាប្រពៃណី មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដោយយកប្រជាជនជាស្នូល សំដៅនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនប្រទេសជាតិ និងប្រជាជនទាំងពីរ។
គណៈប្រតិភូនឹងអញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង និងក្រុងសៀងហៃ។ តាមគម្រោង សម្តេចរដ្ឋសភាធិការធិបតី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិន ជួបសម្តែង ការគួរសមជាមួយ ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈិន ជីនីង (H.E. Mr. Chen Jining) លេខាធិការនៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃ។
ប្រធានរដ្ឋសភានៃប្រទេសទាំងពីរ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរ និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទាំងពីរផងដែរ។
អំឡុងពេលទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងអញ្ជើញ ទស្សនាតំបន់វប្បធម៌ ទេសចរណ៍ និងឧស្សាហកម្មសំខាន់ៗ ទាំងនៅទីក្រុងប៉េកាំង និងក្រុងសៀងហៃ ដែលជាផ្នែកមួយសំខាន់នៃការភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន ជាគ្រឹះនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យដូចជាវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ និងបច្ចេកវិទ្យា ជាដើម។
សាធារណរដ្ឋប្រជាមានិតចិន ជាប្រទេសទី៥ ដែលសម្តេចប្រធានរដ្ឋសភាបានបំពេញទស្សនកិច្ចផ្លូវការ ក្នុងនីតិកាលទី៧នេះ។ សម្តេចប្រធានរដ្ឋសភា បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ឡាវ ថៃ និងប្រទេសបារាំង។
រដ្ឋសភានីតិកាលទី៧ បានបំពេញការងារការទូតសភាយ៉ាងសកម្ម ដោយបានខិតខំពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្ត ស្របតាមគោលការណ៍ «រក្សាចាស់ បង្កើតថ្មី»។
ការទូតសភាដើរតួនាទីកាន់តែសំខាន់ខ្លាំងឡើង នៅក្នុងកិច្ចការពារអធិបតេយ្យ ឯករាជ្យជាតិ និងការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជាការរួមចំណែកពង្រឹងគោលការណ៍ពហុនិយម លើកកម្ពស់វប្បធម៌សន្ទនា ដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់ និងពិភពលោក ក្នុងបរិបទកំពុងប្រឈមការប្រែប្រួលមិនទៀងទាត់ និងឆាប់រហ័ស ការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ និងសន្តិសុខមិនមែនប្រពៃណី ដូចជាជំងឺឆ្លង និងការប្រែប្រួលអាកាសធាតុជាដើម ៕





-
ព័ត៌មាន3 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន5 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន6 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន5 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន6 days agoកម្ពុជាបានកំណត់មាគ៌ាជាតិ “អព្យាក្រឹតភាពប្រកបដោយបរិយាបន្ន និងកំណើនជាក់ស្ដែងសម្រាប់អធិបតេយ្យភាពឌីជីថល”
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍
-
ព័ត៌មាន1 week agoក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជាបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ចំនួន ៦៤៥គ្រួសារ
-
ព័ត៌មាន1 week agoក្រសួងធម្មការ និងសាសនា បន្តផ្សព្វផ្សាយ «នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម» លើកទី៣៣១